ក្រុមហ៊ុន Nishikawa Shokai សហការ​ជាមួយ​អ្នក​រចនាជប៉ុនកែឆ្នៃពោង​សុវត្ថិភាព​រថយន្ត​ចាស់​ទៅ​ជាសម្លៀកបំពាក់

ក្រុមហ៊ុនកែឆ្នៃរថយន្តនៅខេត្ត Tottori ភាគខាងលិចប្រទេសជប៉ុនបានសហការជាមួយអ្នកច្នៃម៉ូដ ដើម្បីផលិតសម្លៀក​បំពាក់ និងផលិតផលផ្សេងទៀត​ពី​ពោង​សុវត្ថិភាពចាស់។

ជារៀងរាល់ឆ្នាំក្រុមហ៊ុនកែឆ្នៃរថយន្ត Nishikawa Shokai ដែលមានការិយាល័យ​ក​ណ្តា​លនៅ Tottori បានប្រមូលគ្រឿង​បន្លាស់​រថយន្ត​ដែល​ប្រើប្រាស់រួចប្រមាណ ១ ម៉ឺនរថយន្តចាស់ទាំងក្នុង និងក្រៅប្រទេស។

ម្យ៉ាង Tottori ក៏ជាស្រុកកំណើតរបស់អ្នកច្នៃម៉ូដ Ryohei Kawanishi ដែលជាអ្នកធ្លាប់ធ្វើការនៅទីក្រុងញូវយ៉ក និង​កន្លែង​ផ្សេង​ទៀតនៅលើពិភព​លោក។ 

យោងតាមក្រុមហ៊ុន Nishikawa Shokai បើទោះបីជា ៩៩% គ្រឿងបន្លាស់រថយន្តអាចកែច្នៃឡើងវិញបាន ប៉ុន្តែ​ពោង​សុវត្ថិភាព​ភាគច្រើនមិនត្រូវបានប្រើប្រាស់ឡើងវិញទេ ពីព្រោះពោងសុវត្ថិភាពទាំងអស់ដែលប្រគល់ទៅឱ្យក្រុម​ហ៊ុន​នៅ​ដដែល។

គណៈគ្រប់គ្រង Nishikawa Shokai បារម្ភថាតើពោងសុវត្ថិភាពដែលធ្វើពីក្រណាត់នីឡុងអាចកែឆ្នៃឡើងវិញទេ។ ប្រហែល ៣ ឆ្នាំមុន ក្រុមហ៊ុនបានទាក់ទងអ្នករចនា Ryohei Kawanishi ហើយបង្កើតផែនការផលិតផលិតផលម៉ូដ​ដែល​ធ្វើពីពោងសុវត្ថិភាព។

ក្រុមហ៊ុន Nishikawa Shokai ចាប់ផ្តើមដំណើរការដកពោងសុវត្ថិភាពចេញពីរថយន្តចាស់ ហើយប្រគល់ទៅអោយ Ryohei Kawanishi ទទួលខុសត្រូវលើការរចនាទាំងមូល។ ដោយបំណងចង់បង្កើតផលិតផលម៉ូដពិសេសនៃខេត្ត Tottori ក្រុមហ៊ុន Nishikawa Shokai បានចុះកិច្ចសន្យាជាមួយរោងចក្រជាច្រើនក្នុងទីក្រុង ដើម្បីកាត់ និងដេរ​ពោង​សុវត្ថិភាព​ទៅ​ជាក្រណាត់ដែលមានថ្នេររឹងមាំ។

ក្រោយរយៈពេល ៣ ឆ្នាំស្រាវជ្រាវ និងភាពល្អឥតខ្ចោះ សរុបសម្លៀកបំពាក់សម្រាប់បុរសមានចំនួន ៩ ឈុត រួមជា​មួយ​នឹង​មួក កាបូបដែលធ្វើពីនីឡុង​ពោងសុវត្ថិភាពរថយន្ត ហើយបច្ចុប្បន្នកំពុងដាក់លក់នៅ​ហាង Bingoya Super Shop សង្កាត់ Karocho ទីក្រុង Tottori ប្រទេសជប៉ុន។

លោក Tomohiro Nishikawa នាយកគ្រប់គ្រងក្រុមហ៊ុន Nishikawa Shokai បានបញ្ជាក់ថា “យើងចង់នាំមកនូវជីវិតថ្មីដល់ពោងសុវត្ថិភាពរថយន្ត របស់ប្រើប្រាស់ដែលការពារអាយុជីវិតអតិថិជន ហើយប្រើតែក្នុងករណីមានគ្រោះ​ថ្នាក់។ យើង​ចង់​ធ្វើឱ្យសម្លៀកបំពាក់ដែលរចនា និងផលិតនៅ Tottori សម្រាប់អ្នកចង់បាន” ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: