ព្រឹត្តិការណ៍សំខាន់ៗនៃទំនាក់ទំនងដ៏ស៊ីជម្រៅរវាងរាជវង្សជប៉ុន និងអង់គ្លេសតាំងពី ១៥០ ឆ្នាំមុន
ទំនាក់ទំនងស៊ីជម្រៅរវាងរាជវង្សជប៉ុន និងរាជវង្សអង់គ្លេសមានតាំងពី ១៥០ ឆ្នាំមុន។ ប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធរហូតដល់សង្គ្រាមលោកលើកទីពីរបានធ្វើឱ្យពួកគេក្លាយជាសត្រូវនឹងគ្នា។
សមាជិកគ្រួសាររាជវង្សទាំងសងខាងដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សម្ព័ន្ធភាពជប៉ុន និងអង់គ្លេស បន្ទាប់ពីសង្គ្រាមបានបញ្ចប់រហូតមកដល់សព្វថ្ងៃនេះ។
ចូរយើងក្រឡេកមើលប្រវត្តិទំនាក់ទំនងដ៏ពិសេសនេះ ទំនាក់ទំនងមានឥទ្ធិពលយ៉ាងសំខាន់លើសម្ព័ន្ធភាពអង់គ្លេស និងជប៉ុនថ្មី។
ក្រោយពេលចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសបានបង្ហាញការយកចិត្តទុកដាក់ដែលមិនធ្លាប់មានពីមុនមកលើទំនាក់ទំនងជាមួយជប៉ុន។ អង់គ្លេស និងជប៉ុនគឺជាប្រទេសកោះទាំងពីរដែលគ្រប់គ្រងដោយរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគ្រួសាររាជវង្សទាំងសងខាងបានបង្កើតទំនាក់ទំនងការទូតប្រហែល ១៥០ ឆ្នាំ។
នៅការិយាល័យប័ណ្ណសាររាជវង្សក្នុងវិមាន Windsor ប្រទេសអង់គ្លេស នៅតែរក្សាទុកវត្ថុអនុស្សាវរីយ៍ដែលបង្ហាញពីទំនាក់ទំនងពិសេសរវាងគ្រួសាររាជវង្សទាំងពីររួមមាន៖
- សេចក្តីព្រាងទូរលេខរបស់ស្តេច George ផ្ញើអធិរាជ Hirohito អបអរសាទរខួបលើកទី ២៦០០ ឆ្នាំនៃទិវាជាតិប្រទេសជប៉ុននៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ១៩៤០ និងសំបុត្រឆ្លើយតបរបស់អធិរាជទៅកាន់ស្តេចនៅថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ១៩៤០ ។
- សេចក្តីព្រាងទូរលេខរបស់ស្តេច George ទៅកាន់ព្រះចៅអធិរាជ Hirohito ចែករំលែកទុក្ខចំពោះការសោយទីវង្គតរបស់ព្រះនាង Masako បុត្រីទី ៦ របស់អធិរាជ Meiji និងមហេសីរបស់ព្រះអង្គម្ចាស់ Takeda Tsunehisa នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៤០ និងសេចក្តីថ្លែងអំណរគុណរបស់ព្រះមហាក្សត្រនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ១៩៤០ ។
- សេចក្តីព្រាងទូរលេខរបស់ស្តេច George អបអរសាទរដល់ព្រះចៅអធិរាជក្នុងពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Mikasa Takahito នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៤១ និងសំបុត្រឆ្លើយតបរបស់អធិរាជនៅថ្ងៃដដែល។
ក្នុងចំណោមបណ្ណសារខាងលើ ជាពិសេសសារទូរលេខអបអរសាទរពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Mikasa Takahito ត្រូវបានផ្ញើត្រឹម ២ ខែមុនពេលជប៉ុនវាយប្រហារកំពង់ផែ Pearl Harbor ហើយចាប់ផ្តើមយុទ្ធនាការ Malaya ជាការចាប់ផ្តើមសង្គ្រាមប៉ាស៊ីហ្វិក។ រាជវង្សនៃប្រទេសទាំងពីរនៅតែចូលរួមសន្ទនាគ្នាយ៉ាងជិតស្និទ្ធ រហូតដល់ប៉ុន្មានសប្តាហ៍មុនសង្រ្គាមធ្វើឱ្យពួកគេក្លាយជាសត្រូវ។
ទំនាក់ទំនងរវាងរាជវង្សអង់គ្លេស និងគ្រួសារអធិរាជជប៉ុនចាប់ផ្តើមនៅឆ្នាំ ១៨៦៩ នៅពេលដែលកូនប្រុសទីពីររបស់ម្ចាស់ក្សត្រី Victoria ព្រះអង្គម្ចាស់ Alfred បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន។
មិត្តភាពនេះឈានដល់កម្រិតកំពូលក្នុងរជ្ជកាលអធិរាជ Showa ។ នៅឆ្នាំ ១៩២១ ខណៈពេលនៅជាព្រះអង្គម្ចាស់ Hirohito ទ្រង់បានក្លាយជាសមាជិករាជវង្សដំបូងទៅបំពេញទស្សនកិច្ចនៅអង់គ្លេស។ ទ្រង់ចាកចេញពីទីក្រុង Yokohama កាលពីថ្ងៃទី ៣ ខែមីនាតាមនាវាចម្បាំង Katori ដែលបង្កើតឡើងដោយអង់គ្លេស ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុបទាំងប្រាំ ទទួលស្វាគមន៍ព្រះអង្គម្ចាស់ Hirohito គឺស្តេច George V ។
នៅពេលនោះស្តេច George V ដែលជាជីតារបស់ម្ចាស់ក្សត្រី Elizabeth មានព្រះជន្ម ៥៥ ព្រះវស្សា ខណៈដែលព្រះអង្គម្ចាស់ Hirohito ទើបតែមានព្រះជន្ម ២០ ព្រះវស្សា។ ព្រះរាជាមានព្រះទ័យស្រឡាញ់ចំពោះព្រះអង្គម្ចាស់ជាខ្លាំង ហើយប្រទានបដិសណ្ឋារកិច្ចយ៉ាងក្លៀវក្លាដល់ព្រះអង្គ ខណៈពួកគេជិះរទេះជាមួយគ្នា នៅក្នុងក្បួនដង្ហែទទួលស្វាគមន៍។
ក្នុងដំណើរនោះ ព្រះអង្គម្ចាស់ Hirohito បានដឹងអំពីសារៈសំខាន់ និងភាពកក់ក្តៅនៃទំនាក់ទំនងគ្រួសាររាជវង្សអង់គ្លេសសម័យទំនើប ដូចជានិមិត្តរូបនៃការផ្សារភ្ជាប់ជាមួយប្រជាជនរបស់ពួកគេ។
អតីតអ្នកយកព័ត៌មាន Yomiuri Shimbun Murao Kiyokazu បានសរសេរអត្ថបទមួយដែលមានចំណងជើងថា “Kōtaishi no kekkon” (ពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់) នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងឆ្នាំ ១៩៦១ ក្នុងឱកាសជម្រើនព្រះជន្ម ៦០ ព្រះវស្សា ព្រះចៅអធិរាជបានរៀបរាប់ពេលវេលាដ៏រីករាយបំផុតក្នុងជីវិតរបស់ទ្រង់ នៅពេលដែលទ្រង់យាងទៅកាន់ប្រទេសអង់គ្លេស។
“ខ្ញុំបានទៅដល់ប្រទេសអង់គ្លេសកាលខ្ញុំមានព្រះជន្ម ២០ ឆ្នាំ ខ្ញុំចំណាយពេល ៣ ថ្ងៃនៅវិមាន Buckingham ជាមួយស្តេច George V ហើយទ្រង់បានបង្រៀនខ្ញុំ និងកូនប្រុសរបស់គាត់ (ព្រះអង្គម្ចាស់នៃប្រទេស Wales និងស្តេច Edward VIII នាពេលអនាគត) របៀបក្លាយជាអ្នកដឹកនាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ … ខ្ញុំគិតដល់ស្តេច George V ដូចជាបិតាទីពីររបស់ខ្លួន” ។
ឆ្នាំ ១៩៧៩ ភូមិគ្រះរាជវង្សនៅ Nasu អធិរាជបានរំលឹកថា៖ “អ្វីដែលខ្ញុំស្តាប់ឮពីស្តេច George V លក្ខណៈនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានក្លាយជាឫសគល់នៃការគិតរបស់ខ្ញុំអស់មួយជីវិត” ។
នេះបើតាម Eikoku ōshitsu shijiten (សព្វវចនាធិប្បាយប្រវត្តិនៃគ្រួសាររាជវង្សអង់គ្លេស) ស្តេច George V “ជាទីប្រឹក្សាដ៏គួរឱ្យគោរពដល់គណៈរដ្ឋមន្ត្រី ទ្រង់ធានាបានកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញប្រកបដោយជោគជ័យ ដែលកម្រមាននៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប” ។
ស្តេច George V ជារឿយៗតែងមានប្រសាសន៍ដោយផ្ទាល់ទៅកាន់រដ្ឋាភិបាល ហើយដើរតួនាទីយ៉ាងសកម្មក្នុងនយោបាយ។ ទ្រង់បានបង្រៀនព្រះអង្គម្ចាស់គោលការណ៍នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងនោះព្រះមហាក្សត្រជានិមិត្តរូប ហើយក៏មាន “សិទ្ធិចេញសេចក្តីព្រមាន” នៅពេលជ្រៀតជ្រែកក្នុងកិច្ចការនយោបាយ។
ដំណើរទស្សនកិច្ចនេះក៏មានឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់គ្រួសាររាជវង្ស។ ចាប់ពីឆ្នាំ ១៩២៣ មិនយូរប៉ុន្មានបន្ទាប់ពីការយាងរបស់អធិរាជ Showa ទៅកាន់ប្រទេសអង់គ្លេស ទ្រង់ចាប់ផ្តើមបញ្ជាទិញសំលៀកបំពាក់ពីជាងកាត់ដេរដ៏ល្បីម្នាក់នៅ Savile Row ទីក្រុងឡុងដ៍ ដោយផ្លាស់ប្តូរពីសម្លៀកបំពាក់ប្រពៃណីជប៉ុនទៅជាសម្លៀកបំពាក់ផ្លូវការរបស់លោកខាងលិច។
ទ្រង់ក៏ចូលចិត្តសាច់ ស៊ុត និងនំប័ុងអាំងសម្រាប់អាហារពេលព្រឹក ជំនួសឱ្យស៊ុប miso និងបាយបែបប្រពៃណីជប៉ុន។ ក្រោយសង្គ្រាមទ្រង់បន្តជ្រើសរើសមុខម្ហូបអង់គ្លេសមួយចំនួនដូចជាម្សៅធញ្ញជាតិ ស្ពៃក្តោមដាក់ទឹកសាឡាត់ និងនំប័ុងអាំង។
ព្រះចៅអធិរាជក៏បានលុបចោលរបបយកប្រពន្ធច្រើន ទំនៀមទម្លាប់ដែលត្រូវបានអនុម័តដើម្បីបង្កើនចំនួនអ្នកស្នងមរតកបុរស គាំទ្រអាពាហ៍ពិពាហ៍រាជវង្សប្តីមួយប្រពន្ធមួយ។ ទ្រង់ថែមទាំងបោះបង់ការផ្ទុំលើ Futon ដើម្បីប្តូរទៅផ្ទុំលើគ្រែ។
ការផ្លាស់ប្តូរដ៏សំខាន់មួយគឺថាបុត្រនៅក្នុងគ្រួសាររាជវង្សមិនត្រូវបានចិញ្ចឹមបីបាច់ដោយអ្នកថែទាំទៀតទេ ប៉ុន្តែនៅជាមួយមាតាបិតារបស់ខ្លួន។ នេះជាការដែលគ្រួសារអធិរាជត្រូវបានទទួលស្គាល់ជាគ្រួសារពិតក្នុងក្រសែភ្នែករបស់ប្រជាជនជប៉ុន។
ជប៉ុន និងអង់គ្លេសបានចុះហត្ថលេខាលើសម្ព័ន្ធភាពយោធាក្នុងឆ្នាំ ១៩០២ ដោយសារប្រទេសទាំងពីរទទួលស្គាល់រុស្ស៊ីជាសត្រូវរួម។ នៅពេលដែលជប៉ុនឈ្នះសង្គ្រាមរុស្ស៊ី-ជប៉ុនពីឆ្នាំ ១៩០៤ ដល់ ១៩០៥ ដោយពឹងលើជំនួយរបស់អង់គ្លេស។
ទោះជាយ៉ាងណាអាមេរិកកាន់តែប្រយ័ត្នប្រយែងចំពោះសម្ព័ន្ធភាពអង់គ្លេស-ជប៉ុន ខណៈពេលដែលបានឃើញការងើបឡើងរបស់ជប៉ុន។ អាមេរិកបង្ខំឱ្យអង់គ្លេសបញ្ចប់ទំនាក់ទំនងការទូតជាមួយជប៉ុន។ នៅពេលដែរបង្កើតសម្ព័ន្ធប្រជាជាតិ អង់គ្លេសបានជំទាស់នឹងការទទូចរបស់ជប៉ុនក្នុងការដាក់ចេញឃ្លាបដិសេធការរើសអើងពូជសាសន៍ក្នុងកិច្ចព្រមព្រៀង ហើយរឿងនោះធ្វើឱ្យជប៉ុនមិនទុកចិត្តអង់គ្លេស។
បន្ទាប់ពីព្រះអង្គម្ចាស់យាងត្រឡប់មកពីដំណើររបស់ទ្រង់ នៅខែវិច្ឆិកា ឆ្នាំ ១៩២១ ទ្រង់ដើរតួជារាជានុសិទ្ធិ ហើយនៅខែបន្ទាប់ក្នុងសន្និសីទទីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលដែលចូលរួមបានសម្រេចចិត្តបញ្ចប់សម្ព័ន្ធភាពអង់គ្លេស-ជប៉ុនចាប់ពីឆ្នាំ ១៩២៣ ។ ពីរទសវត្សរ៍ក្រោយមក នៅឆ្នាំ ១៩៤១ សង្រ្គាមប៉ាស៊ីហ្វិកបានបណ្តាលឱ្យប្រទេសទាំងនេះចូលរួមសង្រ្គាមដ៏កាចសាហាវ។ ទោះជាយ៉ាងនេះក្តី ការស្នាក់នៅរយៈពេលបីសប្តាហ៍របស់ព្រះអង្គម្ចាស់នៅអង់គ្លេសដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងរវាងគ្រួសាររាជវង្សទាំងពីរត្រូវផ្អាក ហើយទើបតែបន្តឡើងវិញបន្ទាប់ពីសង្គ្រាមលោកលើកទីពីរបញ្ចប់។ ការសង្ស័យចំពោះជប៉ុននៅតែបន្តកើតមាននៅអង់គ្លេស ជាពិសេសក្នុងចំណោមអតីតទាហានដែលត្រូវជប៉ុនចាប់ឃុំ ប៉ុន្តែរាជវង្សអង់គ្លេស និងរាជវង្សជប៉ុនព្យយាមដោះស្រាយបញ្ហានេះ។
នៅឆ្នាំ ១៩៥៣ មួយឆ្នាំបន្ទាប់ពីអធិបតេយ្យភាពរបស់ជប៉ុនត្រូវបានស្ដារឡើងវិញ ព្រះអង្គម្ចាស់ Akihito បានធ្វើទស្សនកិច្ចអន្តរជាតិលើកដំបូងដើម្បីចូលរួមក្នុងពិធីឡើងគ្រងរាជ្យរបស់ម្ចាស់ក្សត្រី Elizabeth ។ ព្រះអង្គម្ចាស់សិក្សាប្រវត្តិសាស្ត្រនៃចក្រភពអង់គ្លេសតាមរយៈជីវប្រវត្តិ George V របស់ Harold Nicholson ហើយត្រូវបាននាយករដ្ឋមន្ត្រី Winston Churchill ចាត់ទុកជាភ្ញៀវកិត្តិយស។
ក្នុងពិធីទទួលស្វាគមន៍ដែលមានការចូលរួមពីម្ចាស់កាសែតដ៏ល្បីធ្លាប់ចុះផ្សាយអត្ថបទប្រឆាំងនឹងជប៉ុន បុគ្គលិកលក្ខណៈសុភាពរាបសាររបស់ភ្ញៀវជនជាតិជប៉ុនបានធ្វើឱ្យអ្នកចូលរួមនៅអង់គ្លេសចាប់អារម្មណ៍ ហើយទំនាក់ទំនងរវាងជប៉ុន និងអង់គ្លេសចាប់ផ្តើមប្រសើរឡើង។
ឆ្នាំ ១៩៧១ នៅពេលដែលអធិរាជ Hirohito បានធ្វើទស្សនកិច្ចផ្សេងទៀតទៅកាន់ប្រទេសអង់គ្លេស ៥០ ឆ្នាំបន្ទាប់ពីការបំពេញទស្សនកិច្ចលើកដំបូងរបស់ទ្រង់ក្នុងនាមជាព្រះអង្គម្ចាស់ សមាជិករាជវង្ស Lord Mountbatten មិនបានចូលរួមក្នុងពិធីជប់លៀងផ្លូវការរបស់រដ្ឋនោះទេ។ Mountbatten ធ្លាប់ជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលនៅរោងមហោស្រពប៉ាស៊ីហ្វិកអាគ្នេយ៍ ហើយបានបាត់បង់មនុស្សមួយចំនួនធំក្នុងសង្គ្រាមប្រឆាំងនឹងជប៉ុន។
ទោះជាយ៉ាងណាម្ចាស់ក្សត្រី Elizabeth បានបន្ធូរបន្ថយភាពតានតឹងដោយនិយាយថា៖ “យើងមិនអាចធ្វើពុតថាទំនាក់ទំនងរវាងប្រជាជាតិទាំងពីរតែងតែមានសន្តិភាព និងមិត្តភាពនោះទេ ជាបទពិសោធន៍ដែលនឹងធ្វើឱ្យយើងទាំងអស់គ្នាតាំងចិត្តមិនបណ្តោយរឿងនោះកើតឡើងវិញឡើយ” ។
ម្ចាស់ក្សត្រីតែងតែខិតខំរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរាជវង្សជប៉ុន ហើយចំណុចនេះបានធ្វើឱ្យគាត់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមជាសមាជិកគ្រួសាររាជវង្សនៅឆ្នាំ ១៩៧៥ ។
ឆ្នាំ ១៩៩៨ រួមជាមួយនឹងដំណើរទស្សនកិច្ចអង់គ្លេសរបស់ព្រះចៅអធិរាជ Akihito នាយករដ្ឋមន្ត្រី Hashimoto Ryūtarō បានសរសេរអត្ថបទមួយនៅលើកាសែត The Sun នៃចក្រភពអង់គ្លេសបង្ហាញការសោកស្តាយយ៉ាងជ្រាលជ្រៅ និងការសុំទោសដោយស្មោះ ជាមួយគ្នានេះរដ្ឋាភិបាលអង់គ្លេសបានសម្រេចផ្តល់អត្ថប្រយោជន៍ពិសេសដល់អតីតអ្នកទោសសង្គ្រាមជប៉ុន។ អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំប្រទេសជប៉ុន David Warren បានចង្អុលបង្ហាញថាដំណើរទស្សនកិច្ចឆ្នាំ ១៩៩៨ ដើរតួនាទីយ៉ាងសំខាន់ឆ្ពោះទៅរកការផ្សះផ្សា។
ទំនាក់ទំនងដ៏រឹងមាំរវាងរាជវង្សជប៉ុន និងរាជវង្សអង់គ្លេសជួយបង្កើតទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ ខណៈពេលមានការសង្ស័យថាសង្រ្គាមនឹងបន្ត។ ព្រះចៅអធិរាជ Akihito បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសម្តងទៀតនៅឆ្នាំ ២០១២ ដើម្បីអបអរសាទរ ៦០ ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ម្ចាស់ក្សត្រី Elizabeth ។
បច្ចុប្បន្នព្រះចៅអធិរាជជប៉ុន Naruhito ក៏បានជ្រើសរើសទៅសិក្សានៅប្រទេសអង់គ្លេសកាលនៅជាព្រះអង្គម្ចាស់។ ព្រះចៅអធិរាជ Naruhito ធ្លាប់សិក្សាប្រវត្តិដឹកជញ្ជូនផ្លូវទឹកនៅលើទន្លេ Thames កាលជាសិស្សនៅ Oxford ។ នៅឆ្នាំ ២០១៥ ព្រះអង្គម្ចាស់ Naruhito និងព្រះនាង Masako បានជួបព្រះអង្គម្ចាស់ William ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសជប៉ុនឆ្នាំ ២០១៨ ។ បុត្រីច្បងរបស់ពួកគាត់ ព្រះនាង Aiko បានចូលរៀនសាលារដូវក្តៅនៅ Eton College ។ គ្រួសាររាជវង្សជប៉ុន និងអង់គ្លេសបានបង្កើតទំនាក់ទំនងគ្រួសារបីជំនាន់។
ទំនាក់ទំនងនៃគ្រួសាររាជវង្សានុវង្សទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សារវាងប្រទេសទាំងពីរ។ អត្ថិភាពនៃបណ្តាញការទូតបន្ទាប់បន្សំ ក្រៅពីទំនាក់ទំនងរដ្ឋាភិបាលធម្មតាអាចជួយយ៉ាងច្រើនក្នុងការពង្រឹងទំនាក់ទំនង។
នៅឆ្នាំ ២០២១ កត់សម្គាល់ ១០០ ឆ្នាំព្រះអង្គម្ចាស់ Hirohito ចុះចតលើកោះ Wight ។ ប្រសិនបើជំងឺរាតត្បាតកូវីដ ១៩ ថយចុះ ដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់ព្រះចៅអធិរាជ និងមហាក្សត្រីនឹងទៅកាន់ចក្រភពអង់គ្លេស។ ខណៈដែលប្រទេសជប៉ុន និងអង់គ្លេស ដែលជាប្រទេសកោះពីរមកពីបូព៌ា និងលោកខាងលិចបង្កើតសម្ព័ន្ធភាពថ្មី យុគសម័យថ្មីនៃការផ្លាស់ប្តូររវាងរាជវង្សនឹងកាន់តែរឹងមាំ។
yuki