ការដំឡើងធុងសំរាមបញ្ចេញសម្លេងសរសើរនៅទីក្រុង Kobe ដើម្បីដោះស្រាយបញ្ហាបរិស្ថាន

សម្លេងសរសើរដែលបញ្ចេញមកពីធុងសំរាម “អ្នកល្អណាស់ដែលមិនចោលសំរាម” ។

នេះជាគំនិតផ្តួចផ្តើមរបស់និស្សិតខេត្ត Hyogo ដោយផ្អែកលើទ្រឹស្តីជម្រុញសេដ្ឋកិច្ចអាកប្បកិរិយា។

ការពិសោធន៍ដាក់ធុងសំរាមដែលបញ្ចេញសម្លេងចំនួន ៤ គឺជាផ្នែកមួយនៃគម្រោងសហការរវាងរដ្ឋាភិបាលទីក្រុង Kobe ក្រុមហ៊ុនចម្រុះជាតិសាសន៍ទំនិញប្រើប្រាស់ Procter & Gamble Japan (P&G Japan) និងអ្នកដទៃទៀតដើម្បី​កែលម្អបរិស្ថានក្នុងតំបន់។

សាស្ត្រាចារ្យ Hirofumi Kurokawa នៅសកលវិទ្យាល័យ Hyogo និងនិស្សិតដែលបានបង្កើតគំនិតធុងសំរាមបញ្ចេញសម្លេង

សម្រាប់អ្នកស្រុក Kobe ទីលានទល់មុខស្ថានីយ៍ Hankyu Kobe-sannomiya សង្កាត់ Chuo ជាកន្លែងជួបជុំញឹកញាប់​របស់ប្រជាជននៅទីក្រុង Kobe ។ ប៉ុន្តែនៅទីនេះមានសំរាមច្រើនដូចជាកន្ទុយបារី កំប៉ុង ថង់ស្ករគ្រាប់ដែលអ្នក​ដំណើរ​ឆ្លងកាត់ចោល ដូច្នេះត្រូវសម្អាតឱ្យបានទៀងទាត់។

ដោយ​សារ​តែ​បញ្ហា​នេះ ទីក្រុង Kobe បាន​សហការ​ជាមួយ​ក្រុមហ៊ុន P&G ដើម្បីកែលម្អទីលាន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាបរិស្ថាន។

ក្រុមគម្រោងមួយត្រូវបានបង្កើតឡើងដែលដឹកនាំដោយ Hirofumi Kurokawa អាយុ ៣៤ ឆ្នាំជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Hyogo ដែលកំពុងស្រាវជ្រាវទ្រឹស្តីជម្រុញ។

និស្សិត ១០ នាក់មកពីសាកលវិទ្យាល័យចំនួន ៤ ក្នុងខេត្ត Hyogo ចូលរួមក្រុមស្វែងរកមធ្យោបាយកែលម្អបញ្ហាបរិស្ថាន។ និស្សិតនិយាយថា ប្រសិន​បើ​មនុស្សម្នាក់ត្រូវបានសរសើរដោយសារទង្វើចោលសំរាមត្រឹមត្រូវ ពួកគេនឹងមានអារម្មណ៍ល្អ ហើយទំនងជាបន្តធ្វើដូច្នេះនាពេលអនាគត។

នៅថ្ងៃទី ១៨ ខែមករា ធុងសំរាមទាំង ៤ ដែលធុងនីមួយៗមានទំហំ ៥៥x៥៥ សង់ទីម៉ែត្រ និងកម្ពស់ ១,២ សង់ទីម៉ែត្រ ត្រូវ​បាន​តំឡើង​នៅជ្រុងម្ខាងទីលាន Sankita Amore ។

ធុង​សំរាមមាន​ពណ៌​បៃតង ក្រហម លឿង និង​ខៀវ តំរៀបជាជួរ ហើយផ្នែកខាងមុខដាក់បញ្ចូលគ្នាក្លាយទៅជាពាក្យ “KOBE” ។ ធុងសំរាមពីរសម្រាប់ដាក់សំរាមដែលអាចដុតបាន ហើយ​ពីរ​ទៀត​ប្រើ​សម្រាប់ដាក់​កំប៉ុង និង​ដប​ប្លាស្ទិក។

ចាប់ពីថ្ងៃទី ២៥ ខែមករា ឧបករណ៍ចាប់សញ្ញាដែលដាក់ក្នុងធុងសំរាមជួយកំណត់សំរាមចោលក្នុងធុង ហើយបន្ទាប់​មក​ផ្តល់​ការសរសើរដល់​អ្នក​ដែល​ចោល​សំរាម​ត្រឹមត្រូវ។

ឧទាហរណ៍ដូចជា៖ “អ្នកជា​មនុស្ស​ល្អ​បំផុត” “សូមអរគុណចំពោះការបែងចែកសំរាម” និង “Kobe ស្អាតឡើងវិញហើយ” ។ ពួកវាក៏អាចបញ្ចេញសំឡេងទឹកហូរ និងសំឡេងសត្វបក្សីផងដែរ។

Mafuu Katada អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យ Hyogo ដែលជាប្រធានគម្រោងបង្កើតធុងសំរាម​បាន​និយាយ​ថា “យើងបានជ្រើសរើសការរចនាដែលទាក់ទាញភ្នែក ហើយខិតខំប្រឹងប្រែងធ្វើឱ្យការចោលសំរាមត្រឹម​ត្រូវនាំមកនូវអារម្មណ៍វិជ្ជមាន” ។

ក្រុមគម្រោងក៏នឹងដាក់ស្លាកសញ្ញានៅកន្លែងដែលមនុស្សតែងតែចោលសំរាម ដើម្បីលើកទឹកចិត្តពួកគេចោលសំរាមឱ្យបានត្រឹមត្រូវ “ហេតុអ្វីបានជាអ្នកមិនចោលក្នុងធុងសំរាមដែលមានចម្ងាយ ៧០ ម៉ែត្រ?” ។

ការ​ពិសោធន៍​នេះ​​អនុវត្ត​ចំនួន ៥ ចំណុចដែល​មួយ​ក្នុង​ចំណោម​នោះ​មិន​ដាក់​ស្លាកសញ្ញា គ្រាន់តែបញ្ចេញសម្លេងសរសើរ។ តាមរយៈការវិភាគបរិមាណ និងប្រភេទសំរាមដែលបោះចោល ក្រុមការងារនឹងកំណត់វិធីសាស្ត្រនីមួយៗមានប្រសិទ្ធភាពកម្រិតណា។

ឆ្នាំ ២០១៦ នៅទីក្រុង Kobe ចំនួនធុងសំរាមដែលត្រូវបានដំឡើងកាត់បន្ថយពី ១៨ សល់ ១៣ ធុង។ បញ្ហានេះ​មួយ​ផ្នែក​​មក​ពី​អាកប្បកិរិយា​របស់ប្រជាជន ការបំពានចោលសំរាមប្រើប្រចាំថ្ងៃឬគោលបំណងខុសឆ្គងផ្សេងទៀត។

នាយកដ្ឋានគោលនយោបាយបរិស្ថានទីក្រុង Kobe ផ្តល់យោបល់លើការធ្វើតេស្តធុងសំរាម “យើង​សង្ឃឹម​ថាអ្នករាល់​គ្នា ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​រក​ឃើញ​វិធីចោលសំរាមឱ្យបានត្រឹមត្រូវ” ។

yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: