ករណីបណ្តាញសង្គម TikTok ធ្វើទីផ្សារលួចលាក់លើ Twitter បង្ក​រឿង​អាស្រូវ​នៅ​ជប៉ុន

ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ត្រូវបានធ្វើឡើងតាមការណែនាំពីក្រុមហ៊ុនផលិត ដូច្នេះមិនអាចរួមបញ្ចូលព័ត៌​មាន​អវិជ្ជមាន​ម៉ាកយីហោបានទេ។ 

ស្រដៀងគ្នាទៅនឹងកម្មវិធីទូរទស្សន៍ ជាកន្លែងល្អសម្រាប់អ្នកឧបត្ថម្ភក្នុងការរៀបចំគម្រោងណែនាំផលិតផល មិនត្រឹមតែមិនអាចបង្ហាញព័ត៌មានអវិជ្ជមានប៉ុណ្ណោះទេ សូម្បីតែគុណសម្បត្តិរបស់ផលិតផលក៏ត្រូវបាន​និយាយ​បំផ្លើសផងដែរ។

ប៉ុន្តែព័ត៌មាននៅលើអុីនធឺណេតខុសគ្នា។

ដោយសារ​តែការ​បង្ហោះ​តាម​បណ្តាញ​សង្គម​តំណាង​ឱ្យ​សំឡេង​អ្នក​ប្រើ ដូច្នេះចំពោះអត្ថបទដែលទទួលបានការវាយតម្លៃខ្ពស់ មនុស្សជាច្រើននឹងសន្មត់ថាព័ត៌មាននោះអាចទុកចិត្តបាន។

តាំងពីពេលនោះវិធីសាស្រ្តទីផ្សារដែលប្រើការបង្ហោះតាមបណ្តាញសង្គមកើតមាន ដែលគេហៅថា ステルスマーケティング (Stealth Marketing – ការធ្វើទីផ្សារលួចលាក់៖ ផ្សាយពាណិជ្ជកម្ម ប៉ុន្តែព្យាយាមធ្វើឱ្យអ្នកដទៃមិនដឹងថាមានផ្សាយពាណិជ្ជកម្ម) ។

បុគ្គលមួយចំនួនដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម (Influencer) នឹងទទួលយកសំណើពីម៉ាកយីហោ ដោយសរសេរតាមតម្រូវការ (កម្រិតដែលបានព្រមព្រៀង) ដើម្បីផ្សាយពាណិជ្ជកម្មអោយម៉ាកយីហោ។ ករណីខ្លះម៉ាកយី​ហោ​អនុញ្ញាត​ឱ្យ Influencer តេស្តផលិតផលហើយនិយាយឬសរសេរចេញពីអារម្មណ៍ពិត។ ក្នុងករណីនេះ Influencer មាន​សិទ្ធិ​សរសេរ​ដោយ​សេរី ដូច្នេះក្នុងកម្រិតណាមួយព័ត៌មានអាចត្រូវបានពិគ្រោះ។

ទោះបីជាដូច្នេះក្នុងនាមជាភាគីទទួល Influencer កាត់បន្ថយការបញ្ចេញ​មតិ​អវិជ្ជមាន (មិនថាពួកគេគិតយ៉ាង​ណា) ដូច្នេះ​​ហើយ​​មិន​អាច​និយាយ​ថា​មាន​ទំនុក​ចិត្ត ១០០% នោះ​ទេ។

ហេតុ​នេះវិធីសាស្ត្រខាងលើក៏ត្រូវបានបញ្ចូលទៅក្នុង Stealth Marketing ដែរ ហើយប្រភេទការធ្វើទីផ្សារនេះធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងក្នុងលក្ខខណ្ឌគ្រប់គ្រងព័ត៌មាន។

នៅក្នុងពិភពអុីនធឺណេតសព្វថ្ងៃ ម៉ាកយីហោជាច្រើនប្រើ Stealth Marketing ដើម្បីលក់ផលិតផល ប៉ុន្តែមិនឆ្លាត​វៃ ដូច្នេះ​អ្នក​និយមលេង​អុីនធឺណេត​មើល​ដឹង។ ក្នុង​ចំណោម​នោះមានករណីមួយកើត​ឡើងនៅប្រទេសជប៉ុន។

ប្រតិបត្តិករ TikTok នៅប្រទេសជប៉ុន ដែលជាកម្មវិធីវីដេអូពេញនិយមសម្រាប់យុវវ័យបានបង្ករឿងអាស្រូវនៅ​ពេល​ធ្វើ Stealth Marketing ។ ជាក់ស្តែង Tiktok ជប៉ុនបង់ប្រាក់ឱ្យអ្នកប្រើ Twitter (វេទិកាបណ្តាញសង្គមមួយផ្សេង​ទៀត​ដែលពេញនិយមនៅប្រទេសជប៉ុន) ដើម្បីបង្ហោះវីដេអូ។ ដោយសារតែខ្លឹមសារវីដេអូស្ទើរតែដូចគ្នា ដូច្នេះអ្នក​ប្រើដឹងភ្លាមថាជាការផ្សាយពាណិជ្ជកម្មសម្រាប់ TikTok ទោះបីជាការបង្ហោះមិនបានបញ្ជាក់ក៏​ដោយ។

ប្រសិនបើតាំងពីដំបូងបង្ហាញថានេះជាការផ្សាយពាណិជ្ជកម្ម នោះមិនមានបញ្ហាអ្វីជាមួយវិធីសាស្ត្រនេះទេ ប៉ុន្តែដោយ​សារមិនបានបញ្ជាក់ សហព័ន្ធ​គណៈមេធាវី​ជប៉ុន​បាន​ផ្ញើ​លិខិត​ផ្លូវការ ហើយចង្អុលបង្ហាញថាសកម្មភាពនេះ​បោក​បញ្ឆោតអ្នកប្រើប្រាស់។

អ្នកនាំពាក្យរបស់ ByteDance នៅប្រទេសជប៉ុន (ប្រតិបត្តិការ TikTok) បាននិយាយថា៖

“គោលបំណងរបស់យើងគឺចែករំលែកខ្លឹមសារ ដោយមិនរាប់បញ្ចូលសេវាកម្ម ឬផលិតផល ដូច្នេះមិនចាំបាច់ប្រកាស​​ថា​​នេះ​ជា​ការផ្សាយពាណិជ្ជកម្មទេ។

ទោះជាយ៉ាងណាទាក់ទងនឹងលទ្ធផល មិនអាចបដិសេធការភាន់ច្រឡំសម្រាប់អ្នកប្រើប្រាស់នោះទេ។ នៅពេលអនាគត​យើង​នឹងរៀបចំឱ្យបានហ្មត់ចត់ ដើម្បីការពារកុំឱ្យស្ថានភាពស្រដៀងគ្នានេះកើតឡើង” ។

នេះជាករណីមិនធម្មតា ដែលក្នុងនោះជំនឿទុកចិត្តបណ្តាញសហគមន៍លើការនិយាយតៗគ្នា នៅពេលដែលវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយជ្រើសរើស Stealth Marketing លើវេទិកាបណ្តាញសង្គមមួយផ្សេងទៀត ជាជាងផ្សាយពាណិជ្ជកម្មលក់ផលិតផលដូចធម្មតា។

សរុបទៅព័ត៌មានទាំងអស់នៅលើបណ្តាញសង្គមអាចមានការផ្សាយពាណិជ្ជកម្ម ហើយអ្នកជាអ្នកសម្រេចចិត្តថាតើគួរទុកចិត្តឬអត់។ មុននឹងសម្រេចចិត្តអ្វីមួយបន្ទាប់ពីអានព័ត៌មានលើអុីនធឺណេត យើងសូមលើកទឹកចិត្តឱ្យ​ស្រាវ​ជ្រាវ​ប្រភព​ព័ត៌មានផ្សេងៗគ្នាលើវេទិកាផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: