តើអ្នកគិតយ៉ាងណាចំពោះបទប្បញ្ញត្តិឯកសណ្ឋាន និងម៉ូដសក់នៅសា​លា​រៀន និងកន្លែងធ្វើការ?

បទប្បញ្ញត្តិនៅកន្លែងធ្វើការ និងសាលាជប៉ុនមានភាពតឹងរ៉ឹងជាច្រើនទាក់ទងនឹងឯកសណ្ឋាន ម៉ូដសក់ និង​ពណ៌​សក់។

កាលពីសាមសិបឆ្នាំមុន ពេលខ្ញុំរៀនវិទ្យាល័យ សិស្សប្រុសត្រូវទុកសក់ខ្លី ចំណែកឯសិស្សស្រីទុកសក់វែងត្រឹមស្មា ហាមមិនឱ្យអ៊ុតសក់ លាបពណ៌សក់ និងស្រៃយ៍បាញ់សក់ទេ។ សំពត់របស់សិស្សស្រីត្រូវបានកំណត់ក្រោមជង្គង់ចុះ។

តាមពិតទៅខ្ញុំមិនមែនជាមនុស្សគោរពបទប្បញ្ញត្តិប៉ុន្មានទេ។

បុគ្គលិកដែលទៅធ្វើការត្រូវគោរពតាមបទប្បញ្ញត្តិតឹងរ៉ឹង ពេល​ទៅ​ធ្វើ​ការ​ត្រូវ​ពាក់​អាវធំ ហើយគោលការណ៍​នេះ​នៅ​តែ​រក្សា​ដដែល​​រហូត​​មក​​ដល់​ពេល​នេះ។ ជាពិសេសការងារដែលត្រូវទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន ដូចជាបុគ្គលិក​ហាង​អាហារ ពួកគេត្រូវស្លៀកពាក់យ៉ាងណាអោយភ្ញៀវមានអារម្មណ៍ល្អ។ 

នៅខែសីហា ឆ្នាំ ២០២១ Starbucks ជប៉ុនបានកែប្រែឯកសណ្ឋានបុគ្គលិកដើម្បីឱ្យងាយស្រួលស្លៀក។ បុគ្គលិកត្រូវបាន​អនុញ្ញាត​ឱ្យស្លៀកខោខូវប៊យ អាចពាក់មួក និងមានសេរីភាពក្នុងការជ្រើសរើសពណ៌សក់។

រូបភាព https://xtrend.nikkei.com/atcl/contents/18/00523/00002/

កាល​ពី​មុនបុគ្គលិក​ដែល​លាប​​សក់ពណ៌​ផ្កាឈូក​អាចនឹងត្រូវពិន័យ ដោយសារធ្វើឱ្យភ្ញៀវមានអារម្មណ៍មិនស្រួល ប៉ុន្តែ​ឥឡូវ​នេះ​អ្វីៗខុសគ្នា។

ជាការពិតណាស់មិនថានៅសម័យណានោះទេ ពេលទៅធ្វើការត្រូវតែរៀបរយ ជាពិសេសបុគ្គលិកហាងអាហារ ស្លៀកពាក់មិនដឹងថានរណាជាបុគ្គលិក នរណាជាភ្ញៀវនឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនស្រួល។ ប៉ុន្តែក្នុងកម្រិតដែលបុគ្គលិកមានសេរីភាពបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន បង្កើតបានជាអារម្មណ៍ល្អ និងភាពសប្បាយរីករាយ នេះហើយជាចំណុចមួយធ្វើអោយអតិថិជនចាប់អារម្មណ៍។

ករណីមួយចំនួនអតិថិជនចំណាស់មិនចូលចិត្តពណ៌សក់ឆើត ប៉ុន្តែសព្វថ្ងៃមនុស្សជាច្រើនមិនប្រកាន់ ហើយផ្ទុយទៅវិញយល់ថាមិនអី។ ចំពោះបុគ្គលិកពួកគេគិតថា “ខ្ញុំមិនចង់ឱ្យគេនិយាយថាមិនចេះធ្វើការព្រោះតែទុក​មូ៉ដ​សក់​នេះ​​ទេ” បានជាត្រូវកែប្រែទម្រង់ទទួលភ្ញៀវឱ្យមានភាពគួរសមជាងនេះ។ អាស្រ័យហេតុនេះ សូម្បីតែភ្ញៀវដែលពិបាក​ក៏ចាប់ផ្តើមគិតថា “ជាការខុសឆ្គងនៅពេលដែលវាយតម្លៃនរណាម្នាក់តាមរយៈពណ៌សក់ឬម៉ូតសក់របស់ពួក​គេ” ។

មុននោះខ្ញុំធ្លាប់ពិភាក្សាជាមួយនិស្សិតមហាវិទ្យាល័យម្នាក់ដែលចង់ទុកសក់ពណ៌លឿងទាំងពេលទៅធ្វើការ។ បុគ្គលម្នាក់នេះនិយាយថា៖

“តើអ្នកធ្លាប់គិតថាត្រូវទុកសក់ខ្មៅទើបរកបានការងារធ្វើដែរទេ?”

ជាការពិតណាស់ ប្រសិនបើមិនចូលចិត្តសក់ខ្មៅ ហេតុ​អ្វីត្រូវបង្ខំ។

ប៉ុន្តែក្នុងបរិយាកាសការងារការិយាល័យទូទៅ សក់ខ្មៅបង្ហាញថាមនុស្សម្នាក់កំពុងស្វែងរកភាពស្រដៀងគ្នាជាមួយអ្នកជុំវិញខ្លួន មិនចង់លេចធ្លោខ្លាំងពេក ដូច្នេះងាយរកបានការងារជាងអ្នកដែលមានបុគ្គលិកលក្ខណៈដូចបុគ្គល​ខាង​លើ។ នោះជារឿងពិត។

ខ្ញុំបានឆ្លើយថា៖

“ប្រសិន​បើ​អ្នក​មិន​ចង់​ត្រូវគេចាប់កំហុស ចូរបង្ហាញអោយអ្នករាល់គ្នាដឹង អ្នកមិនចាញ់នរណាម្នាក់ឡើយតាមរយៈសមត្ថភាព​របស់ខ្លួន។ រហូតដល់ថ្នាក់គេនិយាយប្រាប់អ្នកថាខ្ញុំ​មិន​ខ្វល់ពណ៌​សក់​របស់អ្នកទេ សូម​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​របស់​យើង” ។

ជាការពិតណាស់ការងារមិនត្រឹមតែរួមបញ្ចូលការស្លៀកពាក់ឯកសណ្ឋាន និងសក់ប៉ុណ្ណោះទេ។ ប្រសិនបើគ្មានសមត្ថភាព ហើយគោលការណ៍សេរីនិយមទៀតធ្វើអោយ​គ្មាន​តុល្យភាព​។

ប្រសិនបើមនុស្សម្នាក់ចង់បង្ហាញពីបុគ្គលិកលក្ខណៈតាមរយៈសម្លៀកបំពាក់ និងម៉ូដសក់ ខ្ញុំសង្ឃឹមថាបុគ្គលនោះក៏អាចបង្ហាញពីសមត្ថភាពរបស់ពួកគេផងដែរ។

និយាយអញ្ចឹងខ្ញុំផ្ទាល់ក៏មិនពាក់អាវធំដែរ។ សូម្បីតែពេលខ្ញុំទៅប្រជុំជាមួយអ្នកមកពីក្រុមហ៊ុនផ្សេង ក៏ការស្លៀកពាក់របស់ខ្ញុំធម្មតា ព្រោះខ្ញុំមានទំនុកចិត្តលើការងាររបស់ខ្លួន។ មានតែពេលនិយាយសុំទោសទើបខ្ញុំពាក់អាវធំដើម្បី​​បង្ហាញ​ភាព​ស្មោះ​ត្រង់។

ដោយផ្ទាល់ខ្ញុំចង់ចាប់ផ្តើមក្រុមហ៊ុនមួយដែលបុគ្គលិកអាចរីករាយនឹងលទ្ធផលការងាររបស់ពួកគេ ហើយភាពជឿជាក់​លើស​ម្លៀក​បំពាក់ ម៉ូដសក់ និងរចនាប័ទ្មការងាររបស់ខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: