សិស្សវិទ្យាល័យជប៉ុនយកឈ្នះការប្រកួតច្នៃប្រឌិតផលិតផល “ម៉ាស៊ីនកាត់នំជាចំណែកស្មើគ្នា”
សិស្សវិទ្យាល័យជប៉ុនយកឈ្នះការប្រកួតប្រជែងច្នៃប្រឌិតផលិតផល “ម៉ាស៊ីនកាត់នំជាចំណែកស្មើគ្នា” ។ ចាប់ពីពេលនេះទៅលែងមានករណីដណ្តើមនំមួយដុំចុងក្រោយទៀតហើយ។
ដោយមានការបំផុសគំនិតដណ្តើមនំគ្នានៅក្នុងគ្រួសារ សិស្សវិទ្យាល័យមួយក្រុម ៣ នាក់ មកពីខេត្ត Oita បានបង្កើតឧបករណ៍ដែលអាចកាត់នំស្មើៗគ្នា។
ឧបករណ៍នេះប្រើសម្រាប់នំ Pizza និងប្រភេទនំផ្សេងទៀតដែលមានរាងមូល មិនថាអ្នកចង់បែងចែកនំជាប៉ុន្មានចំណែកនោះទេ ម៉ាស៊ីនអាចបែងចែកស្មើៗគ្នា។ ការច្នៃប្រឌិតរបស់ប្អូនៗយកឈ្នះរង្វាន់ខ្ពស់បំផុតក្នុងការប្រកួតប្រចាំខេត្ត Oita នៅឆ្នាំ ២០២១ ។
សិស្សទាំងបីនាក់ជាសមាជិកក្លឹបបច្ចេកវិទ្យាឧស្សាហកម្មនៅវិទ្យាល័យ Kunisaki ខេត្ត Oita ។ ការច្នៃប្រឌិតរបស់ប្អូនៗទាក់ទងនឹងបញ្ហាប្រចាំថ្ងៃ ដូច្នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ឧបករណ៍យកឈ្នះរង្វាន់កំពូលនេះហៅថា “ការចែករំលែកភាពរីករាយ” ត្រូវបានបង្កើតឡើងដោយនិស្សិតឆ្នាំទី ២ រួមមាន Wataru Onoda, Rinto Kimura និង Mitsumi Zaizen ដែលត្រូវបានបំផុសគំនិតដោយការដណ្តើមនំខួបកំណើតនៅក្នុងគ្រួសាររបស់ Wataru Onoda ។
Wataru Onoda ត្រូវយកឈ្នះប្អូនស្រីពីរនាក់តាមរយៈការប៉ាវសុីងស៊ុម ដើម្បីដណ្តើមយកចំណែកនំចុងក្រោយ ព្រោះនំតែងត្រូវកាត់ជា ៨ បំណែក រីឯសមាជិកគ្រួសារមានតែ ៧ នាក់។
ដោយផ្អែកលើគំនិតរបស់ Onoda ក្នុងការបែងចែកនំជាប្រាំពីរចំណែកស្មើៗគ្នា Kimura បានរចនាគំនូរ និងកម្មវិធីកុំព្យូទ័រ ដើម្បីបង្កើតឧបករណ៍យ៉ាងជាក់លាក់។
ដោយសារត្រៀមប្រលងចូលមហាវិទ្យាល័យ Zaizen មិនអាចចូលរួមក្នុងការផលិតជាក់ស្តែង ដូច្នេះនាងយកបទពិសោធឈ្នះរង្វាន់រយៈពេល ២ ឆ្នាំរបស់ខ្លួនដើម្បីធ្វើបទបង្ហាញវីដេអូ។
ក្រោយរយៈពេលសាកល្បង និងកែសម្រួល ២ ខែ ឧបករណ៍បានសម្រេច។ ពេលដាក់នំរាងមូលនៅលើតុ កាំរស្មីឡាស៊ែរនឹងបែងចែកនំជាចំណែកស្មើៗគ្នាតាមចំនួនដែលចង់បាន។
ឧទាហរណ៍សម្រាប់មនុស្សចំនួន ៥ នាក់ ម្នាក់ៗនឹងទទួលបាននំដែលកាត់តាមមុំ ៧២ ដឺក្រេ។ ដំណើរការនេះក៏ធានាបានអនាម័យ ព្រោះគ្មានអ្នកណាប៉ះពាល់អាហារឡើយ។
ក្នុងការវាយតម្លៃរបស់គណៈកម្មាធិការកាលពីខែតុលា ឆ្នាំ ២០២១ ការបង្កើតឧបករណ៍នេះត្រូវបានកោតសរសើរ ដោយសារមូលហេតុរួមបញ្ចូលការច្នៃប្រឌិត ដែលអនុញ្ញាតឱ្យអ្នកប្រើកាត់ចំណែកនំស្មើគ្នាទោះមានចំនួនសេសក៏ដោយ។
Kimito Kotani នាយកប្រតិបត្តិនៃវិទ្យាស្ថានច្នែប្រឌិត និងផ្លាស់ប្តូរថ្មីខេត្ត Oita អ្នករៀបចំការប្រកួតបានសរសើរចំពោះស្នាដៃ “ខណៈពេលដែលរីករាយនឹងដំណើរការច្នៃប្រឌិត ប្អូនៗក៏បានដោះស្រាយបញ្ហាដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃ” ។
Shinji Matsuda ដែលជាអ្នកណែនាំ និងជាគ្រូហាត់ក្លឹបបានបន្ថែមថាគាត់នឹងបន្តជួយប្អូនៗផ្នែកបច្ចេកទេស។
“ដោយទទួលបានការសរសើរចំពោះការច្នៃប្រឌិតដែលខ្លួនបង្កើតឡើង ចំណុចនេះបង្កើនទំនុកចិត្ត និងផ្តល់ឱ្យប្អូនៗជម្រើសអាជីពបន្ថែមទៀត” ។
Japo Cambodia