រឿងរ៉ាវសាមូរ៉ៃ Saigo Takamori ជាវីរៈបុរសលំដាប់លេខមួយក្នុងដួងចិត្តប្រជាជនជប៉ុន
Saigo Takamori ជាសាមូរ៉ៃចុងក្រោយនៃប្រទេសជប៉ុន ដែលបានបង្កើតយុគសម័យថ្មី បន្ទាប់មកងើបឈរបះបោរប្រឆាំងនឹងសម័យកាលនោះ ហើយត្រូវបានគេគោរពបូជាដូចវីរបុរស។
នៅ Ueno ទីក្រុងតូក្យូមានរូបសំណាកសំរិទ្ធរបស់សាមូរ៉ៃរូបនេះ សម្លឹងមើលទៅកាន់ទីក្រុងយ៉ាងស្ងៀមស្ងាត់។
រូបសំណាកនេះមើលទៅស្ងប់ស្ងាត់ដូចជាកំពុងរៀបរាប់ប្រវត្តិសាស្ត្រវីរភាពរបស់វីរៈបុរសសាមូរ៉ៃដ៏ល្បីឈ្មោះ។
ដូចអ្នកទាំងអស់គ្នាដឹងហើយថាក្នុងសម័យសាមូរ៉ៃ ថ្វីត្បិតតែអធិរាជជាអ្នកដឹកនាំ ប៉ុន្តែជាក់ស្តែងអំណាចពិតប្រាកដស្ថិតលើសាមូរ៉ៃ។ នៅចុងសម័យសាមូរ៉ៃជាសម័យអេដូ ដែលគ្រប់គ្រងដោយគ្រួសារ Tokugawa ។ បន្ទាប់មកមានកំណែទម្រង់ជាបន្តបន្ទាប់ក្រោមឥទ្ធិពលរបស់ប្រទេសលោកខាងលិច បញ្ចប់សម័យសាមូរ៉ៃមានរយៈពេលប្រហែល ២៦០ ឆ្នាំ។
កប៉ាល់បើកដោយចំហាយទឹកដ៏ធំដែលជនជាតិជប៉ុនមិនធ្លាប់ឃើញពីមុនមក ប្រទេសលោកខាងលិចបានគំរាមប្រើកម្លាំងបង្ខំប្រទេសនេះឲ្យបើកទ្វារ។
ក្នុងបរិបទដែលប្រទេសកំពុងបែកបាក់គ្នាដោយសារការជជែកដេញដោលយ៉ាងខ្លាំងអំពីការបន្ត “បិទទ្វារ” ដូចបច្ចុប្បន្ន ឬបើកទ្វារតាមសំណើរបស់ប្រទេសលោកខាងលិច របប Bakufu ដួលរលំដោយជ័យជំនះរបស់ក្រុមប្រឆាំង បើកផ្លូវទៅកាន់ប្រទេសជប៉ុនទំនើប។
បុគ្គលដែលសកម្មបំផុតក្នុងរដ្ឋប្រហារទាំងនេះគឺ Saigo Takamori ប៉ុន្តែលោកក៏ជាអ្នកប្រកាសសង្រ្គាមជាមួយរដ្ឋាភិបាលថ្មីផងដែរ ហើយនៅទីបំផុតធ្វើអត្តឃាតខ្លួនឯង។ ចំពោះសកម្មភាពទាំងនេះ មនុស្សមួយចំនួនគិតមិនយល់ អ្នកខ្លះគិតថាគាត់គ្រាន់តែជាអ្នកបង្កជម្លោះ។
ដើមឡើយ Saigo ជាមន្ត្រីមានឋានៈខ្ពស់ ទទួលភារកិច្ចត្រួតពិនិត្យគុណភាពស្ពាន ផ្លូវ។ គាត់បានស្នើទៅកាន់ថ្នាក់លើអំពីគោលនយោបាយកសិកម្មម្តងហើយម្តងទៀត ហើយចាប់តាំងពីពេលនោះត្រូវបានវាយតម្លៃខ្ពស់។ ទោះបីជាក្នុងរយៈពេលខ្លី គាត់បានបង្កើតបណ្តាញភ្ជាប់សាមូរ៉ៃតាមតំបន់ចូលគ្នា។
Saigo ធ្លាប់និយាយចំៗអំពីចំណុចខ្វះខាតរបស់ជប៉ុន និងស្នើកំណែទម្រង់ ហើយទទួលបានការគាំទ្រជាច្រើន។ គួរឲ្យស្តាយចាប់តាំងពីពេលអ្នកជួយលោកស្លាប់ Naosuke Ii នៃក្រុមអភិរក្សនិយមគ្រប់គ្រង Bakufu គាបសង្កត់ Saigo យ៉ាងព្រៃផ្សៃរហូតធ្វើឲ្យគាត់គិតចង់ធ្វើអត្តឃាត។ ជាការពិត Saigo ជាមនុស្សមនោសញ្ចេតនា គ្មានល្បិចកល មិនសមនឹងនាមជាសាមូរ៉ៃមួយរូបឡើយ។
បុគ្គលនេះធ្លាប់មានបទពិសោធន៍រស់នៅលើកោះដាច់ស្រយាលរយៈពេល ៥ ឆ្នាំ។ ចាប់ពីអាយុ ៣១ ដល់ ៣៦ ឆ្នាំ គាត់ក្លាយជាឧក្រិដ្ឋជន ហើយត្រូវនិរទេសព្រោះតែធ្វើឲ្យអ្នកគ្រប់គ្រងមូលដ្ឋានសម័យនោះខឹង។
ការរស់នៅលើកោះធ្វើឲ្យគាត់មានពេលសញ្ជឹងគិតពីជីវិត អំពីកិច្ចការដែលគាត់គួរសម្រេចនៅថ្ងៃក្រោយ។ ក្នុងកំឡូងពេលនោះ លោកបានបន្សល់ទុកពាក្យសម្តីដូចខាងក្រោម៖
ដោយសារមានកិច្ចការជាច្រើនដែលត្រូវធ្វើ បានជាទេវតាសង្គ្រោះជីវិតខ្ញុំ
ហេតុនេះបន្ទាប់ពីយើងបានបំពេញការងារដែលត្រូវធ្វើ ទេវតាក៏មកដកយកជីវិត
ដូច្នេះនៅពេលដែលទេវតាប្រើយើង យើងត្រូវបំពេញបេសកកម្មរបស់ខ្លួន
លោកបានសរសេរសំបុត្របន្សល់ទុកអក្សរបួនតួ 敬天愛人 (Keitenaijin) – មានន័យថាគោរពទេវតា ស្រឡាញ់មនុស្ស។
រូបភាព https://www.nippon.com/ja/views/b07204/
ក្រោយមកនៅឆ្នាំ ១៨៦៤ Saigo បានវិលត្រឡប់មកនយោបាយវិញក្នុងនាមជាមេបញ្ជាការយោធានៃ Satsuma ។
ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន Saigo ដឹកនាំកងទ័ពទៅភាគខាងជើង ទម្លាក់ទីក្រុងក្យូតូ បន្ទាប់មកអេដូ (ទីក្រុងតូក្យូសព្វថ្ងៃ) ។ លោកមិនបានប្រយុទ្ធនៅអេដូ ហើយក៏មិនចាំបាច់បង្ហូរឈាម នៅតែរំដោះក្រុងដោយជោគជ័យ។
លទ្ធផលគាត់បានធ្វើឲ្យសម័យអេដូវិនាស ហើយក្នុងពេលជាមួយគ្នានេះបើកផ្លូវឆ្ពោះទៅកាន់យុគសម័យទំនើបនៃរដ្ឋាភិបាល Meiji ។ ចូលរួមបដិវត្តដ៏អស្ចារ្យនេះជាមួយ Saigo រួមមាន Toshimichi Okubo និង Takayoshi Kido ដែលសរុបមានវីរបុរស ៣ រូប។ ទោះជាយ៉ាងណា គុណសម្បត្តិធំនៅតែជារបស់ Saigo ប្រសិនបើមិនពឹងលើជំនាញបញ្ចុះបញ្ចូលដ៏ឆ្នើមរបស់ Saigo ទេ តំបន់អេដូទាំងមូលនឹងធ្លាក់ក្នុងភ្លើងឆេះ។
ថ្វីត្បិតតែមិនអាចប្រៀបនឹងអ្នកនយោបាយពីរនាក់ផ្សេងទៀត ប៉ុន្តែបើនិយាយពីទឹកចិត្តរបស់ប្រជាជន គ្មាននរណាម្នាក់អាចប្រៀបនឹង Saigo នោះទេ។ នៅពេលដែលរដ្ឋាភិបាល Meiji ត្រូវបានបង្កើត Saigo ឡើងឋានៈជាឧត្តមសេនីយ៍កងទ័ពទៅហើយ។
នៅលើផ្លូវទំនើបភាវូបនីយកម្ម ជប៉ុនលេចឡើងចលនាដណ្តើមយកកូរ៉េ។ ដោយបរាជ័យក្នុងការជជែកពិភាក្សាជុំវិញបញ្ហានេះ Saigo ត្រឡប់ទៅស្រុកកំណើតនៅ Kagoshima វិញ។
អំឡុងពេលនោះ គាត់រស់នៅយ៉ាងស្រួលនៅស្រុកកំណើតដោយពឹងលើកសិផល និងបរបាញ់សត្វព្រៃ។ ប៉ុន្តែនៅឆ្នាំ ១៨៧៧ ព្រោះតែអតីតសមមិត្តពីមុនអូសទាញ Saigo ចូលរួមក្នុងការបះបោរប្រឆាំងនឹងរដ្ឋាភិបាល Meiji ដែលហៅថា “ការបះបោរ Satsuma” ។ ការបះបោរបរាជ័យ គាត់ធ្វើអត្តឃាតខ្លួនឯងនៅអាយុ ៤៩ ឆ្នាំ រឿងនេះក៏ត្រូវគេចាត់ទុកថាជាសង្គ្រាមស៊ីវិលចុងក្រោយរបស់ជប៉ុនផងដែរ។
Saigo បានក្លាយជាគំរូតួអង្គក្នុងរឿង The Last Samurai ដែលជាតួឯកសម្តែងដោយកំពូលតារា Tom Cruise ។ តួអង្គនេះត្រូវបានសម្តែងដោយ Ken Watanabe ជាសាមូរ៉ៃដែលប្រយុទ្ធជាមួយតួអង្គ Tom Cruise ។
ថ្វីត្បិតតែ ចាកចេញក្នុងនាមជាអ្នកបះបោរម្នាក់ នៅឆ្នាំ ១៨៨៩ កិត្តិយសរបស់វីរបុរសត្រូវបានស្តារឡើងវិញក្រោយលើកលែងទោស។
រយៈពេល ១៥០ ឆ្នាំបានកន្លងផុតបន្ទាប់ពីការបង្កើតរដ្ឋាភិបាល Meiji ដោយសារតែបរាជ័យក្នុងសង្រ្គាម ស្ថាប័នរបស់ជប៉ុនក៏ផ្លាស់ប្តូរតិច ឬច្រើន ប៉ុន្តែនៅតែធ្វើតាមគោលការណ៍របស់ Meiji ។ ការផ្លាស់ប្តូរគោលនយោបាយទាំងនេះ គឺជារឿងដែល Saigo វីរៈបុរសលំដាប់លេខមួយក្នុងដួងចិត្តប្រជាជនជប៉ុនពេលនោះគោរពបូជា រហូតដល់បាត់បង់កិត្តិយសរបស់ខ្លួន។
យើងដែលជាជនជាតិជប៉ុនជំនាន់ក្រោយតែងតែត្រូវបានបង្រៀនថា គោលការណ៍របស់ Meiji គឺត្រឹមត្រូវ។ ជាការពិតនោះជាទ្រឹស្តីរបស់អ្នកឈ្នះ អ្នកចាញ់គ្មានសិទ្ធិលើកសីលធម៌នោះទេ។
The Last Samurai
ប្រទេសមួយនៅក្នុងឧត្តមគតិរបស់ Saigo ហើយក៏ជាមូលហេតុដែលគាត់សុខចិត្តប្រថុយជីវិតដើម្បីប្រយុទ្ធ មិនត្រឹមតែជនជាតិជប៉ុនប៉ុណ្ណោះទេ សូម្បីតែពិភពលោកទាំងមូលក៏គួរគិតឲ្យបានម៉ត់ចត់ចំពោះរឿងនេះ។
Kengo Abe