ក្រុមហ៊ុន Yahoo ជប៉ុនអនុញ្ញាតឱ្យបុគ្គលិកជិះយន្តហោះទៅធ្វើការមែនឬ?
ដោយសារឥទ្ធិពលជំងឺកូវីដ ១៩ រដ្ឋាភិបាលលើកទឹកចិត្តទម្រង់ធ្វើការពីចម្ងាយ (Remote Work) ហេតុដូច្នេះអាជីវកម្មជប៉ុនកាន់តែច្រើនកាត់បន្ថយចំនួនថ្ងៃទៅធ្វើការសម្រាប់បុគ្គលិក។ ជាពិសេសចំពោះក្រុមហ៊ុន IT បុគ្គលិកមិនមានការលំបាកអ្វីឡើយនៅពេលធ្វើការពីចម្ងាយ ព្រោះពួកគេអាចដោះស្រាយបញ្ហាបច្ចេកទេសបានយ៉ាងល្អ។ ប៉ុន្តែក្រោមស្ថានភាពបច្ចុប្បន្ន យ៉ាងហោចណាស់ពីរបីដងក្នុងមួយខែ ឬពីរបីដងក្នុងមួយសប្តាហ៍ បុគ្គលិកត្រូវទៅការិយាល័យ។ ជាការពិតណាស់ យើងនៅតែមិនទាន់បានត្រៀមលក្ខណៈបច្ចេកវិទ្យា និងស្មារតីគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការងារពីចម្ងាយទាំងស្រុងឡើយ។
គ្មាននរណាម្នាក់ចង់អោយមានជំងឺរាតត្បាតនោះទេ ហើយក៏កម្រនឹងធ្វើការមិនចាំបាច់ទៅការិយាល័យដែរ។ ជនជាតិជប៉ុនជាច្រើនចង់ទទួលយកបទពិសោធន៍ការងារពីចម្ងាយនៅកន្លែងដាច់ស្រយាល ប៉ុន្តែជាក់ស្តែងពិតជាពិបាកណាស់ ព្រោះពួកគេត្រូវទៅក្រុមហ៊ុនតាមកាលវិភាគ។
ដោយដឹងអំពីចំណុចនេះ YAHOO! JAPAN បានស្នើររបៀបថ្មីមួយ ក្នុងនោះបុគ្គលិករបស់ពួកគេអាចធ្វើការនៅគ្រប់ទីកន្លែងទូទាំងប្រទេសជប៉ុន។
សូមផ្តោតអារម្មណ៍ធ្វើការពីចម្ងាយ ជាមួយនឹងជំនួយរហូតដល់ ១៥០,០០០ យ៉េនក្នុងមួយខែ អ្នកអាចទៅធ្វើការតាមយន្តហោះបាន។
គោលដៅបុគ្គលិកពេញម៉ោង បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកក្រៅម៉ោង សរុបប្រមាណ ៨០០០ នាក់។
ស្តាប់ទៅល្អណាស់មែនទេ?
ប្រហែលកាលពី ២០ ឆ្នាំមុន ខ្ញុំក៏ធ្លាប់ជាបុគ្គលិករបស់ YAHOO! JAPAN ដែរ។ នៅពេលនោះថ្នាក់លើរបស់ខ្ញុំច្រើនជិះ Shinkansen ទៅធ្វើការ។ ពិតណាស់ការធ្វើដំណើរថ្លៃ ដូច្នេះក្រុមហ៊ុនធម្មតាមិនអាចឧបត្ថម្ភបុគ្គលិកឱ្យជិះ Shinkansen ទៅធ្វើការបានទេ។ ទោះជាយ៉ាងណានោះជារឿងកាលពី ២០ ឆ្នាំទៅហើយ។
នៅពេលនោះខ្ញុំគិតថាក្រុមហ៊ុនពិតជាអស្ចារ្យណាស់ ប្រហែលចំណេញច្រើនទើបធ្វើដូច្នេះ ប៉ុន្តែលើកនេះគេធ្វើខ្លាំងជាងមុនទៅទៀត។ ជិះយន្តហោះមែនឬ?
ដោយសារតែជិះយន្តហោះតម្រូវអោយបំពេញបែបបទច្រើន ដូច្នេះ YAHOO! JAPAN ហាមឃាត់សំណើការងារដែលមិនបានគ្រោងទុក។ សំណើទៅកាន់ការិយាល័យត្រូវធ្វើមុនយ៉ាងតិច ២ ថ្ងៃ។
ដូច្នេះបុគ្គលិកដែលនៅតំបន់ដាច់ស្រយាលដូចជាហុកកៃដូឬអូគីណាវ៉ា នៅតែអាចធានាថាពួកគេមកដល់ការិយាល័យតាមចំនួនថ្ងៃកំណត់ត្រឹមត្រូវ។
អាចនិយាយបានថាយន្តការនេះឆ្ពោះទៅរករបៀបធ្វើការពីចម្ងាយយ៉ាងល្អឥតខ្ចោះ ប៉ុន្តែជាលទ្ធផល តើទម្រង់ការងារពីចម្ងាយអាចបង្កើនប្រសិទ្ធភាពការងារដែរទេ? តើការបណ្តុះបណ្តាលបុគ្គលិកថ្មីនឹងទៅជាយ៉ាងណា?
លទ្ធផលយ៉ាងណាត្រូវរង់ចាំប៉ុន្មានឆ្នាំទៀតទើបរកឃើញចម្លើយ។ នៅពេលដែលយើងចាត់ទុកការងារពីចម្ងាយដូចជា “រឿងធម្មតា” ប្រហែលជាមនុស្សជាច្រើននឹងសប្បាយចិត្ត ព្រោះតែជីវិតកាន់តែងាយស្រួល ប៉ុន្តែតើយើងនឹងជោគជ័យទេ?
Kengo Abe