ហេតុ​អ្វីក្រុមហ៊ុន និងសាលារៀនជប៉ុនកំណត់យកខែមេសាដើម្បីចាប់ផ្តើមការងារ ឬឆ្នាំសិក្សាថ្មី

មួយពព្រិចភ្នែកសោះឆ្នាំ ២០២១ បានកន្លងផុតទៅ ហើយយើងបានឈានចូលឆ្នាំថ្មី។

បើតាមប្រតិទិនសុរិយគតិ នៅថ្ងៃទី ១ ខែមករា គឺជាថ្ងៃចាប់ផ្តើមឆ្នាំថ្មី ប៉ុន្តែអាជីវកម្ម និងសាលារៀនជាច្រើន​​នៅ​ក្នុង​ប្រទេស​ជប៉ុនបែរជាចាប់ផ្តើមថ្ងៃធ្វើការ ឬឆ្នាំសិក្សាថ្មីនៅខែមេសាទៅវិញ។

នៅខែមីនាជាខែ “បញ្ចប់ការសិក្សា” ហើយមិនត្រឹមតែសាលារៀនប៉ុណ្ណោះទេ ជនជាតិជប៉ុនចាត់ទុកខែមេសាជាខែ “កំណត់ឡើងវិញ” ដើម្បីចាប់ផ្តើមសកម្មភាពថ្មី។

កាលពីមុនប្រជាជនជប៉ុនប្រើប្រតិទិនច័ន្ទគតិ បើទោះបីជាប្រើប្រតិទិនច័ន្ទគតិ ក៏រឿងចាប់ផ្តើមសកម្មភាពនៅ​ខែ​មេសា​ពិបាក​នឹង​ពន្យល់ដែរ។

ជាក់ស្តែងប្រជាជនជប៉ុនមួយចំនួនតូចមិនដឹងពីមូលហេតុនោះទេ។

អាថ៌កំបាំងនៃខែមេសានេះមានតាំងពីឆ្នាំ ១៨៨៦ ក្នុងអំឡុងសម័យសាមូរ៉ៃបញ្ចប់។

ជប៉ុនជាប្រទេសកសិកម្ម ដូច្នេះទ្រឹស្តីលើកឡើងថា ជនជាតិជប៉ុនជ្រើសយកពេលវេលាបង់ពន្ធរបស់កសិករ ដើម្បីចាប់​ផ្តើមឆ្នាំសារពើពន្ធ។ ទោះជាយ៉ាងណា រដូវប្រមូលផលស្រូវអំឡុងខែតុលានៃរដូវស្លឹកឈើជ្រុះ ដូច្នេះទ្រឹស្តីនេះមិន​ត្រឹម​ត្រូវ​ឡើយ ឬអាចនិយាយបានថាមិនទាន់គ្រប់គ្រាន់ឡើយ។

កាលពីមុនប្រជាជន​បង់​ពន្ធ​ដោយអង្ករផ្ទាល់ ប៉ុន្តែនៅពេលដែលសម័យកាលផ្លាស់ប្តូរពន្ធត្រូវបង់ជាប្រាក់។ ដូច្នេះអាច​សន្និដ្ឋាន​បាន​ថា ​ដំណើរការការងាររបស់កសិករដូចខាងក្រោម៖

១. ប្រមូលផល

២. លក់ និងប្តូរទៅជាសាច់ប្រាក់

៣. បង់ពន្ធ

៤. ពិនិត្យមើលប្រាក់បង់ពន្ធសរុបដើម្បីរៀបចំថវិកាសម្រាប់ឆ្នាំថ្មី

បូកបញ្ចូលទាំងពេលប្រមូលផលរហូតដល់រៀបចំថវិកាឆ្នាំថ្មីប្រហែលអំឡុងខែមេសា។

ពាក់ព័ន្ធនឹងឆ្នាំសារពើពន្ធ នៅ​ប្រទេស​ជប៉ុនមាន​ទម្លាប់​ចម្លែក​មួយ​ដែល​គេ​ហៅ​ថាពិធីចូលរួមក្រុមហ៊ុន។

ប្រហែលជប៉ុនជាប្រទេសតែមួយគត់នៅលើពិភពលោកដែលនិយមវប្បធម៌ “ពិធីចូលរួមក្រុមហ៊ុន”​ ក្នុងនោះបុគ្គលិក​​ថ្មី នៅថ្ងៃដំបូងទៅធ្វើការនឹងចូលរួមក្នុងពិធីពិសេសនេះ ស្តាប់តាមការណែនាំរបស់ប្រធាន ដើម្បីក្លាយទៅ​ជា​បុគ្គលិក​ផ្លូវ​ការរបស់ក្រុមហ៊ុន។

នៅសម័យសាមូរ៉ៃតាមគោលការណ៍ឪពុកផ្ទេរតំណែងទៅឲ្យ​កូន ត្រូវយកកូនតាមឲ្យ​សង្កេតមើល រៀនសូត្រ បន្ទាប់​មក​ទទួល​យក​ការងារ ដូច្នេះមិនមានពិធីផ្ទេរសិទ្ធិឡើយ។ រហូតដល់សម័យសព្វថ្ងៃ ទន្ទឹមនឹងការផ្លាស់ប្តូរផ្នត់គំនិតយល់​ថាចូលរួមក្រុមហ៊ុន ជាចំណុចដ៏សំខាន់មួយឆ្ពោះទៅរកផ្លូវក្លាយជាអ្នកជំនាញ ដូច្នេះចាំបាច់ត្រូវឆ្លងកាត់​ពិធី​ចូល​​រួម។

ដូច្នេះបន្ទាប់ពីបញ្ចប់ការសិក្សានៅខែមីនា ប្រជាជនជប៉ុនច្រើនតែទៅធ្វើការភ្លាមៗនៅដើមខែមេសា។ អ្នកដែល​ខក​​ខាន​​ឱកាស​នេះ មិនអាចស្វែងរកការងារធ្វើដំបូងក្នុងខែមេសា ច្រើនតែទទួលការវាយតម្លៃមិនល្អ។

និយាយឲ្យ​ខ្លីខែមេសាគឺជា “ចំណុចសំខាន់” របស់ជនជាតិជប៉ុន។ ប្រហែលមិនមែនជារឿងចៃដន្យដែលស្របពេលផ្កាសាគូរ៉ា​រីក​ជា​ថ្មីនោះទេ។

តើ​អ្នក​អាច​​រកឃើញ​សេចក្ដី​សុខ​ខ្លះ​ក្នុង​ពេល​សម្លឹង​មើល​ផ្កា​សាគូរ៉ា​ដ៏​ស្រស់​ស្អាតដែរទេ? ឬទេសភាព​ដ៏​ស្រស់​បំព្រងនោះ​នាំ​​មក​​នូវ​​ភាព​ឯកោ?

ចំពោះសិស្ស និស្សិត ខែមីនា និងខែមេសា គឺជាពេលវេលាប្រយុទ្ធដ៏ខ្លាំងក្លាបំផុត។ ទោះជាយ៉ាងណា ត្រូវតែជឿថារដូវ​​រងា​កន្លង​ផុត​​ទៅ នោះរដូវ​ផ្ការីកដ៏រីករាយ​នឹង​មក​ដល់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: