ប្រជាជនជប៉ុនត្រូវគេចាត់ទុកជាមនុស្ស “សោះកក្រោះ” តើអ្នកមានអារម្មណ៍បែបនេះទេ?
ខ្ញុំក៏ធ្លាប់ឮគេនិយាយថា ជនជាតិជប៉ុនជាមនុស្សមានភាពស្មោះត្រង់ និងចិត្តល្អ ប៉ុន្តែទន្ទឹមនឹងនេះក៏មានមតិជាច្រើននិយាយថា “ប្រជាជនជប៉ុនសោះកក្រោះ” ផងដែរ។
តើតាមពិតទៅយ៉ាងម៉េចវិញ?
អ្នកដែលកំពុងរស់នៅជប៉ុន ហើយមានមិត្តភក្តិជាជនជាតិជប៉ុន តើអ្នកយល់យ៉ាងណាចំពោះសំណួរនេះ?
ខ្ញុំគិតថា បរិស្ថានជប៉ុនបុរាណពិបាកក្នុងការរស់នៅណាស់ រដូវរងាត្រជាក់ខ្លាំង រដូវក្តៅស្អុះស្អាប់ អាប់អួរ។ មិនត្រឹមតែប៉ុណ្ណឹង មានគ្រោះធម្មជាតិញឹកញាប់ដូចជារញ្ជួយដី ស៊ូណាមិ បន្ទុះភ្នំភ្លើង។
ដោយសារតែការបរបាញ់មិនអាចធានាស្ថិរភាពជីវិត ដូច្នេះជនជាតិជប៉ុនបុរាណផ្តោតលើការអភិវឌ្ឍកសិកម្ម។ ជប៉ុនជាប្រទេសដែលមានវាលទំនាបតិចតួច ក្រៅពីនេះ ព្រិលធ្លាក់ ឬទឹកជំនន់កើតឡើងញឹកញាប់ ហេតុនេះមនុស្សត្រូវរៀនរស់នៅជាសហគមន៍ ដើម្បីទប់ទល់នឹងធម្មជាតិ។ តាមរយៈរបៀបរស់នៅបែបសហគមន៍នេះ បង្កើតបានជាមូលដ្ឋានគ្រឹះបុគ្គលិកលក្ខណៈប្រជាជនជប៉ុន។
ពេលរស់នៅជាមួយគ្នាអ្វីដែលសំខាន់បំផុតគឺជៀសវាងបញ្ហាមិត្តភក្ដិ ទោះបីចង់ចង្អុលបង្ហាញកំហុសរបស់នរណាម្នាក់ មិនអាចនិយាយចំៗនោះទេ ព្រោះខ្លាចប៉ះពាល់ដល់មិត្តភាព ហើយក៏មិនអាចធ្វើឲ្យខ្លួនលេចធ្លោក្នុងក្រុមពេកដែរ។
នៅពេលដែលសហគមន៍រស់នៅជាមួយគ្នា ដើម្បីជម្នះការលំបាកជាមួយគ្នា មានន័យថាត្រូវពឹងពាក់ និងជួយគ្នាទៅវិញទៅមក ដូច្នេះខ្ញុំគិតថាសហគមន៍នេះត្រូវបានហ៊ុំព័ទ្ធដោយចិត្តសប្បុរស។
ទោះជាយ៉ាងណា ឥឡូវនេះមានការផ្លាស់ប្តូរជាច្រើន មូលហេតុមួយផ្នែកដោយសារដង់ស៊ីតេប្រជាជនច្រើន ប្រមូលផ្តុំនៅតាមទីក្រុង។ ការរស់នៅស្រុកកំណើត ជាកន្លែងដែលអ្នកធំដឹងក្តី នៅជុំវិញខ្លួនមានមនុស្សជាច្រើនរួមទាំងក្រុមគ្រួសារស្គាល់អ្នក ដូច្នេះទោះចង់ធ្វើរឿងអាត្មានិយមក៏ត្រូវគិតមុខគិតក្រោយដែរ។ ប៉ុន្តែនៅពេលដែលអ្នកមកដល់ទីក្រុងធំ ជុំវិញសុទ្ធតែជាមនុស្សដែលមិនស្គាល់ គំនិត និងសកម្មភាពរបស់អ្នកក៏មិនដូចគ្នា។ មនុស្សជាច្រើនគិតថា “ខ្ញុំកំពុងប្រយុទ្ធតែម្នាក់ឯង” តាំងពីពេលនោះពួកគេក៏មានអារម្មណ៍មិនខ្វល់ពីអ្នកដទៃ ទន្ទឹមនឹងនេះមិនចង់ឲ្យនរណាជ្រៀតជ្រែករឿងរបស់ខ្លួន និងផ្ទុយមកវិញ។
នៅប្រទេសជប៉ុន ជារឿងធម្មតាទេពេលក្មេងធ្វើអ្វីខុសនឹងធ្វើឲ្យមនុស្សធំនៅជុំវិញខឹង។ យ៉ាងណាមិញ ដោយសារតែឪពុកម្តាយមិនចង់ឲ្យគេលូកដៃរឿងគ្រួសារ ការពារកូនពេក រហូតដល់វាយប្រហារអ្នកជុំវិញខ្លួនដែលកំពុងមានបំណងល្អ ហើយអ្នកផ្សេងទៀតក៏មិនអាចធ្វើអ្វីបានដែរ។
ប្រសិនបើត្រូវគេចាត់ទុកជាអ្នកក្រៅ សុខចិត្តនៅស្ងៀមតាំងពីដំបូងល្អជាង។
កុមារដែលត្រូវបានចិញ្ចឹមតាមរបៀបបែបនេះនឹងពិបាកធ្វើការសម្រេចចិត្តត្រឹមត្រូវនៅពេលពេញវ័យណាស់ ហើយអាចនឹងក្លាយជាបុគ្គលពេញវ័យដែលអាត្មានិយម។ ហើយក្មេងម្នាក់នោះក៏ចិញ្ចឹមកូនរបស់ខ្លួនតាមរបៀបដូចគ្នា។
វាលវដ្តសង្សារនេះកំពុងក្លាយជាបញ្ហានៅក្នុងសង្គមជប៉ុនបច្ចុប្បន្ន។
ទោះជាយ៉ាងណា ខ្ញុំគិតថា នៅតែមានប្រជាជនជប៉ុនជាច្រើនជួយអ្នកខ្វះខាត ហើយក៏មានអ្នកខ្លះចង់ជួយ ប៉ុន្តែខ្លាចជាប់ពាក់ព័ន្ធ។ ហេតុនេះពួកគេមិនព្រងើយកន្តើយចំពោះស្ថានភាពនោះទេ មិនមែនជាប្រភេទមនុស្ស “សោះកក្រោះ” ដូចដែលមនុស្សជាច្រើនបានវាយតម្លៃទេ។
ហេតុដូច្នេះបើអ្នករស់នៅប្រទេសជប៉ុន ហើយជួបបញ្ហាលំបាក សូមសុំជំនួយអ្នកនៅជុំវិញខ្លួន ប្រាកដជាមានជនជាតិជប៉ុនចិត្តល្អជួយអ្នកជាមិនខាន។
ស្ថានភាពមិនយល់ចិត្តគ្នាទៅវិញទៅមកកាន់តែអាក្រក់ឡើងៗ ជាពិសេសនៅទីក្រុងតូក្យូ និងតំបន់ជុំវិញ។ នៅក្នុងពិភពលោកដែលយើងទាំងអស់គ្នាកំពុងប្រយុទ្ធនឹងជំងឺរាតត្បាត ប្រសិនបើមនុស្សល្អមិនក្រោកឈរ ប្រទេសជប៉ុននឹងមិនមានអនាគតភ្លឺស្វាងនោះទេ។
មិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ខ្ញុំគិតថាស្ថានភាពស្រដៀងគ្នានេះនៅទីក្រុងធំៗជុំវិញពិភពលោក។
នៅទីក្រុងដែលអ្នកកំពុងរស់នៅ តើអ្នករាល់គ្នាគេយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដែរទេ?
Kengo Abe