ការចិញ្ចឹមសត្វល្អិតនៅជប៉ុនរីកចម្រើនខ្លាំងដោយសារតម្រូវការកើនឡើង
សត្វល្អិតដែលអាចទទួលទានបានគឺជាប្រភពប្រូតេអុីនដ៏សម្បូរបែប ជាមួយនឹងសមាសធាតុសម្បូរបែបមិនចាញ់សាច់គោ ឬសាច់បក្សីផ្សេងទៀតឡើយ។
ប្រសិនបើមិនខ្លាច សត្វល្អិតអាចក្លាយទៅជាម្ហូបដ៏ពិសេស និងឆ្ងាញ់។ បច្ចុប្បន្ននេះឧស្សាហកម្មចិញ្ចឹមសត្វល្អិតកំពុងមានការផ្លាស់ប្តូរថ្មី តម្រូវការសត្វល្អិតកើនដែលទាក់ទាញអាជីវកម្មជាច្រើនចូលរួម។
ចិញ្ចឹមចង្រិតជាគម្រោងថ្មីមួយរបស់ក្រុមហ៊ុន Taiyo Green Energy ដែលមានជំនាញក្នុងការផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងដាំបន្លែនៅក្នុងផ្ទះកញ្ចក់។
ចង្រិតអាចទទួលទានបានដោយសារ Gryllus ដែលជាសហគ្រាសទំនាក់ទំនងជាមួយសាកលវិទ្យាល័យ Tokushima ចិញ្ចឹមនៅ Mima ខេត្ត Tokushima ។ (រូបភាព៖ Akemi Kanda)
ទោះបីជាការចិញ្ចឹមសត្វល្អិតស្តាប់ទៅដូចជាគ្មានជំនាញ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Saitama បានចាប់ផ្តើមចិញ្ចឹមចង្រិតក្នុងឆ្នាំ ២០១៧ ហើយចាប់ផ្តើមលក់នៅលើទីផ្សារឆ្នាំ ២០១៨ ។
Fumihiko Kojin ប្រធានរបស់ Taiyo Green Energy បាននិយាយថា “យើងកំពុងស្វែងរកមធ្យោបាយផលិតប្រភពអាហារប្រកបដោយនិរន្តរភាពនៅប្រទេសជប៉ុន” ។
មូលហេតុដែលអាជីវកម្មជប៉ុនកាន់តែច្រើនចូលរួមទីផ្សារចិញ្ចឹមសត្វល្អិតដែលអាចបរិភោគបាន ដោយសារសត្វល្អិតកំពុងទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនឡើង ជាប្រភពអាហារប្រកបដោយនិរន្តរភាព។
គោលបំណងដំបូងនៃការចិញ្ចឹមសត្វល្អិតដែលអាចបរិភោគបានគឺដើម្បីនាំមកនូវ “អាហារពិសេស” ប៉ុន្តែសព្វថ្ងៃនេះសត្វល្អិតទទួលបានការចាប់អារម្មណ៍ព្រោះតែឥទ្ធិពលវិជ្ជមានលើបរិស្ថាន។ លើសពីនេះការចិញ្ចឹមសត្វល្អិតចំណាយប្រាក់តិចជាងឧស្សាហកម្មចិញ្ចឹមសត្វដទៃទៀត។
នេះបើតាម Ryota Mitsuhashi បុគ្គលអភិវឌ្ឍផលិតផលនៃហាងលក់រាយសត្វល្អិតដែលអាចបរិភោគបាន Takeo មានមូលដ្ឋាននៅទីក្រុងតូក្យូ បាននិយាយថាថ្មីៗនេះមានក្រុមហ៊ុនជប៉ុនជាច្រើនចូលរួមអាជីវកម្មចិញ្ចឹមសត្វល្អិត។
“តាមដែលខ្ញុំដឹង យ៉ាងហោចណាស់មានអាជីវកម្មចំនួន ២៦ រួមទាំងអាជីវកម្មដែលគ្រោងនឹងចាប់ផ្តើមចិញ្ចឹម កំពុងប្រតិបត្តិការឧស្សាហកម្មចិញ្ចឹមចង្រិត។ ក្រៅពីនេះអាជីវកម្មមួយចំនួនទៀតក៏ចិញ្ចឹមដង្កូវនាង និងដង្កូវទឹកផងដែរ” ។
Takeo ចូលរួមស្រាវជ្រាវជាមួយសាកលវិទ្យាល័យ Hirosaki ដើម្បីចិញ្ចឹមកណ្តូបចំណាកស្រុកសម្រាប់បរិភោគនៅ Atsugi ខេត្ត Kanagawa ខណៈដែលផ្តល់ស្មៅជាចំណីសម្រាប់សត្វល្អិតនេះ។
Takeo ចាប់ផ្តើមលក់សត្វល្អិតដែលចិញ្ចឹមបាននៅឆ្នាំ ២០១៩ និងផលិតផលសត្វល្អិតពីកសិដ្ឋានចំនួន ៩ នៃអាជីវកម្មដែលមានវត្តមាននៅលើទីផ្សារសព្វថ្ងៃនេះ។
អង្គភាពរបស់គាត់ក៏បានចាប់ផ្តើមចិញ្ចឹមកណ្តូបនៅឆ្នាំ ២០១៩ ហើយចូលរួមកម្មវិធីស្រាវជ្រាវជាមួយសាកលវិទ្យាល័យ Hirosaki នៅឆ្នាំ ២០២០ ។
កូនញាស់របស់ចង្រិត ដង្កូវនាង និង Black soldier fly កំពុងក្លាយជាអាហារលំដាប់ខ្ពស់ក្នុងពេលថ្មីៗនេះ។ ប្រភេទសត្វល្អិតអាចជំនួសសាច់គោសាច់ជ្រូក និងសាច់ផ្សេងៗទៀត។ ដែលប្រភេទសាច់ទាំងនេះត្រូវគេព្យាករណ៍ថានឹងខ្វះខាតនាពេលអនាគត ដោយសារចំនួនប្រជាជនពិភពលោកកើនឡើង។
អត្ថប្រយោជន៍ចម្បងនៃការចិញ្ចឹមសត្វល្អិតដែលអាចបរិភោគបាន គឺវាមានផលប៉ះពាល់តិចតួចបំផុតលើបរិស្ថានជុំវិញ។ សត្វល្អិតអាចត្រូវបានចិញ្ចឹមប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលការប្រើប្រាស់បរិមាណអាហារ ទឹក និងថាមពលតិចជាងការចិញ្ចឹមសត្វដូចជាក្របី គោ និងជ្រូក។ ជាងនេះទៅទៀតបរិមាណប្រូតេអុីនរបស់សត្វល្អិតស្រដៀងទៅនឹងសត្វទូទៅដែរ។
កសិដ្ឋានចិញ្ចឹមចង្រិតនៅក្រុមហ៊ុនថាមពលបៃតង Taiyo នៅ Nihonmatsu ខេត្ត Fukushima ។
ចង្រិតជាសត្វល្អិតមួយប្រភេទដែលត្រូវបានចិញ្ចឹមជាចម្បងនៅជប៉ុន។ កសិករនឹងបង្កកចង្រិតរួចផ្គត់ផ្គង់ដល់អ្នកលក់រាយ ដូច្នេះពួកគេអាចស្ងោរ សម្ងួត និងលក់ជាអាហារសម្រន់។
ក្រុមហ៊ុនផលិតសត្វល្អិតថែមទាំងកែច្នៃគ្រប់ជំហានដោយខ្លួនឯងដូចជាសម្ងួតរហូតដល់កិនជាម្សៅ។
Takahito Watanabe ជំនួយការសាស្រ្តាចារ្យផ្នែកជីវវិទ្យាអភិវឌ្ឍន៍ដែលមានឯកទេសក្នុងការស្រាវជ្រាវចង្រិតនៅសាកលវិទ្យាល័យ Tokushima ក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា Gryllus នៅខេត្ត Tokushima ក្នុងឆ្នាំ ២០១៩ ។
Gryllus ចិញ្ចឹមចង្រិតនៅរោងចក្រធុងសម្លៀកបំពាក់ប្លាស្ទិក ដំណើរការចិញ្ចឹមចង្រិតចំណាយពេលប្រហែល ១ ខែ។
ក្រុមហ៊ុន Gryllus មានប្រព័ន្ធផលិតកម្មរួមបញ្ចូលគ្នាដែលអាចសម្ងួត និងធ្វើទៅជាម្សៅ។
Takahito Watanabe នាយកប្រតិបត្តិនៃក្រុមហ៊ុនចាប់ផ្តើមចិញ្ចឹមចង្រិត Gryllus ហើយជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Tokushima ។
នៅចុងឆ្នាំ ២០២០ Gryllus ក៏កំពុងបង្កើតវិធីសាស្រ្តកសិកម្មដែលផ្តល់អាហារ និងទឹកដោយស្វ័យប្រវត្តិ ធ្វើឱ្យការចិញ្ចឹមចង្រិតមិនសូវចំណាយកម្លាំងពលកម្ម។
កាលពីរដូវក្តៅមុន Gryllus បានជំនួសចំណីចង្រិតទាំងអស់ជាមួយនឹងកន្ទក់ស្រូវសាលី និងសំណល់អាហារក្នុងទឹក។
លោក Watanabe បាននិយាយថា “សត្វល្អិតមិនត្រឹមតែជាអាហារសម្រាប់ភ្ញៀវប៉ុណ្ណោះទេ ហើយក៏ជាប្រភពប្រូតេអុីនថ្មីដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។ ប្រើប្រាស់សំណល់អាហារក្នុងស្រុកធ្វើជាចំណីចិញ្ចឹមមានសារៈសំខាន់ណាស់ ព្រោះវានឹងបង្កើតវដ្ដនៃការប្រើប្រាស់ឡើងវិញ” ។
ស្តង់ដារសុវត្ថិភាពក្នុងឧស្សាហកម្មចិញ្ចឹមសត្វល្អិត
ខណៈពេលដែលការចិញ្ចឹមសត្វល្អិតកាន់តែពេញនិយមនៅប្រទេសជប៉ុន ការរឹតបន្តឹងអនាម័យ និងសុវត្ថិភាពមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។
បច្ចុប្បន្នមន្ត្រី និងអ្នកជំនាញមានការពិបាកក្នុងការចាប់យកទម្រង់អាជីវកម្មថ្មីនេះ ដូចជាកសិករអោយចំណីសត្វល្អិតក្រោមលក្ខខណ្ឌ និងប្រភេទចំណីអ្វី។
ក្រុមការងារមកពីក្រុមប្រឹក្សាភាពជាដៃគូ និងឯកជនក្នុងវិស័យបច្ចេកវិទ្យាអាហារ ដែលបង្កើតឡើងដោយក្រសួងកសិកម្មនៅឆ្នាំ ២០២០ គ្រោងនឹងចាប់ផ្តើមបង្កើតបទប្បញ្ញត្តិសម្រាប់វិស័យកសិកម្មដែលចាប់ផ្តើមដំបូងនេះ។
ច្បាប់ដែលបានដាក់ចេញនឹងដើរតួនាទីណែនាំទាំងវិស័យសាធារណៈ និងឯកជនដែលកំពុងអភិវឌ្ឍក្នុងវិស័យកសិកម្មសត្វល្អិត។ ទោះបីជាការរឹតបន្តឹងនឹងមិនមានកាតព្វកិច្ចផ្នែកច្បាប់ ប៉ុន្តែគោលបំណងជួយអ្នកប្រើប្រាស់មានអារម្មណ៍សុវត្ថិភាពចំពោះវិធានការត្រួតពិនិត្យគុណភាពពេលទទួលទានសត្វល្អិត។
ប្រធានក្រុម Yasuhiro Fujitani ដែលជាបុគ្គលិកជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវបរិស្ថាន កសិកម្ម និងនេសាទខេត្ត Osaka បាននិយាយថា “យើងនឹងធ្វើការធានាការចិញ្ចឹមសត្វល្អិតតាមវិធីសាស្ត្រត្រឹមត្រូវដោយផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ” ។
ក្រុមដែលបានរៀបរាប់ខាងលើរួមមានអ្នកជំនាញក្នុងវិស័យដាំដុះ ចិញ្ចឹម ព្រមទាំងអ្នកជំនាញមកពីសាជីវកម្មទាក់ទងនឹងការដាំដុះ និងអាជីវកម្មសត្វល្អិតផងដែរ។
នាយកដ្ឋានកសិកម្មក៏នឹងធ្វើការផ្ទៀងផ្ទាត់បទបញ្ញត្តិដែលក្រុមស្នើឡើង ដើម្បីពិនិត្យមើលថាតើស្របតាមច្បាប់ដែរទេ។
លោក Yoshiki Matsumoto សាស្ត្រាចារ្យរងផ្នែកវិស្វកម្មសត្វនៅសាកលវិទ្យាល័យ Kagawa ជាសមាជិកម្នាក់ក្នុងក្រុមបាននិយាយថា “វិធានការដើម្បីដោះស្រាយជំងឺឆ្លងលើសត្វល្អិតសំខាន់ណាស់ ដូចជាវិធានការបង្ការដែលធ្វើឡើងក្នុងការចិញ្ចឹមសត្វ” ។
“ការធានាសុវត្ថិភាពប្រភពចំណីរសម្រាប់សត្វល្អិតក៏ជារឿងសំខាន់ផងដែរ។ វប្បធម៌ទទួលទានសត្វល្អិតត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុន ដូច្នេះបទពិសោធន៍ក្នុងវិស័យបែបនេះនឹងមានប្រយោជន៍ខ្លាំងណាស់” ។
AD