គ្រូបង្រៀនភាសាអង់គ្លេសនៅជប៉ុនម្នាក់ទិញដីទាំងមូលគ្រាន់តែដើម្បីសង្គ្រោះដើម​ពោធិ

សម្រាប់​បងប្រុស Nicholas Sutton ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​ប្រទេស​ជប៉ុន ដើម​ពោធិដែលនៅ​តាម​ផ្លូវ​គាត់​ទៅធ្វើការជា​រៀង​រាល់​ថ្ងៃ​នៅ​កោះ Fukue មិនត្រឹម​តែជា​រុក្ខជាតិប៉ុណ្ណោះទេ។

បងប្រុស Nicholas Sutton អាយុ ៣៨ ឆ្នាំ លើកដំបូងឃើញដើមមួយនេះនៅឆ្នាំ ២០១៦ កាលគាត់ និងប្រពន្ធប្តូរពីទីក្រុងតូក្យូទៅកោះ Fukue (ក្នុងកោះ Goto) ឆ្នេរសមុទ្រខេត្ត Nagasaki ។ នៅ​ជប៉ុនដើម​ឈើនេះ​មាន​ឈ្មោះ​ថា Ako ស្ថិត​នៅ​តាមផ្លូវចម្ងាយពីផ្ទះជួល ៣០០ ម៉ែត្រ ហើយវាមានកម្ពស់ជាង ១០ ម៉ែត្រ។

បងប្រុស Sutton យល់ថាដើមឈើមួយនេះពិតជាពិសេសណាស់ ព្រោះផ្នែកខ្លះនៃឫសរបស់វានៅជាប់លើផ្ទៃដី ធ្វើអោយដើមដុះកាន់តែឆ្ងាយ ក្លាយជាផ្លូវរូងក្រោមដី។ គាត់និយាយថា “ខ្ញុំធ្វើដំណើរទៅកន្លែងជាច្រើននៅលើពិភព​លោក ខ្ញុំ​ជឿ​ថា​ដើមឈើដែលមានឫសលើដីជាអ្វីម្យ៉ាងដែលពិសេស” ។

កាលពីខែធ្នូកន្លងទៅនេះនៅតាមផ្លូវត្រឡប់មកពីធ្វើការ បងប្រុស Nicholas Sutton ស្តាប់ឮសំឡេងមែកឈើបាក់ នៅខាងក្រោយដើមឈើក្រាស់ កម្មករមួយចំនួនកំពុងប្រើម៉ាស៊ីនកាប់ដើមឈើ។

Nicholas Sutton សួរថា៖ “តើបងកាត់ប៉ុន្មានមែក?” កម្មករឆ្លើយថា “មានអ្នកជួលពួកខ្ញុំឱ្យកាត់ទាំងអស់” ។ តាម​គម្រោងគេ​រុះរើ​ផ្ទះ​ចាស់ និងដើម​ឈើ ដើម្បីរៀបចំផែនការ​សាងសង់ថ្មី។

Nicholas Sutton បានសម្រេចចិត្តថាគាត់នឹងជួយសង្គ្រោះដើមឈើនេះមិនថាត្រូវធ្វើយ៉ាងណា។

គាត់បានទាក់ទងទៅ​តំណាង​អ្នក​ម៉ៅការសំណង់ ម្នាក់នោះនិយាយថា៖ “ខ្ញុំក៏មិនចង់កាប់ដើមពោធិបែបនេះដែរ” ។ ពួកគេ​គ្រាន់តែ​សុំឱ្យគាត់ចេញថ្លៃ​បន្តិចបន្តួច​ដល់​កម្មករ​ដែល​ធ្វើការ​នៅ​ថ្ងៃ​នោះ។

Nicholas Sutton បានទាក់ទងទៅក្រុមហ៊ុនអចលនទ្រព្យ នៅពេលត្រូវបានគេសួរថា៖ “តើអ្នកនឹងធ្វើអ្វីចំពោះវា?” Nicholas Sutton ឆ្លើយថា “ខ្ញុំគ្រោងនឹងរៀបចំទទួលទានអាហារជាមួយគ្រួសាររបស់ខ្ញុំនៅក្រោមដើមឈើនោះ” ។

ដោយជឿលើទឹកចិត្តរបស់លោកគ្រូ Nicholas Sutton ចំពោះដើមពោធិ ផ្នែកអចលនៈទ្រព្យបានស្នើថា “បើអ្នកចង់​ទិញ​ដើម​ឈើ ដី និងផ្ទះទាំងមូល យើងនឹងលក់ឱ្យអ្នក” ។  Nicholas Sutton យល់ព្រម បើទោះបីជាគាត់ទើប​តែ​ទទួល​បាន​ការ​យល់ស្របឱ្យទិញផ្ទះបង់រំលស់។

ដំណើរការវាយតម្លៃប្រាក់កម្ចីដ៏លំបាកបានធ្វើឱ្យ Nicholas Sutton ព្រួយបារម្ភអស់ជាច្រើនយប់។ រាល់ពេលបែបនេះ គាត់ដើរទៅកាន់ដើមឈើរួចដាក់ដៃលើវាអធិស្ឋាន។ គាត់​មាន​អារម្មណ៍​ដូចជាទទួលបានការលួង​លោម​ថា “មិនអីទេ” ។

Nicholas Sutton បានចំណាយប្រាក់សន្សំទាំងអស់ និងកម្ចីប្រាក់ប៉ុន្មានលានយ៉េនរបស់ខ្លួនដើម្បីទូទាត់ឱ្យ​ម្ចាស់​ដី។ នីតិវិធី​បាន​បញ្ចប់​កាល​ពី​ខែ​មេសា ឆ្នាំ​មុន គាត់​បាន​ក្លាយ​ជា​ម្ចាស់​ដើម​ឈើ​ជា​ផ្លូវ​ការ។

Sutton នាំកូនស្រីរបស់គាត់ទៅលេងដើមឈើជារៀងរាល់ថ្ងៃ។ ដោយធ្វើត្រាប់តាមឪពុក ក្មេងស្រីយកដៃប៉ះដើម​ឈើ ដើម្បី​ទទួល​បាន​អារម្មណ៍​ថាម​ពល​ចេញពីដើមឈើ។

គិតទៅដើមពោធិ​មាន​អាយុ​កាល​ ២៥០ ​ឆ្នាំមកហើយ។ បុរសជនជាតិអាមេរិកដាក់ឈ្មោះដើមឈើនេះថា Acholas ហើយ​សង្ឃឹមថាវាអាចរស់នៅបាន ៣០០ ឆ្នាំទៀត។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: