ករណីផ្ទុះភ្នំភ្លើងក្រោមដីនៅ Tonga ឆ្ងាយពីជប៉ុនដល់ទៅ ៨០០០ គីឡូម៉ែត្រនៅតែបង្កការខូចខាតធ្ងន់
កាលពីប៉ុន្មានថ្ងៃមុនមានករណីផ្ទុះភ្នំភ្លើងក្រោមដីនៅសមុទ្រ Tonga មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
នៅ Fiji ដែលមានចម្ងាយ ៨០០ គីឡូម៉ែត្រ គេស្តាប់ឮសំឡេងហឹងត្រចៀកស្រដៀងនឹងសំឡេងផ្គរលាន់ខ្លាំង។ ថ្វីត្បិតមិនទាន់ច្បាស់ស្ថានភាព ប៉ុន្តែឃើញថាការផ្ទុះប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក។
សូម្បីតែប្រទេសជប៉ុនដែលមានចម្ងាយរហូតដល់ ៨០០០ គីឡូម៉ែត្រក៏ទទួលបានសេចក្តីជូនដំណឹងរលកយក្សស៊ូណាមិផងដែរ។
ទោះបីជារលកសមុទ្រមិនធំ ហើយសេចក្តីជូនដំណឹងរលកយក្សក៏ត្រូវបានលុបចោល ប៉ុន្តែនៅតែមានការខូចខាតយ៉ាងច្រើន តើអ្នកដឹងរឿងនេះទេ?
នៅតាមបណ្តាខេត្ត Miyagi, Kochi, Tokushima ទូកនេសាទសរុបចំនួន ៣០ ត្រូវវាយពន្លិច ក្រឡាប់។ លើសពីនេះក្រុមហ៊ុនវារីវប្បកម្មដូចជាអយស្ទ័រ លៀសសមុទ្រ និងសារ៉ាយសមុទ្រនៅ Iwate និង Miyagi ក៏ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
ទោះបីជារលកយក្សមានកម្ពស់ត្រឹមតែ ៣០ សង់ទីម៉ែត្រ ប៉ុន្តែជាងពាក់កណ្តាលកន្លែងចិញ្ចឹមវារីវប្បកម្មត្រូវបំផ្លាញនៅក្នុងតំបន់មួយចំនួន។
តំបន់ទាំងនេះក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយក្នុង ២០១១ ។ នៅពេលដែលគិតថាអាចស្តារឡើងវិញ ស្រាប់តែជំងឺកូវីដ ១៩ វាយប្រហារ។ ដោយសារការរឹតបន្តឹងអនុវត្តចំពោះភោជនីយដ្ឋាន ការទទួលទានអាហារសមុទ្រក៏រងផលប៉ះពាល់ផងដែរ។
ហើយលើកនេះជាគ្រោះមហន្តរាយ Tonga ។
ទោះបីជាអ្នកនេសាទបានបញ្ចប់ការដឹកជញ្ជូនអយស្ទ័រដែលប្រមូលផលក្នុងរដូវកាលនេះ ប៉ុន្តែនេះក៏ជាពេលចិញ្ចឹមថ្មីដែលរំពឹងថានឹងដឹកជញ្ជូននៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ។
ខ្ញុំមិនដឹងថាស្ថានភាពអាចស្តារឡើងវិញបានដល់កម្រិតណានោះទេ ប៉ុន្តែការលំបាកនៃឧស្សាហកម្មវារីវប្បកម្មត្រូវបានគេរំពឹងថានឹងបន្ត ហើយត្រូវចំណាយពេលប៉ុន្មានឆ្នាំទើបអាចស្តារឡើងវិញ។
Kengo Abe