ថ្នាក់បណ្តុះបណ្តាល Ninja តាមអនឡាញ

Ninja ដែលត្រូវបានគេស្គាល់ថា Shinobi គឺជាភ្នាក់ងារសម្ងាត់ ទាហានស៊ីឈ្នួលនៅសម័យសក្តិភូមិជប៉ុន។ ពួកគេទទួល​ភារកិច្ច​យកការណ៍សម្ងាត់ បំផ្លិចបំផ្លាញ ឬធ្វើឃាតនៅកន្លែងស្ងាត់យ៉ាងជំនាញ។

យោងតាមកាសែត South China Morning ថ្នាក់បណ្តុះបណ្តាលនៅប្រទេសជប៉ុនត្រូវបានផ្លាស់ប្តូរទៅជាទម្រង់​អនឡាញ បន្ទាប់​ពី​ជំងឺ​រាត​ត្បាត​កូវីដ ១៩ ផ្ទុះឡើងនៅដើមឆ្នាំ ២០២០ ។

Hiroshi Jinkawa គឺជាអ្នកមានវិជ្ជាជ្រៅជ្រះ និងគ្រូបង្រៀន “សិល្បៈ Ninja” ឈានមុខគេម្នាក់នៅប្រទេសជប៉ុន។ លោកប្រកបការងារចែករំលែកជំនាញ ចំណេះដឹង និងរៀបរាប់តំណាលរឿងអ្នកយកការណ៍សម្ងាត់ក្នុងអំឡុងសម័យ​សង្គ្រាម​សក្តិភូមិ។

បន្ទាប់ពីជំងឺកូវីដ ១៩ ផ្ទុះរាតត្បាត ជប៉ុនដាក់កំហិតលើការធ្វើដំណើរ ដូច្នេះលោក Hiroshi Jinkawa បានប្តូរទៅទម្រង់អនឡាញ ដើម្បីណែនាំដល់ពិភពលោកអំពីត្រកូល ninja Fuma នៅទីក្រុងប្រវត្តិសាស្ត្រ Odawara ចម្ងាយពីទីក្រុងតូក្យូប្រមាណ ១ ម៉ោងធ្វើដំណើរតាមរថភ្លើង។

លោក Jinkawa បាននិយាយថាកម្មវិធីបណ្តុះបណ្តាល Ninja អនឡាញមានរយៈពេល ៩០ នាទី ដែលអាចបង្ហាញយ៉ាង​ពេញ​លេញ និងទាក់ទាញអំពី Ninja ។ ទោះជាយ៉ាងណា ប្រសិនបើសិស្សអាចទទួលបានបទពិសោធន៍​នៅប្រាសាទកាន់តែល្អជាងនេះ។

មុនពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើង ថ្នាក់រៀនរបស់ Jinkawa ធ្វើឡើងក្នុងផ្ទះឈើបែបប្រពៃណីមួយនៅខាងក្នុង​សារមន្ទីរ ដោយចាប់ផ្តើមពីជំនាញ​មូលដ្ឋានបំផុតដែល Ninja ត្រូវតែស្ទាតជំនាញ នោះគឺការដកដង្ហើម។

អ្នក​ហាត់​អង្គុយពែនភ្នែន ខ្នង​ត្រង់ បិទ​ភ្នែក ហើយ​ផ្ដោត​លើ​ការ​ដក​ដង្ហើម។ ពួកគេត្រូវស្រូបខ្សល់ចូលរយៈពេល ៤ វិនាទី បន្ទាប់មកដកដង្ហើមចេញរយៈពេល ៦ វិនាទី។

លំហាត់បន្តមកទៀតត្រូវបន្ធូររាងកាយ ប៉ុន្តែត្រូវត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពភ្លាមៗ ពេលប្រឈមមុខនឹង​ស្ថាន​ភាព​ដែលមិននឹកស្មានដល់។

ការប្រើដាវជាជំនាញដ៏សំខាន់បំផុតក្នុងនាមជា Ninja មួយរូប។ លោក Jinkawa បានបង្ហាញសិស្សពីរបៀបកាន់​ដាវ​ឈើ​ដោយ​ដៃ​ទាំង​ពីរ បន្ទាប់មកធ្វើចលនាកាប់យ៉ាងមុតមាំ។

Ninja ច្រើនតែប្រើអាវុធគប់ដូចជាព្រួញ ដាវ ឬអ្វីដែលនៅជិតដៃរបស់ពួកគេ។

សារមន្ទីរកន្លែងដែលលោក Jinkawa បង្រៀនមានកន្លែងសម្រាប់កុមារហាត់ឡើងជញ្ជាំង ក៏ដូចជាការប្រើខ្សែ​ពួរ​លួច​ចូល​កន្លែង​របស់​សត្រូវ។ សិស្សថែមទាំងត្រូវបានណែនាំជំនាញលាក់ខ្លួន ក្លែងបន្លំ ចូលទៅជិតគោលដៅដោយ​ស្ងាត់ៗ។

បន្ទាយប្រវត្តិសាស្ត្រ

សារមន្ទីរ Ninja ដែលស្ថិតនៅក្នុងប្រាសាទបុរាណ Odawara នាំមកនូវទិដ្ឋភាពនៃត្រកូល Ninja Fuma ។ ឧទ្យាននេះ​ប្រៀប​ដូចជាបន្ទាយមួយដែលមានផ្ទៃដីជាង ១០៦ ហិកតា មានទីតាំងនៅកណ្តាលទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Odawara សម័យសក្តិភូមិ។

ផ្លូវមាត់សមុទ្រទាំងអស់ររវាងអតីតរាជធានីនៅក្យូតូ និងមជ្ឈមណ្ឌលអំណាច Edo (ជាទីក្រុងតូក្យូសព្វថ្ងៃ) សុទ្ធ​តែ​ឆ្លង​កាត់​តំបន់​ឆ្ងាយ​ពីបន្ទាយប៉ុន្មានគីឡូម៉ែត្រ។

ត្រកូល Hojo ប្រើអំណាចរបស់ខ្លួនដើម្បីពង្រីកឥទ្ធិពលតំបន់ជាច្រើន ដែលសព្វថ្ងៃគឺ Kanto ។ ដោយដើរតួនាទីយ៉ាង​សំខាន់​ក្នុងដំណើរការនេះគឺត្រកូល Ninja Fuma រស់នៅធម្មតាក្នុងសម័យសន្តិភាព ហើយតែងតែត្រៀមខ្លួនបម្រើ​ស្តេច​ក្រាញ់។

ប្រវត្តិសាស្ត្រជប៉ុនមិនបានកត់ត្រាច្បាស់ថានរណាជាមេដឹកនាំកុលសម្ព័ន្ធ Ninja នេះទេ ប៉ុន្តែឈ្មោះរបស់គាត់ត្រូវគេ​ស្គាល់​ថា Kotaro Fuma មនុស្ស​ម្នាក់​ខ្ពស់ និងរឹងមាំ។

ទោះជាយ៉ាងណាសម័យកាលត្រកូល Hojo បានបញ្ចប់ដោយមិននឹកស្មានដល់ក្នុងឆ្នាំ ១៥៩០ បន្ទាប់ពីស្តេចក្រាញ់ Toyotomi Hideyoshi និងកងទ័ពដ៏ខ្លាំងរបស់ខ្លួនដណ្តើមយកប្រាសាទ។

ក្រោយមកបន្ទាយនោះត្រូវបានបំផ្លាញដោយសាររញ្ជួយដីធំក្នុងឆ្នាំ ១៦៣៣ ។ ឧទ្យានប្រាសាទ Odawara ត្រូវបានលក់ទៅឱ្យរដ្ឋាភិបាល Odawara ។

សព្វថ្ងៃនៅលើកំពូលភ្នំកណ្តាលឧទ្យានប្រាសាទ Odawara មានប្រាសាទពណ៌សដ៏អស្ចារ្យ។ ប៉មនៃប្រាសាទមានកម្ពស់ ២៧ ម៉ែត្រ នៅ​ជាន់​ទី ៥ ជា​មួយ​នឹង​ទិដ្ឋភាពស្រស់ស្អាត អាចមើលឃើញឈូងសមុទ្រ Sagami ភាគខាងត្បូងភ្នំហ្វូជី ដែល​មើល​តាម​ទិសបញ្ច្រាសមកវិញ ភ្ញៀវទេសចរណ៍នឹងទទួលបានបទពិសោធន៍ពិសេសពេលអង្គុយធ្វើសមាធិ។

ដោយមើលឃើញពេលវេលាដ៏រុងរឿងក្នុងប្រវត្តិសាស្ត្រជប៉ុន វិមានប្រាសាទឥឡូវនេះបានក្លាយទៅជាកន្លែងផ្សារភ្ជាប់ជា​មួយ​នឹង​រឿង Ninja ដែលបានកត់ត្រានៅលើទំព័រវីរបុរសនៃប្រវត្តិសាស្រ្តជប៉ុន។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: