ស្នាដៃសិល្បៈនៃសិស្សវិទ្យាល័យជប៉ុនធ្វើប្រាសាទ Kumamoto ពីឈើចាក់ធ្មេញចំនួន ១១ ម៉ឺនដើម

ស្នាដៃសិល្បៈរបស់សិស្សវិទ្យាល័យមួយក្រុមដែលបានភ្ជាប់ឈើចាក់ធ្មេញចំនួន ១១ ម៉ឺនដើម បានទាក់ទាញចំណាប់អារម្មណ៍​អ្នកស្រុកបន្ទាប់ពីដាក់តាំងនៅមជ្ឈមណ្ឌលផ្សារទំនើបទីក្រុងភាគនិរតីប្រទេសជប៉ុន។

ស្នាដៃនេះគឺជាការបង្កើតឡើងរបស់សិស្សឆ្នាំទី ២ ចំនួន ៣៨ នាក់នៅវិទ្យាល័យ Kyushu Gakuin Lutheran សង្កាត់ Chuo ទីក្រុង Kumamoto ។ បច្ចុប្បន្ននេះរូបភាពប្រាសាទត្រូវបានដាក់តាំងនៅជាន់ទី ៧ នៃមជ្ឈមណ្ឌលផ្សារទំនើប Amu Plaza Kumamoto ខាង​ក្នុង​អគារស្ថានីយ៍។

ជាមួយនឹងកម្ពស់ ៩៦ សង់ទីម៉ែត្រ និង​ទទឹង ១៨៦ សង់ទីម៉ែត្រ ស្នាដៃ​សិល្បៈ​នេះ​ប្រើ​គំនូរ​ប្រាសាទ Kumamoto លើបន្ទះស្នោ​ប្លាស្ទិក​ដើម្បីធ្វើជា​ស៊ុម រួចបិទឈើចាក់​ធ្មេញខ្មៅ និងសពីលើបង្កើតជាអារម្មណ៍ 3D ។

ក្រុមសិស្សប្រើពេលឈប់សម្រាកពីសាលាដើម្បីបន្តគម្រោង ហើយបញ្ចប់ក្នុងរយៈពេលប្រហែល ២ សប្តាហ៍កាលពីខែតុលា ឆ្នាំ ២០២១ ។

ដោយសារឥទ្ធិពលជំងឺរាតត្បាតកូវីដ ១៩ ពិធីបុណ្យវប្បធម៌របស់សាលាត្រូវបានលុបចោល។ ផ្ទុយទៅវិញប្រាសាទ Kumamoto ត្រូវ​បាន​សម្ពោធ​​ក្នុង​ពិព័រណ៍​វប្បធម៌។

ដោយបំណង​ចង់​ប្រើ​ស្នាដៃ​សិល្បៈ​ដើម្បី​លើក​ទឹក​ចិត្ត​ស្រុកកំណើត Kumamoto បច្ចុប្បន្នស្ថិតក្នុងដំណើរការស្តារឡើង​វិញ​បន្ទាប់​ពីរញ្ជួយដីនៅឆ្នាំ ២០១៦ ស្នាដៃត្រូវបានដាក់តាំងនៅមជ្ឈមណ្ឌលផ្សារទំនើប Amu Plaza Kumamoto ជា​កន្លែង​ដែល​អ្នកស្រុកអាចគយគន់។

លោក Hiroshi Harada អាយុ ៥០ ឆ្នាំជាគ្រូបង្រៀនដែលបានណែនាំសិស្សឱ្យធ្វើគម្រោងនេះនិយាយថា៖ “ខ្ញុំ​ចង់​ឱ្យ​អ្នក​រាល់​គ្នាមើល​ឃើញ​ស្នាដៃ​ដែល​សិស្ស​បាន​ធ្វើ​ជាមួយគ្នា” ។

ស្នាដៃសិល្បៈប្រាសាទ Kumamoto ត្រូវបានដាក់តាំងរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈហើយបន្ទាប់មកប្តូរទៅតាំងនៅការិយាល័យ​តូក្យូនៃរដ្ឋាភិបាលទីក្រុង Kumamoto សង្កាត់ Chiyoda ទីក្រុងតូក្យូ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: