ជប៉ុនចាក់វ៉ាក់សាំងការពារជំងឺ​មហារីក​មាត់ស្បូន HPV ដោយឥតគិតថ្លៃដល់ស្ត្រី

ក្រសួង​សុខាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន (HPV) ឥតគិតថ្លៃ​សម្រាប់​ស្ត្រី​ដែល​ខក​ខាន​​ឱកាស​​ទទួល​​វ៉ាក់សាំង​នេះ។

ដំណើរការចាក់​វ៉ាក់សាំងនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២២ សម្រាប់ស្រ្តីដែលកើតចន្លោះពីខែមេសា ឆ្នាំ ១៩៩៧ ដល់​ខែ​មីនា ឆ្នាំ ២០០៦ នឹងទទួលបានវ៉ាក់សាំង HPV ដោយឥតគិតថ្លៃក្នុងរយៈពេល ៣ ឆ្នាំ។

នៅឆ្នាំ ២០១៣ ជប៉ុនបានបញ្ឈប់ការជម្រុញចាក់វ៉ាក់សាំង HPV បន្ទាប់ពីមានរបាយការណ៍ជាច្រើនស្តីអំពីប្រតិកម្ម​មិន​ល្អក្រោយពេលចាក់។ ទោះជាយ៉ាងណាក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ក្រសួងបានសម្រេចចិត្តផ្សព្វផ្សាយយ៉ាង​សកម្មនូវកម្មវិធីវ៉ាក់សាំង HPV ឥតគិតថ្លៃ ដែលផ្តោតលើសិស្សស្រីក្នុងខែមេសា ឆ្នាំ ២០២២ ។

ក្នុងដំណើរការផ្សព្វផ្សាយកម្មវិធីចាក់ថ្នាំបង្ការដោយមិនគិតថ្លៃ ក្រសួងនឹងពង្រឹងសេវាសុខភាព និងប្រឹក្សាយោ​បល់​ដល់​អ្នក​ដែលប្រតិកម្មបន្ទាប់ពីចាក់វ៉ាក់សាំង ហើយរៀបចំខិតប័ណ្ណចែករំលែកចំណេះដឹងវិទ្យាសាស្ត្រថ្មីៗអំពីវ៉ាក់​សាំង​នេះ។

នៅប្រទេសជប៉ុនស្រ្តីប្រមាញ ១១,០០០ នាក់កើតជំងឺមហារីកមាត់ស្បូន ហើយមនុស្សប្រមាញ ២៨០០ នាក់ស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ (ព័ត៌មាន​ពី​ក្រសួងសុខាភិបាល) ។

វ៉ាក់សាំង HPV ត្រូវបានទទួលស្គាល់ថាមានសុវត្ថិភាពជាសកល។ អង្គការសុខភាពពិភពលោកបានកំណត់គោល​ដៅ​ថា ៩០% នៃកុមារនៅទូទាំង​ពិភព​លោក​នឹងទទួលបានវ៉ាក់សាំង HPV មុនអាយុ ១៥ ឆ្នាំក្នុងអំឡុងពេល ២០២០ ដល់ ២០៣០ ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: