ខ្លា Bengal វាយប្រហារបុគ្គលិក ៣ នាក់នៅ Safari Nasu ខេត្ត Tochigi

សត្វខ្លាមួយក្បាលបានវាយប្រហារបុគ្គលិកបីនាក់នៅឯ Safari Nasu ខេត្ត Tochigi កាលពីថ្ងៃពុធទី ៥ ខែមករា ដោយ​ជន​រង​គ្រោះ​ម្នាក់​ក្នុងចំណោម​បី​នាក់​ត្រូវខាំដាច់ដៃ។

ប៉ូលីស​កំពុង​ស៊ើបអង្កេត​ថា​​តើឧទ្យាន​​មាន​កំហុស​អ្វី​ខ្លះ​ក្នុង​ការ​ចិញ្ចឹមសត្វ​ខ្លា។ ជនរងគ្រោះទាំង ៣ នាក់មានអាយុប្រហែល ២០ ឆ្នាំ ម្នាក់មានស្នាមខាំជាច្រើននៅលើដងខ្លួន ម្នាក់ទៀតរងរបួសត្រង់ក្បាល និងម្នាក់ទៀតបាត់បង់​ដៃ​ស្តាំ។ បន្ទាប់ពីត្រូវវាយប្រហារជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ កំឡុងពេល​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យអ្នកទាំង ៣ នៅ​តែ​ដឹង​ខ្លួន។

រូបថតបង្ហោះដោយគណនី Twitter ផ្លូវការរបស់ Safari Nasu នៅ Nasu ខេត្ត Tochigi ។ ក្នុងរូបភាពគឺជាសត្វខ្លាដែលបានវាយប្រហារបុគ្គលិកសួនសត្វទាំង ៣ នាក់។

ពូជខ្លា Bengal អាយុ​ ១០ ​ឆ្នាំ មានប្រវែង​ប្រហែល ​២ ​ម៉ែត្រ ទម្ងន់​ ១៥០​ គីឡូក្រាម ។ ហេតុការណ៍​នេះ​​កើតឡើង​កាល​ពី​​វេលា​​ម៉ោង​ ៨ៈ៣០ ​នាទី​ព្រឹក ខណៈពេល​បុគ្គលិក​រៀបចំ​ធ្វើការ ។

នេះ​បើ​តាមសម្តីអ្នកគ្រប់គ្រងសួនសត្វនិយាយថាពេលហេតុការណ៍កើតឡើង សត្វខ្លាមិនបាននៅក្នុងតំបន់ហ៊ុមព័ទ្ធដូចរាល់ដងទេ ប៉ុន្តែនៅត្រង់ច្រករបៀងដែលនាំទៅកន្លែងតាំងពិពណ៌។

រូបថត​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២២ នៅ Safari Nasu

សារព័ត៌មាន Kyodo បានអោយដឹងថា​អ្នក​មើល​ថែ​ភ្លេច​បិទ​ទ្វារ​ទ្រុង បន្ទាប់ពីនាំយកសត្វខ្លាមកពីតាំងពិពណ៌កាលពីថ្ងៃទី ៤ ខែមករា។ ប៉ូលីសកំពុង​ស៊ើបអង្កេត និង​សង្ស័យ​ថា​មូលហេតុស្ថិតលើបញ្ហាគ្រប់គ្រង។ ក្រោយ​ពេល​កើតហេតុសួនសត្វបានសម្រេចបិទទ្វារក្នុងថ្ងៃដដែលនោះ។

Safari Nasu ផ្តល់ជូនដំណើរទេសចរណ៍ដោយរថយន្តក្រុង និងរថយន្តឯកជន។ សួនសត្វកំពុងចិញ្ចឹមសត្វប្រមាណ ៧០០ ក្បាល រួមទាំងសត្វធំដូចជាសត្វកវែង និងដំរី។

នៅទីនេះក្នុងឆ្នាំ ១៩៩៧ និងឆ្នាំ ២០០០ ក៏ធ្លាប់កើតមានឧប្បត្តិហេតុសត្វតោវាយប្រហារបុគ្គលិកដែរ។

yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: