ទារកអាយុ ២ ខែត្រូវឪពុកបង្កើតប្រើអំពើហិង្សាវាយបាក់ជើងឆ្វេង និងដាក់ក្នុងទូរទឹកកក
បុរសអាយុ ៤២ ឆ្នាំម្នាក់រស់នៅទីក្រុងភាគខាងលិចប្រទេសជប៉ុនត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១០ ខែមករា ដោយចោទប្រកាន់ពីបទទុកកូនប្រុសទីពីរអាយុ ២ ខែក្នុងទូរទឹកកក។
ប៉ូលីសខេត្ត Osaka បានអោយដឹងថាបុរសឈ្មោះ Tatsuji Nishioka ជាបុគ្គលិកការិយាល័យរស់នៅ Higashisumiyoshi បានរៀបការ និងមានកូនប្រុសពីរនាក់។
ទីស្នាក់ការប៉ូលីសខេត្តអូសាកា
មុននោះប្តីប្រពន្ធលោក Nishioka នាំកូនប្រុសពៅទៅកាន់មន្ទីរពេទ្យកាលខែសីហាឆ្នាំ ២០២១ ព្រោះតែជើងរបស់ទារកហើម។ តាមរយៈការពិនិត្យគ្រូពេទ្យបានរកឃើញថាឆ្អឹងជើងឆ្វេង និងឆ្អឹងជំនីរបស់ទារកត្រូវបាក់។ ដោយបារម្ភថាទារកត្រូវគេធ្វើបាប គ្រូពេទ្យម្នាក់បានរាយការណ៍ប្រាប់ប៉ូលីស និងមជ្ឈមណ្ឌលប្រឹក្សាសុខុមាលភាពកុមារ។
ភ្លាមៗនោះប៉ូលីសបានរកឃើញរូបថត វីដេអូក្នុងកុំព្យូទ័រ និងទូរស័ព្ទរបស់លោក Nishioka ចាប់យកទិដ្ឋភាពកូនប្រុសត្រូវឪពុក Nishioka បោះចូលទៅក្នុងទូទឹកកក។
ប៉ូលីសសង្ស័យថានេះជាករណីអំពើហិង្សាធ្ងន់ធ្ងរ ជាមួយគ្នានេះកូនប្រុសច្បងរបស់ Nishioka ក៏ត្រូវឪពុកម្តាយបង្កើតធ្វើបាបជាប្រចាំផងដែរ។
ចំពោះការចោទប្រកាន់របស់ប៉ូលីស លោក Nishioka បានបដិសេធអំពើហិង្សាលើកូនប្រុសពៅ ហើយនិយាយថាការដែលទុកកូនប្រុសក្នុងទូរទឹកកកមិនមែនចង់ធ្វើទារុណកម្មឬធ្វើបាបកូននោះទេ។
រូបភាព https://news.livedoor.com/article/detail/21492319/
ក្នុងអំឡុងពេលស៊ើបអង្កេតប៉ូលីសបានរកឃើញបន្ថែមទៀតថាប្តីប្រពន្ធលោក Nishioka នាំកូនប្រុសទាំងពីរនាក់របស់ខ្លួនទៅសណ្ឋាគារមួយនៅទីក្រុង Fukuoka ភាគនិរតីប្រទេសជប៉ុន ដើម្បីធ្វើដំណើរក្នុងខែមេសា ឆ្នាំ ២០២១ ។ នោះក៏ជាពេលលោកឪពុកដាក់កូនប្រុសចូលក្នុងទូទឹកកកដែលមានសីតុណ្ហភាព ១៨ អង្សារនៅសណ្ឋាគាររួចថតទុក។ មិនត្រឹមតែប៉ុណ្ណឹងប៉ូលីសក៏រកឃើញថា Nishioka ប្រើឧទ្ធម្ភាគចក្រប្រដាប់ប្រដាក្មេងលេងដែលបញ្ជាពីចម្ងាយទៅបុកដៃកូនប្រុសរបស់ខ្លួនកាលពីខែមីនា ឆ្នាំ ២០២១ ។ បច្ចុប្បន្ននេះក្មេងប្រុសទាំងពីរនាក់ត្រូវបានបំបែកចេញពីប្តីប្រពន្ធលោក Nishioka ហើយបញ្ជូនទៅកាន់មណ្ឌលថែទាំ ការពារកុមារ។ ភ្នាក់ងារស៊ើបអង្កេតនឹងបន្តបំភ្លឺករណីអំពើហិង្សានេះ។
yukie