ភ្នំហ្វូជីនឹងផ្ទុះនៅថ្ងៃណាមួយ ទោះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស ប៉ុន្តែមិនត្រូវធ្វេសប្រហែសឡើយ
ភ្នំហ្វូជីគឺជាកន្លែងមួយដែលមានទេសភាពទាក់ទាញ និយាយពីកម្ពស់ទោះបីភ្នំហ្វូជីមិនអាចប្រៀបនឹងភ្នំផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែរូបរាងភ្នំមានតុល្យភាព ស្រស់ស្អាត លើសពីនេះទេសភាពធម្មជាតិប្លែកៗ ធ្វើឲ្យរូបភាពភ្នំហ្វូជីកាន់តែល្បីមិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងល្បីនៅលើពិភពលោកទៀតផង។
រូបភាព https://gunosy.com/articles/ePHVu?s=s
ទោះជាយ៉ាងណា វានៅតែជាភ្នំភ្លើង។
ភ្នំភ្លើងដែលកើតចេញពីបន្ទុះភ្នំភ្លើងត្រូវបានបែងចែកជា ៣ ប្រភេទ។
ដំបូងគេគឺ (Shikazan) សំដៅលើភ្នំភ្លើងដែលបានរលត់ លែងមានលទ្ធភាពផ្ទុះ បន្ទាប់មកគឺ (Kyuukasan) សំដៅលើភ្នំភ្លើងដែលកំពុងដេកលក់ អសកម្មបណ្តោះអាសន្ន និងជាចុងក្រោយគឺ (Katsukazan) ជាភ្នំភ្លើងសកម្ម។
កាលខ្ញុំនៅតូច ភ្នំហ្វូជីត្រូវគេចាត់ទុកក្នុងប្រភេទភ្នំដែលកំពុងដេកលក់ ប៉ុន្តែការបែងចែកបច្ចុប្បន្នទៅជាភ្នំភ្លើងសកម្ម។ ភ្នំហ្វូជីគឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មទាំង ១០៨ នៅទូទាំងប្រទេសជប៉ុន ប៉ុន្តែមិនដឹងថាពេលណានឹងផ្ទុះនោះទេ។ កម្រិតគ្រោះថ្នាក់របស់ភ្នំទាំងនេះខ្ពស់ខ្លាំងណាស់ ព្រោះពិបាកក្នុងការព្យាករណ៍។
តាមរយៈលទ្ធផលសង្កេតសកម្មភាពដែលនៅសេសសល់ ករណីផ្ទុះកាលពីឆ្នាំ ៧៨១ រហូតមកដល់ពេលនេះកត់សម្គាល់ឃើញថា ករណីភ្នំភ្លើងផ្ទុះចំនួន ១៧ ដង ដូច្នេះជាមធ្យមភ្នំភ្លើងនឹងផ្ទុះរាល់ ៧៣ ឆ្នាំម្តង។
ភ្នំភ្លើងផ្ទុះនៅពេលដែល Magma ខាងក្នុងប្រមូលផ្តុំឈានដល់កម្រិត ហើយផ្ទុះក្នុងពេលតែមួយ។ ទាំងនេះមានន័យថា ប្រសិនបើភ្នំភ្លើងមិនផ្ទុះអស់រយៈពេលជាច្រើនឆ្នាំ បរិមាណ Magma ដែលប្រមូលផ្តុំនៅក្រោមដីច្រើន នឹងធ្វើឲ្យការខូចខាតដែលបណ្តាលមកពីបន្ទុះភ្នំភ្លើងធ្ងន់ធ្ងរកាន់តែខ្លាំងឡើង។
ភ្នំហ្វូជីអសកម្មអស់រយៈពេល ៣១៥ ឆ្នាំមកហើយ ចាប់តាំងពីករណីផ្ទុះចុងក្រោយកើតឡើងនៅឆ្នាំ ១៧០៧ ។ នេះបើយោងតាមហ្វ្រេកង់ជាមធ្យមដែលបានប៉ាន់ប្រមាណខាងលើ ឃើញថាមួយរយៈពេលបានកន្លងផុតទៅ។ ដូច្នេះមានន័យថា បរិមាណ Magma នៅក្រោមដីកំពុងកើនឡើងច្រើនលើសពីការគិតទៅទៀត ត្រឹមចំណុចនេះគួរឲ្យខ្លាចណាស់ទៅហើយ។
និយាយអីញ្ចឹង ចំពោះករណីផ្ទុះធំនៅឆ្នាំ ១៧០៧ មុននោះ ៤៩ ថ្ងៃជប៉ុនទទួលរងរញ្ជួយដីដ៏គួរឲ្យខ្លាចមួយ។ ក្នុងអំឡុងពេលផ្ទុះឆ្នាំ ៨៦៤ មុនពេលផ្ទុះនៅ Kanto ក៏មានរញ្ជួយដីផងដែរ។ ករណីបន្ទុះភ្នំភ្លើងមានច្រើនដែលក្នុងនោះបណ្តាលមកពីរញ្ជួយដី។ ជាក់ស្តែងនៅឆ្នាំ ២០០០ ក៏ធ្លាប់មានហានិភ័យបន្ទុះភ្នំភ្លើងដែរ។ ក្នុងឆ្នាំនោះករណីផ្ទុះភ្នំភ្លើងមួយចំនួនកើតឡើង ចំនួនករណីបន្ទុះភ្នំភ្លើងបណ្តាលមកពីរញ្ជួយដីនៅក្រោមជើងភ្នំហ្វូជីកើនឡើង ដោយសារមូលហេតុនេះ ពាក់កណ្តាលឆ្នាំដំបូងកើតមានរញ្ជួយដីញឹកញាប់ ប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញ។
គ្រោះមហន្តរាយដ៏ធំដែលបានកើតឡើងនៅឆ្នាំ ២០១១ បួនថ្ងៃបន្ទាប់ពីរញ្ជួយដីធំកើតឡើង តំបន់ក្រោមជើងភ្នំហ្វូជីញ័រយ៉ាងខ្លាំង ក្រុមអ្នកស្រាវជ្រាវនៅពេលនោះបានស្នើសុំឲ្យត្រៀមស្មារតីភ្នំហ្វូជីនឹងផ្ទុះ។
ទោះជាយ៉ាងណា មកទល់ពេលនេះមិនទាន់មានករណីផ្ទុះនៅឡើយទេ។ តាមការរាយការណ៍រញ្ជួយដីនៅជិតភ្នំហ្វូជីកើតឡើងញឹកញាប់នៅចុងឆ្នាំ ២០២១ ពិតណាស់អាចកើតមានហានិភ័យផ្ទុះ។
ដើម្បីត្រៀមសម្រាប់ស្ថានភាពអាក្រក់ ចាំបាច់ត្រូវធ្វើត្រាប់តាមអ្វីដែលនឹងកើតឡើងនៅពេលភ្នំភ្លើងផ្ទុះ។ ហានិភ័យលេចធ្លាយ Magma និងលំហូរកម្អែរ ប៉ុន្តែនោះមិនមែនជាកង្វល់ធំបំផុតឡើយ ព្រោះចំនួនប្រជាជនដែលរស់នៅក្នុងតំបន់នោះមានចំនួនតិចតួច។ ផលប៉ះពាល់ដ៏អាក្រក់បំផុតគឺមកពីផេះភ្នំភ្លើង និងការគ្របដណ្តប់យ៉ាងទូលាយ។
រូបភាព https://www.nhk.or.jp/ashitanavi/article/2795.html
ភ្នំហ្វូជីផ្ទុះនឹងបណ្តាលអោយបរិមាណផេះភាយទៅលើអាកាស មានរយៈកម្ពស់រហូតដល់ ២០ គីឡូម៉ែត្រ។ បន្ទាប់មកបរិមាណផេះនេះត្រូវខ្យល់បក់រាលដាលទៅតំបន់ផ្សេងៗ។ ប្រសិនបើបរិមាណផេះច្រើនកកកុញលើដំបូលអគារ អាចបណ្តាលឲ្យអគាររលំ។ ផេះភ្នំភ្លើងមានមុខងារនាំចរន្តអគ្គិសនី ដូច្នេះប្រសិនបើជាប់នឹងខ្សែភ្លើង អាចបណ្តាលឲ្យដាច់ចរន្តអគ្គិសនី។ តាមការរំពឹងទុកផេះភ្នំភ្លើងនឹងប្រមូលផ្តុំជាង ២ សង់ទីម៉ែត្រក្នុងតំបន់ទីក្រុង។
ប្រហែលជាបន្ទុះភ្នំហ្វូជីមិនបង្កការខូចខាតច្រើនដល់មនុស្សនោះទេ ប៉ុន្តែចំពោះផលប៉ះពាល់ខ្នាតធំរបស់ផេះភ្នំភ្លើង បញ្ហាដាច់ភ្លើង ផ្គត់ផ្គង់ទឹក និងបញ្ហាបង្ហូរទឹកអាចរារាំងយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ។
សូមកុំភ័យស្លន់ស្លោ ប៉ុន្តែត្រូវត្រៀមខ្លួននៅពេលដែលស្ថានភាពខាងលើកើតឡើង។ លើសពីនេះបន្ទុះភ្នំភ្លើងអាចបណ្តាលអោយរូបរាងភ្នំផ្លាស់ប្តូរ ប្រហែលជាភ្នំហ្វូជីលែងមានរូបរាងស្អាតដូចសព្វថ្ងៃទៀតហើយ។ បើដូច្នេះមែននេះក៏ជាការបាត់បង់ដ៏ធំរបស់ជប៉ុនផងដែរ។
Kengo Abe