សិស្សានុសិស្សជប៉ុនចូលរួមការប្រកួតប្រជែងធ្វើប៉មឈើចាក់ធ្មេញដែលធន់នឹងរញ្ជួយដី
សាកលវិទ្យាល័យបច្ចេកទេសមួយនៅទីក្រុង Kumamoto ល្បីជាមួយនឹងការប្រកួតដ៏ពិសេស ដាក់ឱ្យសិស្សានុសិស្សប្រកួតប្រជែងធ្វើប៉មឈើចាក់ធ្មេញដែលអាចទប់ទល់នឹងរញ្ជួយដី។
ដោយសារស្ថិតនៅក្នុងខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលជាកន្លែងមានរញ្ជួយដី និងភ្នំភ្លើងជាបន្តបន្ទាប់ ជប៉ុនជាប្រទេសដែលងាយកើតមានរញ្ជួយដីបំផុតនៅលើពិភពលោក។ ទោះបីជាទឹកដីប្រទេសនេះគ្របដណ្តប់ត្រឹមតែ ០,២៥% នៃផ្ទៃដីលើភពផែនដី ប៉ុន្តែ ១៨,៥% រញ្ជួយដីលើពិភពលោកកើតឡើងនៅទីនេះ។
តាំងពីឆ្នាំ ២០០៦ បន្ទប់ស្ថាបត្យកម្មផ្នែកវិស្វកម្ម សាកលវិទ្យាល័យ Sojo បានរៀបចំការប្រកួតដែលមានឈ្មោះថា “ការប្រកួតរញ្ជួយដីនៃប៉មឈើចាក់ធ្មេញ” ។ នេះជាការប្រកួតដ៏ពិសេសមួយដែលក្រុមសិស្សធ្វើប៉មធន់នឹងរញ្ជួយដី ដោយប្រើតែឈើចាក់ធ្មេញ និងកាវឈើ។
ប៉មរបស់ក្រុមនីមួយៗត្រូវបានដាក់នៅលើបន្ទះឈើប្រវែង ៣០ សង់ទីម៉ែត្រ និងដុំដែកដែលមានកម្រិតទម្ងន់កើនជាលំដាប់ដាក់នៅលើកំពូលប៉ម។
បន្ទាប់មកជើងទម្រផ្នែកខាងក្រោមចាប់ផ្តើមញ័រក្លែងធ្វើជារញ្ជួយដី។ នៅពេលដែលរំញ័រផ្តេកកើនឡើង ប៉មនឹងដួលរលំក្រោមសម្ពាធទម្ងន់ដុំដែក។ ប៉មរបស់ក្រុមណាឈរដល់ទីបញ្ចប់នឹងទទួលបានជ័យជម្នះ។
ការប្រកួតធ្វើប៉មឈើចាក់ធ្មេញទទួលបានជោគជ័យតាំងពីពេលប្រារព្ធធ្វើឡើងដំបូង ហើយចាប់ផ្តើមតាំងនៅឆ្នាំ ២០១១ សាកលវិទ្យាល័យ Sojo បានពង្រីកការចូលរួមរវាងក្រុមសិស្សវិទ្យាល័យ ដោយគោលបំណងលើកកម្ពស់ចំណាប់អារម្មណ៍របស់សិស្សវិទ្យាល័យក្នុងការសាងសង់ និងរចនាសម្ព័ន្ធធន់នឹងរញ្ជួយដី។
ដើម្បីទទួលបានការអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួត ប៉មឈើចាក់ធ្មេញត្រូវតែមានកម្ពស់យ៉ាងតិច ៥០ សង់ទីម៉ែត្រ និងទម្ងន់ក្រោម ៦៥ ក្រាម។ ប៉មត្រូវបិទជាប់នឹងបន្ទះឈើនីមួយៗ ដើម្បីកុំឱ្យវារអិលចេញពេលបន្ទះឈើញ័រ។
“ការប្រកួតរញ្ជួយដីនៃប៉មឈើចាក់ធ្មេញ” ត្រូវបានរចនាឡើងដើម្បីជំរុញភាពច្នៃប្រឌិត ស្មារតីជាក្រុម និងបង្កើនចំណាប់អារម្មណ៍លើរចនាសម្ព័ន្ធដែលធន់នឹងរញ្ជួយដី។
នៅឆ្នាំ ២០២១ ការប្រកួតធ្វើឡើងនៅថ្ងៃទី ៣០ និង ៣១ ខែតុលា ដោយមានតែតំណាងក្រុមម្នាក់ត្រូវបានអនុញ្ញាតឱ្យចូលទីលាន ដើម្បីធានាបាននូវការអនុវត្តត្រឹមត្រូវនៃការរឹតបន្តឹងការពារការឆ្លងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ។
Hana