ប្អូនស្រីជនជាតិជប៉ុនអាយុ ១៧ ឆ្នាំយកឈ្នះការប្រកួត Microsoft Excel ទូទាំងពិភពលោក

សិស្ស​វិទ្យាល័យស្រីម្នាក់ដែល​រស់នៅ​ភាគនិរតី​ប្រទេស​ជប៉ុននាំមុខការប្រកួត Microsoft Excel ​នៃ​កម្មវិធី (Microsoft Office Specialist World Championship – MOSWC) ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២១ ។ 

នេះជាលើកទីមួយហើយដែលសិស្សមកពីប្រទេសជប៉ុនទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងការប្រកួតរបស់ Microsoft ដែលជាកន្លែងប្រមូលផ្តុំសិស្សរាប់លាននាក់មកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីសមត្ថភាពប្រើប្រាស់កម្មវិធីកុំព្យូទ័រតាមលក្ខណៈរបស់ខ្លួន។

Ami Nakazono ជាសិស្សឆ្នាំពីរនៅវិទ្យាល័យ Yahata ខេត្ត Fukuoka ជាអ្នកនាំមុខការប្រកួត Microsoft Excel រង្វាន់ MOSWC ឆ្នាំ ២០២១ ។

សិស្សស្រី Ami Nakazono អាយុ ១៧ ឆ្នាំ ជាសិស្សឆ្នាំទី ២ នៅវិទ្យាល័យ Yahata ខេត្ត Fukuoka រីករាយនឹងជ័យជម្នះរបស់ខ្លួន “ដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ ខ្ញុំអាចបង្ហាញទេពកោសល្យរបស់ខ្លួនក្នុងការប្រកួតប្រជែង” ។

ការប្រកួតឆ្នាំនេះធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានការចូលរួមពីបេក្ខជនជាង ២០ ម៉ឺននាក់ រួមទាំងសិស្សវិទ្យាល័យ សិស្ស​សាលា​បច្ចេកវិទ្យា និងនិស្សិតសាកលវិទ្យាល័យមកពី ១០៨ ប្រទេស។

បេក្ខជនចំនួន ១៦០ នាក់មកពី ៣៣ ប្រទេស ចូលរួមប្រកួតជុំចុងក្រោយ ដែលរួមមានការប្រឡងប្រើកម្មវិធីរបស់ Microsoft Office ។ នេះ​ក៏​ជា​លើក​ទី​មួយដែលរង្វាន់ជើងឯកធ្វើឡើងតាមរយៈអនឡាញ ដោយសារ​ឥទ្ធិពលជំងឺរាត​ត្បាត​កូវីដ ១៩ ។

ចំពោះការប្រឡង Microsoft Excel បេក្ខជនឈានចូលវគ្គផ្តាច់ព្រ័ត្រត្រូវបានវាយតម្លៃដោយផ្អែកលើកម្រិតត្រឹម​ត្រូវ ក៏ដូចជាសមត្ថភាពបង្កើតរបាយការណ៍ដោយប្រើក្រាហ្វបន្ទាត់ និងតារាងជួរឈរ ខណៈពេលដែលប្រមូល និងវិភាគទិន្នន័យ។ រយៈពេលប្រឡងប្រហែលជា ៣,៥ ម៉ោង។

ប្អូនស្រី Ami Nakazono បានចែករំលែកថា “ខ្ញុំព្យាយាមបង្កើតទិន្នន័យដែលនរណាមើលហើយក៏ងាយយល់ដែរ ដោយបានត្រៀមខ្លួនជាស្រេច ដូច្នេះខ្ញុំមានអារម្មណ៍ថាខ្លួនធ្វើបានល្អ ហើយ​អ្វី​ដែល​ចម្លែក​នោះ ខ្ញុំ​មិន​ភ័យ​ក្នុង​ពេល​​ប្រកួត​ឡើយ” ។

កាលនៅរៀនបឋមសិក្សា Ami Nakazono ចូលចិត្តកុំព្យូទ័រ។ ដោយសារម្តាយរបស់ប្អូនជាគ្រូបង្រៀនកុំព្យូទ័រ ប្អូនតែង​តែឈានចូលថ្នាក់រៀនកុំព្យូទ័រដែលម្តាយនាងបង្រៀនអនុវត្ត។ ពេលឡើងថ្នាក់ទី ៦ Ami Nakazono ក៏ធ្លាប់ឈ្នះ​ការ​ប្រកួតវាយអក្សរកុំព្យូទ័រថ្នាក់ជាតិ “MaiPaso” ដែលរៀបចំដោយ The Mainichi Newspaper ផងដែរ។

នៅពេលចូលរៀនវិទ្យាល័យ Ami Nakazono ខកខានឱកាសចូលក្លឹបកុំព្យូទ័ររបស់សាលា ព្រោះតែប្អូនត្រូវសម្រាកនៅ​មន្ទីរ​ពេទ្យប្រហែលមួយសប្តាហ៍។ បន្ទាប់មកសាលាក៏ត្រូវបិទទ្វារបណ្តោះអាសន្នដោយសារជំងឺរាតត្បាត។ ដោយ​សារ​តែ​ច្រណែន​នឹង​មិត្តរួមថ្នាក់អាចចូលរួមសកម្មភាពក្លឹប Ami Nakazono បានសម្រេចចិត្តសាកល្បងអ្វីមួយ។

ប្អូនបានសម្រេចចិត្តចូលរួមការប្រឡងយកវិញ្ញាបនប័ត្រដែលផ្តល់ដោយ Microsoft និងឆ្លងកាត់ការប្រឡងនៅនិទាឃរដូវឆ្នាំ ២០២១ ។ នេះក៏ជាតម្រូវការដំបូងក្នុងការចូលរួមរង្វាន់ MOSWC ២០២១ ។

Ami Nakazono ចែករំលែកថា “ខ្ញុំមានឱកាសតិចតួចណាស់ក្នុងការបង្ហាញជំនាញរបស់ខ្លួនលើការប្រកួតអន្តរ​ជាតិ។ ខ្ញុំ​មិន​ចង់​សោកស្ដាយ​ដែល​បាត់បង់​ឱកាស​នេះ​ទេ” ។

ក្រៅពីរៀននៅសាលា Ami Nakazono បានចំណាយពេលមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីស្វែងយល់បន្ថែមអំពីការប្រកួត ក៏ដូចជារៀនរូបមន្ត គំរូលំហាត់សម្រាប់ទម្រង់គណិតវិទ្យា និងក្រាហ្វ។

បន្ទាប់ពីបានឈ្នះការប្រកួត MOSWC ២០២១ ក្នុងប្រភេទ Microsoft Excel ប្អូនស្រី Ami Nakazono ក៏បានចែក​រំលែក​ផ្លូវទៅថ្ងៃក្រោយផងដែរ។

“ខ្ញុំមិនទាន់សម្រេចចិត្តអ្វីចំពោះអនាគតនៅឡើយទេ ប៉ុន្តែខ្ញុំចង់ប្រើជំនាញរបស់ខ្លួនដើម្បីជួយអ្នកដទៃ” ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: