អ្នកម្តាយជនជាតិជប៉ុនបង្ហាញស្នាដៃធ្វើ​ប្រអប់​បាយ Bento សម្រាប់​កូន ៣ នាក់

ស្ត្រីជនជាតិជប៉ុនពូកែការងារផ្ទះដូចជាសម្អាត រៀបចំ និងចម្អិនម្ហូប ស្រដៀងនឹងស្រ្តីខ្មែរប្រកាន់ភ្ជាប់ប្រពៃណីជា “ស្ត្រី​​មេផ្ទះ” ដែរ។ ហើយនៅប្រទេសជប៉ុនក៏មានឃ្លា 大和撫子 (Yamato Nadeshiko) ដែល​មាន​អត្ថន័យ​ស្រដៀង​គ្នា។

នៅពេលដែលក្លាយជាម្តាយម្នាក់ ស្រ្តីកាន់តែបង្ហាញពីលក្ខណៈជាស្រ្តីមេផ្ទះ ជាពិសេសរឿងចម្អិនអាហារ។ ដូច្នេះភាគច្រើនស្រី្តជប៉ុនរៀបចំអាហារសម្រាប់សមាជិកគ្រួសារ។

ពេលខ្លះការចម្អិនម្ហូបជាកាតព្វកិច្ច និងតួនាទីរបស់ស្ត្រី (ដែលជួនកាលក្លាយជាបន្ទុកសម្រាប់ស្រ្តី) ។ ទោះ​​ជា​យ៉ាង​ណា​ ភរិយា ឬម្តាយមួយចំនួនបង្កើតភាពរីករាយក្នុងការចម្អិនអាហារ មើលថែទាំគ្រួសារ និងកំសាន្ត​។

Etoni Mama ជាម្តាយជនជាតិជប៉ុនដែលមានកូនបីនាក់ (កូនច្បងអាយុ ១៣ ឆ្នាំ កូនបន្ទាប់អាយុ ១១ ឆ្នាំ និងកូនស្រីពៅអាយុ ៩ ឆ្នាំ) បានចម្អិនម្ហូបដែលមិនត្រឹមតែមានជីវជាតិប៉ុណ្ណោះទេ ថែមទាំងគួរឱ្យចាប់អារម្មណ៍ទៀត​ផង។

ព័ត៌មានតួអង្គ៖ Instagramamazon.co.jp

អ្នកស្រ្តី Etoni Mama ធ្លាប់ធ្វើការឱ្យក្រុមហ៊ុនធំមួយប្រហែល ២០ ឆ្នាំ ប៉ុន្តែគាត់មានអារម្មណ៍ថា ការងារពេញម៉ោងធ្វើឱ្យពិបាកក្នុងការមើលថែទាំកូន។ ដូច្នេះហើយ Etoni Mama យកសញ្ញាបត្រផ្នែកថែទាំកុមារ ហើយបច្ចុប្បន្ន​កំពុង​ធ្វើការក្រៅម៉ោងជាគ្រូបង្រៀនថ្នាក់មត្តេយ្យ។

“ខ្ញុំ​ចាប់​ផ្ដើម​តុបតែង​មុខម្ហូប​ ដើម្បីធ្វើឱ្យកូនស្រីទីពីររបស់​ខ្ញុំចាប់អារម្មណ៍។ ព្រោះកូនមាន​របប​អាហារ​ខ្វះតុល្យភាព” ។

អ្នកស្រ្តី Etoni ឈានដល់កម្រិតកំពូលនៃ kyaraben (រៀបចំប្រអប់បាយ Bento តាមរូបតួអង្គក្នុងរឿង) ។ ក្រោម​ស្នា​ដៃ​ដ៏​ប៉ិន​ប្រសប់​របស់អ្នក​ម្តាយកូន ៣ រូបនេះ តួអង្គល្បីៗដូចជា Woody, Minions, Nemo, … ត្រូវបានរៀបចំយ៉ាងរស់រវើក និងឆ្ងាញ់ផងដែរ។

អ្នកស្រី Etoni Mama ចំណាយពេលប្រហែល ១ ម៉ោងក្នុងការតុបតែងមុខម្ហូប។ ចំណុចនេះបង្ហាញពីជំនាញ និង​បទ​ពិសោធន៍​ដែលគាត់ទទួលបានតាមរយៈការរៀបចំអាហារជាច្រើនឆ្នាំសម្រាប់កូនៗ។ អ្នកស្រី Etoni បាននិយាយថា​រូប​រាង​មុខម្ហូបអាចនឹងពិសេសជាងនេះ ប្រសិនបើគាត់មិនរវល់នឹងសកម្មភាពផ្សេងទៀត។

អ្នកស្រី Etoni ស្វែងរកការបំផុសគំនិតដោយមើលលើគ្រឿងផ្សំ។ គាត់តែងតែបង្កើតគំនិតធ្វើតួអង្គដោយផ្អែកលើអាហារដែលមានស្រាប់។ ដូចជានាងមច្ឆា Mr.Potato Head ក្នុងរឿង Toy Story ចំនួនតួអង្គក្នុងមុខម្ហូបមានច្រើន និងសម្បូរបែប ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺរសជាតិ។

ទោះបីជាម្ហូបរបស់គាត់មានលក្ខណៈពិសេសយ៉ាងណាក៏កូនៗរបស់អ្នកស្រី Etoni ហាក់ដូចជាទម្លាប់ទៅហើយ ដូច្នេះពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការរិះគន់មុខម្ហូបនោះទេ។ ទោះជាយ៉ាងនេះក្តី Etoni នៅតែមានបំណងធ្វើម្ហូបឱ្យកូន​ៗ​​ញ៉ាំ ទាំង​ពេល​ពួកគេធំដឹងក្តីហើយក៏ដោយ។

អាហារដែលរៀបចំដោយស្រ្តីជនជាតិជប៉ុនរូបនេះ មិនត្រឹមតែធ្វើឱ្យកូនរបស់គាត់រំភើបប៉ុណ្ណោះទេ ថែមទាំងជំរុញទឹកចិត្តដល់អ្នកដទៃទៀតផង។ គណនី Instagram របស់គាត់មានអ្នក Follow ជាង ១៨០,០០០ នាក់ ហើយអ្នកស្រី Etoni ក៏បានបោះពុម្ពសៀវភៅបង្រៀនធ្វើម្ហូប ដើម្បីចែករំលែកចំណេះដឹងធ្វើឱ្យម្ហូបធម្មតាទៅជាម្ហូបឆ្ងាញ់។ អ្នក​ស្រី​ជា​គំរូ​ដ៏ល្អ​សម្រាប់​ឪពុកម្តាយជាច្រើនទៀត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: