ជីវិត និងទុក្ខវេទនារបស់ដូនជីម្នាក់ដែលមានសម្រស់ស្រស់ស្អាត តើនឹងទៅជាយ៉ាងណា?
មនុស្សជាច្រើនគិតថា សម្រស់គឺជាអាទិភាព ប៉ុន្តែនោះជាការយល់ឃើញរបស់មនុស្សនៅជុំវិញ តើស្រ្តីឃើញថាសម្រស់របស់ខ្លួនជាអាទិភាពដែរទេ?
អ្នកដែលមានសម្រស់តែងតែត្រូវគេបំពាន មានអ្នកដើរតាមរំខាន ឈរលើគោលជំហររបស់ពួកគេ នោះមិនមែនជាអ្វីដែលគួរឲ្យមានមោទនភាពឡើយ។
ថ្ងៃនេះខ្ញុំនឹងនិយាយប្រាប់អ្នករឿងរបស់នារីស្រស់ស្អាតម្នាក់ ប៉ុន្តែបែរជាស្អប់ខ្ពើមពិភពលោកទាំងមូល ហើយនៅទីបំផុតជ្រកកោនក្រោមម្លប់ព្រះពុទ្ធសាសនា។
“អ្វីដែលអ្នកធ្វើដាក់ខ្ញុំ ខ្ញុំនឹងសងទៅវិញលើសដើម” ។
នោះជាគោលជំហររបស់នាង ជាស្រ្តីម្នាក់ដែលរឹងមាំ។ ហេតុអ្វីបានជានាងជ្រើសដើរតាមផ្លូវព្រះពុទ្ធសាសនា?
រឿងនេះកើតឡើងនៅសម័យ Muromachi ដែលជាការចាប់ផ្តើមនៃយុគសម័យគ្រប់គ្រងដោយសាមូរ៉ៃ។ នាងកើតនៅតំបន់ដែលសព្វថ្ងៃគឺ Kanagawa បន្ទាប់មកបួសប្រើនាម Eshunni ។
ទោះបីឈ្មោះពីមុនរបស់នាងជាអាថ៌កំបាំងនៅឡើយ ប៉ុន្តែនាងមាននាមត្រកូល Fujiwara ដែលជាគ្រួសារអភិជននៅសម័យនោះ។
នាងមានមុខមាត់ស្រស់ស្អាតរហូតដល់ថ្នាក់ធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើល មានពាក្យចចាមអារ៉ាមថាសម្រស់របស់នាងល្បីគ្រប់ទិសទី។
ប្រឈមនឹងទង្វើរបស់មនុស្សនៅជុំវិញ មនុស្សមួយចំនួនផ្គាប់ចិត្ត អ្នកខ្លះច្រណែន នាងចាប់ផ្តើមស្អប់ខ្ពើមពិភពលោកបន្តិចម្តងៗ។ លុះដល់អាយុ ៣០ ឆ្នាំនាងបានពិភាក្សារឿងទៅបួសជាមួយម្ចាស់បង។ បួសគឺជាការជ្រកកោនក្រោមម្លប់ព្រះពុទ្ធ កោរសក់ ហើយក្លាយជាដូនជី។ ចិត្តរបស់នាងចង់ដើរតាមព្រះពុទ្ធ ផ្តាច់ខ្លួនចេញពីពិភពដ៏ច្របូកច្របល់នេះ។
ទោះជាយ៉ាងណា ម្ចាស់បងរបស់នាងបានជំទាស់យ៉ាងខ្លាំង។
“ថ្វីត្បិតតែ ប្អូនចង់ដើរតាមផ្លូវព្រះ ប៉ុន្តែក្នុងក្រសែភ្នែករបស់មនុស្សនៅជុំវិញ ប្អូននៅតែជានារីដ៏ស្រស់ស្អាត ហើយពួកគេនឹងមិនទុកឲ្យប្អូនបានសុខនោះទេ។ ប្រសិនបើស្រស់ស្អាតយ៉ាងនេះហើយ ចូរនៅផ្ទះឲ្យស្ងាត់ស្ងៀម។ ប្រាកដជាមានមនុស្សប្រុសល្អស័ក្តិសមនឹងប្អូនបង្ហាញខ្លួន” ។
នាងស្អាតដល់ថ្នាក់ណាទើបបងប្រុសពោលពាក្យបែបនេះ ពិតជាមិននឹកស្មាននោះទេ។
តាំងពីពេលនោះគំនិតអាក្រក់ក្នុងចិត្តរបស់នាងទើបចាប់ផ្តើម នាងដុតចុងចង្កឹះក្នុងធ្យូងក្តៅរហូតដល់ប្រែជាក្រហម បន្ទាប់មកចាក់ចុងដែកក្តៅលើមុខខ្លួនឯងម្តងហើយម្តងទៀត។
នាងសុខចិត្តបំផ្លាញសម្រស់ មុខមាត់អាក្រក់គួរឲ្យខ្លាច ដើម្បីកុំឲ្យនរណាម្នាក់ចូលមកជិត ឬចែចង់ទៀត។
ដោយមើលឃើញមុខមាត់របស់ប្អូនស្រី បុរសជាបងយល់ពីការតាំងចិត្តរបស់នាង ហើយបានអនុញ្ញាតឲ្យនាងទៅបួស។ តាំងពីពេលនោះមកនាងក្លាយទៅជាដូនជី Eshunni ។
នាងផ្តោតអារម្មណ៍ទៅលើការបួស ហើយចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាដល់មនុស្សជាច្រើន។ ប៉ុន្តែរឿងព្រេងរបស់ដូនជីដ៏ស្រស់ស្អាតមិនបញ្ចប់ត្រឹមនឹងទេ។
នៅថ្ងៃមួយ ព្រះសង្ឃមានតណ្ហាក្រាស់ ឆោតល្ងង់ឈរយាមនៅមុខប្រាសាទ Kamakura រង់ចាំដូនជី Eshunni បង្ហាញខ្លួន។ នៅចំពោះមុខដូនជី ជននេះអាក្រាត ហើយអួតដោយមោទនភាពថា “វាវែងដល់ទៅ ៩០ សង់ទីម៉ែត្រ” ។ តើបុគ្គលនេះសមនឹងហៅថាព្រះសង្ឃដែរទេ?
ដោយប្រឈមនឹងអាកប្បកិរិយាដ៏ឈ្លើយនេះ ដូនជី Eshunni មានការឆ្លើយតបលើសពីការគិត។
នាងក៏បានចង្អុលប្រដាប់ភេទរបស់ខ្លួន ហើយនិយាយថា “របស់ខ្ញុំគ្មានបាតទេ តែ ៩០ សង់ទីម៉ែត្រចង់មកបំភ័យយើងដែរ” ។
ព្រះសង្ឃរូបនោះភ័យស្លន់ស្លោរត់បាត់ស្រមោល។
មិនត្រឹមតែប៉ុណ្ណឹង …
ថ្វីត្បិតតែ មុខរបស់នាងមានស្នាមរលាកជាច្រើន ប៉ុន្តែសម្រស់នៅតែស្រស់ស្អាត Eshunni មិនអាចជៀសផុតវាសនាជាស្រីស្អាត ពាក្យចែចង់តាមនាងជាប់ជានិច្ច។
មានព្រះសង្ឃមួយអង្គតែងតែមកល្បួង Eshunni ហើយប្រើពាក្យពេចន៍ផ្អែមល្ហែមថា “ប្រសិនបើនាងទទួលយកខ្ញុំ ទោះលំបាកយ៉ាងណាក៏ខ្ញុំអាចជម្នះបានដែរ” ។
ដើម្បីឆ្លើយតបនឹង “ភាពស្មោះត្រង់” នេះ Eshunni ហៅព្រះសង្ឃចូលបន្ទប់ នៅពេលនោះនាងកំពុងអាក្រាត។
“ខ្ញុំបានណាត់ជួបជាមួយនឹងអ្នក ឥឡូវនេះ នៅទីនេះ ចូរធ្វើអ្វីដែលអ្នកចង់តាមបំណង” ។
ពេលកាន់ពុទ្ធសាសនា ព្រះសង្ឃត្រូវលះបង់តណ្ហា។ ប្រសិនបើប៉ះរាងកាយរបស់ Eshunni តាមចិត្តចង់ ពិតណាស់ព្រះសង្ឃខាងលើនឹងត្រូវបណ្តេញចេញ។ ពេលឮនាងគម្រាម “ដែលថារាល់បញ្ហាលំបាកសុទ្ធតែអាចជម្នះឬ?” ព្រះសង្ឃរូបនោះខ្លាចក៏រត់បាត់។
ជាមួយនឹងចរិកលក្ខណៈរឹងមាំបែបនេះ ចុងបញ្ចប់របស់ Eshunni ក៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ដែរ។
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៤០៨ Eshunni ធ្វើស៊ុមឈើខាងមុខខ្លោងទ្វារប្រាសាទ រួចចូលទៅក្នុងដុតភ្លើង។ រឿងនេះមិនត្រឹមតែជាការដុតខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែជាពិធីព្រះពុទ្ធសាសនាមានឈ្មោះថា 火定入滅 (Kajounyuumetsu) ។ ហើយនេះជាពិធីចុងក្រោយបន្ទាប់ពីបញ្ចប់ការបួស ដុតខ្លួនឯងដើម្បីបំផ្លាញការជាប់ជំពាក់ក្នុងលោកទាំងអស់ ហើយបញ្ចប់ជីវិត។
ដោយដឹងពីចេតនារបស់ Eshunni មនុស្សនៅជុំវិញសួរថា “ធ្វើអញ្ចឹងមិនអីទេឬ? មិនក្តៅទេ?”
ដូនជីឆ្លើយថា “ក្តៅមិនក្តៅត្រូវសួរភ្លើង ភ្លើងក្តៅ ឬត្រជាក់ មនុស្សដូចខ្ញុំមិនដឹងទេ” ។
អដ្ឋិធាតុរបស់ដូនជីរូបនោះ អ្នកដែលបានចាកចេញពីពិភពលោកដោយសារអណ្តាតភ្លើង លះបង់វាសនាជាស្រីស្អាតដើម្បីរស់នៅជាខ្លួនឯង ត្រូវបានរក្សាទុក និងគោរពបូជានៅក្នុងប្រាសាទមួយ។
ក្នុងនាមជានារីម្នាក់ដែលមានសម្រស់ធ្វើឲ្យគ្រប់គ្នាមើលទៅជាប់ចិត្ត ប៉ុន្តែសម្រស់នោះប្រៀបដូចជាបណ្តាសាដ៏អាក្រក់ ធ្វើឲ្យនាងរងទុក្ខសោកដែលមានតែនាងទេទើបយល់។ ប៉ុន្តែទុក្ខសោកទាំងនោះបានធ្វើឲ្យនាងរឹងមាំប្រឈមនឹងជីវិតតាមលក្ខណៈរបស់ខ្លួន។
មនុស្សជាច្រើនប្រាកដជាគិតថា រឿងនេះមិនធម្មតាទេ ប៉ុន្តែប្រហែលជាយើងគ្មានសិទ្ធិវិនិច្ឆ័យពីភាពឃោរឃៅរបស់នាងចំពោះខ្លួនឯងទេ ព្រោះយើងមិនអាចយល់ពីនាងទាំងស្រុង។
ដោយផ្ទាល់ខ្ញុំពិតជាកោតសរសើរចំពោះភាពស្មោះត្រង់នឹងខ្លួនឯងរបស់តួអង្គនេះ។
Kengo Abe