ជប៉ុនដាក់ចេញការលើកលែងសម្រាប់និស្សិតបរទេសមួយចំនួនដែលអនុញ្ញាតឱ្យចូលប្រទេស
នេះបើតាមអ្នកនាំពាក្យជប៉ុនបាននិយាយថា ជប៉ុនគ្រោងនឹងអនុញ្ញាតឱ្យនិស្សិតបរទេសចំនួន ៨៧ នាក់ដែលសិក្សាលើអាហារូបករណ៍រដ្ឋាភិបាលចូលប្រទេសជប៉ុន បង្កើតជាករណីលើកលែងចំពោះគោលនយោបាយព្រំដែនដែលកំពុងត្រូវបានអនុវត្ត ដើម្បីការពារការរីករាលដាលជំងឺកូវីដ ១៩ ប្រភេទថ្មី។
និស្សិតទាំងនេះត្រូវបានអនុញ្ញាតឱ្យចូលប្រទេសនៅចុងខែនេះ ហើយពួកគេត្រូវតែអនុវត្តតាមការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃនៅឯសណ្ឋាគារដែលរៀបចំដោយសាលា។
ប្រធានលេខាធិការខុទ្ទកាល័យលោក Hirokazu Matsuno ថ្លែងក្នុងសន្និសីទសារព័ត៌មានថាសេចក្តីសម្រេចករណីលើកលែងនេះ “គិតគូរដល់ផលប្រយោជន៍សាធារណៈ និងបញ្ហាបន្ទាន់” ។
រូបភាព Japan times
លោក Matsuno បាននិយាយថានិស្សិត ៨៧ នាក់មិនដល់មួយឆ្នាំទៀតនឹងបញ្ចប់ការសិក្សា ឬកម្មវិធីសិក្សា ហើយរដ្ឋាភិបាលបានសម្រេចសម្រួលដល់ពួកគេក្នុងការបញ្ចប់កម្មវិធីនេះ។
ជប៉ុនបានដាក់ចេញបម្រាមចូលកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំមុន ក្រោមបរិបទព្រួយបារម្ភចំពោះការរីករាលដាលខ្ពស់នៃប្រភេទអូមីក្រុង។ បម្រាមនេះត្រូវបានបន្តរហូតដល់ចុងខែកុម្ភៈ។
រដ្ឋាភិបាលបានឱ្យដឹងថានឹងបន្ធូរបន្ថយការរឹតបន្តឹងចូលប្រទេស ប្រសិនបើមាន “ស្ថានភាពពិសេស” រួមទាំងការទៅសួរសុខទុក្ខអ្នកជំងឺធ្ងន់ធ្ងរ ឬចូលរួមពិធីបុណ្យសព ប៉ុន្តែគោលការណ៍បច្ចុប្បន្ននៅតែរក្សាដដែល បន្ទាប់ពីករណីអូមីក្រុងមានការកើនឡើង។ លោក Matsuno បាននិយាយថា រដ្ឋាភិបាលនឹងពិនិត្យករណីបុគ្គល ដើម្បីធ្វើការលើកលែងបន្ថែមទៀត។
ការផ្លាស់ប្តូរនេះកើតឡើងក្នុងបរិបទអ្នកសិក្សា និងអ្នកសេដ្ឋកិច្ចមានការព្រួយបារម្ភចំនួននិស្សិតបរទេសបោះបង់ការសិក្សានៅប្រទេសជប៉ុន ខណៈប្រឈមនឹងការគ្រប់គ្រងព្រំដែនតឹងរឹង។
ប្រធាន ANA លោក Shinya Katanozaka បាននិយាយថា វិធានការរបស់រដ្ឋាភិបាលកំពុង “ប៉ះពាល់ដល់និស្សិតបរទេស និងអាជីវកម្មដែលជួលកម្មករបរទេស” ។
សេចក្តីថ្លែងការណ៍ក្នុងបរិបទជើងហោះហើរអន្តរជាតិធ្លាក់ចុះយ៉ាងខ្លាំង “ខ្ញុំសង្ឃឹមថារដ្ឋាភិបាលនឹងធ្វើឱ្យមានតុល្យភាពរវាងការគ្រប់គ្រងការឆ្លងវីរុសប្រកបដោយប្រសិទ្ធភាព និងសកម្មភាពសេដ្ឋកិច្ចសង្គមតាមទស្សនៈវិទ្យាសាស្ត្រ” ។
Sacchan