ប្រព័ន្ធសំឡេងរោទិ៍ក្នុងបន្ទប់ប្តូរវេននៅស្ថានីយ៍រថភ្លើង “មិនបញ្ចេញសំឡេង ប៉ុន្តែធានាថាបុគ្គលិកមិនអាចដេកលក់”

នៅស្ថានីយ៍រថភ្លើង ក្នុងរយៈពេល ២៤ ម៉ោងពេញតែងតែមានបុគ្គលិកជានិច្ច។ ប្រសិនបើមិនត្រៀមសម្រាប់រថ​ភ្លើង​ដំបូង​គេ​នៅ​ពេល​ព្រឹក កណ្តឹងនឹងមិនរោទ៍នោះទេ។

បុគ្គលិកស្ថានីយ៍អាចដេកនៅក្នុងបន្ទប់ប្តូរវេន ចុះបើក្នុងករណីពួកគេដេកជ្រុល ឬភ្ញាក់ហើយ ប៉ុន្តែហត់ពេកដេកវិញត្រូវធ្វើយ៉ាងណា?

ប្រាកដជាមានបញ្ហាធំប្រសិនបើមានស្ថានភាពដូចជារថភ្លើងមិនដំណើរការពេលព្រឹក ឬច្រកត្រួតពិនិត្យសំបុត្រ​មួយ​នៅ​ស្ថានីយ​រថភ្លើងបិទទ្វារ។ ដូច្នេះកំហុសរបស់បុគ្គលដែលដេកជ្រុលធ្ងន់ធ្ងរណាស់។

ដូច្នេះហើយប្រព័ន្ធ​សំឡេង​រោទិ៍​របស់​ពួកគេ​ក៏ខុសពីមនុស្សធម្មតាដែរ។

រូបភាព https://nlab.itmedia.co.jp/nl/articles/1905/24/news080.html

នេះជានាឡិការោទិ៍ ប៉ុន្តែវាមិនត្រឹម​តែជានាឡិការោទិ៍ធម្មតាប៉ុណ្ណោះទេ។ តើសំឡេងនាឡិការោទិ៍ខ្លាំងឬ? មិនមែនទេ វាមិនបញ្ចេញសំឡេងឡើយ។

អ្នកប្រហែលជាដឹងរួចមកហើយថាសំឡេងរោទិ៍ខ្លាំងអាចប៉ះពាល់លើការសំរាន្ត ហើយធ្វើឱ្យអ្នកងាយនឹងដេកទៅ​វិញ។ អាចនឹងមានមនុស្សមួយចំនួនត្រេតត្រត ដេកថែម ៥ នាទីទៀត បន្ទាប់មកក៏ដេកលក់។ ខ្ញុំគិតថាមនុស្សជា​ច្រើន​ប្រាកដ​ជាធ្លាប់មានបទពិសោធន៍ដូចនេះ។

នាឡិការោទិ៍ដ៏ពិសេសនេះស្ថិតលើឧបករណ៍ដែលភ្ជាប់មកជាមួយ។

មានបំពង់ ហើយភ្ជាប់ទៅនឹងវត្ថុដែលមានរាងដូចជាថង់។

ដាក់មួយឈុតនេះទៅម្ខាង រីឯថង់ដាក់នៅក្រោមខ្លួន មិនថាអ្នកគេងលើគ្រែ ឬកន្លែងណាក៏ដោយ។

នៅពេលដល់ម៉ោងកំណត់សំឡេងរោទិ៍នឹងដំណើរការ ខ្យល់ចូលតាមបំពង់បំប៉ោងថង់ ហើយរំកិលរាងកាយរបស់​អ្នក។

ដូចរូបភាពនេះ …

នៅពេលដែលអ្នកកំពុងគេងលក់ស្រួល ស្រាប់តែរាងកាយផ្លាស់ទី អ្នកនឹងភ្ញាក់ភ្លាមៗ។ ជាវិធីភ្ញាក់ពីគេងស្រស់​ស្រាយ ស្រួលខ្លួន។ សំខាន់វិធីធ្វើឱ្យភ្ញាក់នេះ មិនធ្វើឱ្យអ្នកចង់គេងវិញទេ។

មានតែបញ្ហាមួយគត់។

ប្រព័ន្ធនេះមិនអាចដាស់អ្នកដែលមានឥរិយាបថដេកអាក្រក់នោះទេ ព្រោះប្រសិនបើរមៀលចេញពីថង់ ទោះបីជាបំប៉ោង​ថង់យ៉ាងណាក៏មិនអាចដាស់អ្នកដែរ។

ខ្ញុំជាមនុស្សប្រភេទនោះ។

ខ្ញុំចាំថាមានម្តង មិនដឹងហេតុ​អ្វីខ្ញុំអង្គុយដេកលក់នៅលើយ៉រ។ ទាំងចាំច្បាស់ថាមុននោះដេកលើគ្រែ តែម្តងនឹងប៉ុណ្ណោះ។

ដើម្បីជៀសវាងស្ថានភាពបែបនេះ បន្ទាប់ពីថង់ត្រូវបានបំប៉ោងរយៈពេល ៣ នាទី នៅតែគ្មាននរណាចុចប៊ូតុងបញ្ឈប់​សំឡេង​រោទិ៍ សំឡេងរោទិ៍នឹងបន្លឺខ្លាំង។

ប្រព័ន្ធរោទិ៍នេះប្រើសម្រាប់អាជីវកម្ម ដូច្នេះសំឡេងរោទិ៍ខ្លាំង ពេលនោះមនុស្សគ្រប់គ្នាសុទ្ធតែត្រូវភ្ញាក់។ ប៉ុន្តែដូចដែលបានរៀបរាប់ខាងលើ វិធីដាស់ឱ្យភ្ញាក់នេះមិនល្អសម្រាប់សុខភាពទេ ដូច្នេះសូមពិចារណាថានេះជាវិធីចុងក្រោយ។

និយាយអញ្ចឹងប្រព័ន្ធរោទិ៍នេះអាចទិញក្នុងតម្លៃ ៩៩,០០០ យ៉េន។ ប្រសិនបើអ្នកអស់សង្ឃឹមនឹងសមត្ថភាពភ្ញាក់ពីគេងរបស់ខ្លួន ឬនរណាម្នាក់នៅជិតអ្នក អាចពិចារណាទិញមួយឈុត។

ក្រៅ​ពី​នេះ នៅ​មាន​ការ​ស្រាវ​ជ្រាវ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង ដូច​ជា​ការ​ភ្ញាក់​ពី​ដំណេក​ដោយ​ប្រើ​​ក្លិន Wasabi ។ ប្រាកដ​ជា​គ្មាន​នរណាម្នាក់ចូលចិត្តក្លិន Wasabi ក្នុងបន្ទប់របស់ខ្លួនឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: