បាតុភូត Johatsu រលាយបាត់ខ្លួនចេញពីសង្គមព្រោះតែជំពាក់បំណុល សម្ពាធការងារ ឬអាពាហ៍ពិពាហ៍បែកបាក់
លាក់បាំងអត្តសញ្ញាណរបស់ខ្លួន រត់ចេញពីសង្គម និងរស់នៅក្នុងភាពឯកោ នោះជាអ្វីដែលជនជាតិជប៉ុនមួយចំនួនធ្វើនៅពេលជំពាក់បំណុល សម្ពាធការងារ ឬអាពាហ៍ពិពាហ៍បែកបាក់។ មនុស្សទាំងនោះអាចហៅម្យ៉ាងទៀតថា “រលាយបាត់ខ្លួន” ។
តាមគេហទំព័រ Oddity Central (អង់គ្លេស) នៅក្នុងសង្គមជប៉ុនមនុស្ស “រលាយបាត់ខ្លួន” មានច្រើនរហូតដល់ថ្នាក់ជប៉ុនប្រើពាក្យដោយឡែកសំដៅលើបាតុភូតនេះគឺ “Johatsu” ។ Johatsu មិនមែនបាត់ខ្លួនចេញពីពិភពលោកនេះទេ គ្រាន់តែប្តូរឈ្មោះ កន្លែងស្នាក់នៅ និងការងារប៉ុណ្ណោះ ពួកគេហាក់ដូចជាចង់លុបចោលជីវិតកាលពីមុនទាំងស្រុង។
រូបភាព Unplash
ហេតុផលទូទៅបំផុតដែលមនុស្សមួយចំនួនចង់គេចចេញពីជីវិតបច្ចុប្បន្ន ព្រោះតែពួកគេចង់ចាកចេញពីជីវិតដែលមានភាពតានតឹង។
ទោះជាយ៉ាងណាមានកត្តាវប្បធម៌មួយចំនួនដែលបានធ្វើឱ្យបាតុភូតនេះពេញនិយមនៅប្រទេសជប៉ុន ជាជាងកន្លែងផ្សេងទៀតនៅលើពិភពលោក។ ជនជាតិជប៉ុនអាម៉ាស់មុខនៅពេលត្រូវប្រឈមនឹងបំណុលគ្រួសារ អាពាហ៍ពិពាហ៍បែកបាក់ ឬសម្ពាធការងារដ៏អាក្រក់ ជនជាតិជប៉ុនច្រើនមិនអាចទទួលយកបាន។
សម្ពាធក្នុងជីវិតធ្វើឱ្យពួកគេមិនមានជម្រើស ពួកគេសុខចិត្តបញ្ចប់ជីវិតខ្លួនឯងឬធ្វើការមិនឈប់រហូតដល់ស្លាប់ ជាជាងបាត់បង់មុខមាត់។ មនុស្សជាច្រើនត្រូវបង្ខំឱ្យក្លាយជា Johatsu ។
សង្គមវិទូជប៉ុនលោក Hiroki Nakamori បានសិក្សាបាតុភូត Johatsu នៅក្នុងប្រទេសជប៉ុនអស់រយៈពេលជាច្រើនឆ្នាំ។ គាត់បាននិយាយថាពាក្យ “រលាយបាត់ខ្លួន” ចាប់ផ្តើមប្រើនៅក្នុងប្រទេសអាស៊ីភាគឦសានក្នុងទសវត្សរ៍ទី ៦០ នៅពេលដែលមនុស្សយល់ថាបាត់ខ្លួនចេញពីជីវិត ជារឿងងាយស្រួលបំផុតសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។ ប្រឈមនឹងសម្ពាធដែលមើលទៅហាក់ដូចជាមិនអាចឆ្លងផុតក្នុងជីវិត។
លោក Hiroki Nakamori និយាយថា “នៅប្រទេសជប៉ុន រឿងនេះហាក់ដូចជាងាយស្រួល។ ប៉ូលីសមិនជ្រៀតជ្រែកក្នុងជីវិតឯកជនរបស់ពលរដ្ឋនោះទេ លុះត្រាតែមានហេតុផលពិសេស ដូចជាបទឧក្រិដ្ឋឬគ្រោះថ្នាក់។ សូម្បីតែសមាជិកគ្រួសារក៏មិនអាចជ្រៀតជ្រែកក្នុងការស្វែងរកឬមើលព័ត៌មានហិរញ្ញវត្ថុរបស់សាច់ញាតិ។ អ្វីដែលពួកគេអាចធ្វើបានគឺជួលអ្នកស៊ើបអង្កេតឯកជនម្នាក់ឬរង់ចាំ” ។
នៅប្រទេសជប៉ុនភាពឯកជនជាបញ្ហាសំខាន់ ដូច្នេះអ្នកដែលសម្រេចចិត្តធ្វើជា Johatsu ស្ទើរតែរលាយបាត់ចេញជីវិត ដោយមិនចាំបាច់ខ្លាចត្រូវគេរកឃើញ។ ពួកគេមិនចាំបាច់ព្រួយបារម្ភត្រូវគេរកឃើញតាមរយៈកាមេរ៉ាឃ្លាំមើល ឬនរណាម្នាក់ប្រើកាតឥណទានរបស់ពួកគេនៅម៉ាស៊ីន ATM ឡើយ។
ប៉ុន្មានឆ្នាំថ្មីៗនេះបាតុភូត Johatsu កាន់តែច្រើនឡើងនៅក្នុងប្រទេសជប៉ុន រហូតដល់ក្រុមហ៊ុនជាច្រើនបើកសេវាកម្មជួយដល់អ្នក “រលាយបាត់ខ្លួន” ដែលគេហៅថាសេវាកម្ម “ដឹកជញ្ជូនពេលយប់” ។ ដូច្នេះក្រុមហ៊ុនទាំងនេះនឹងជួយ Johatsu រៀបចំផែនការបាត់ខ្លួន និងផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងទីតាំងសម្ងាត់សម្រាប់ពួកគេ។
ម្ចាស់សេវាកម្ម “ដឹកជញ្ជូនពេលយប់” ឆ្លើយតបបទសម្ភាសន៍របស់ទស្សនាវដ្តី TIME ថាតម្លៃសេវាកម្មអាស្រ័យទៅលើទ្រព្យសម្បត្តិដែលអតិថិជនចង់យកទៅ ចម្ងាយដែលពួកគេចង់លាក់ទ្រព្យសម្បត្តិ និងរយៈពេល “រលាយបាត់ខ្លួន” ។ សរុបទៅតម្លៃនេះប្រហែលពី ៤៥០ ដុល្លារទៅ ២៦០០ ដុល្លារ។
សម្រាប់អ្នកដែលចង់នាំក្មេងឬអ្នកដែលគេចពីបំណុល ថ្លៃសេវាអាចនឹងខ្ពស់ជាងនេះ។ ម្ចាស់ក្រុមហ៊ុនម្នាក់ដែលផ្គត់ផ្គង់សេវាកម្មនេះបាននិយាយថា ពួកគេជួយមនុស្សប្រហែល ១០០ ទៅ ៥០០ នាក់ឱ្យក្លាយជា Johatsu ជារៀងរាល់ឆ្នាំ។
ចំពោះអ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសេវាកម្ម “រលាយបាត់ខ្លួន” ឬចង់ “រលាយបាត់ខ្លួន” ដោយខ្លួនឯង ពួកគេអាចស្វែងរកការណែនាំនៅលើអុីនធឺណេត។
AD