ជប៉ុន​គ្រោង​នឹង​សាងសង់​អគារ​ឈើ​កម្ពស់​ ១៧​ ជាន់ដែល​មាន​រចនាសម្ព័ន្ធការពារ​ភ្លើងឆេះ

គោលបំណងឆ្ពោះទៅរកអគារខ្ពស់ដែលធ្វើពីឈើទាំងស្រុង និងភាពទាក់ទាញនៃស្ថាបត្យកម្មឈើ។

តាំងពីបុរាណកាលមក សំណង់ជប៉ុនភាគច្រើនធ្វើពីឈើ។ ក្រោយមកដោយសារ​ឥទ្ធិពល​នៃ​នគរូបនីយកម្ម​សំណង់​បេតុង និង​ដែក​កាន់​តែ​ច្រើន​ឡើង។ ប៉ុន្តែសព្វថ្ងៃនេះ នៅពេលដែលរស់នៅក្នុងសំណង់អគារបេតុងច្រើនពេក មនុស្ស​បានងាកទៅរកសំណង់ឈើសារជាថ្មីម្តងទៀត។ ដូច្នេះហើយគម្រោង​សាង​សង់​អគារឈើ ១៧ ជាន់​ត្រូវបានបង្កើតឡើង។

តើអ្នកដឹងថារវាង​បេតុង និងឈើមួយណាធន់ជាងទេ? ​មនុស្ស​ជា​ច្រើននឹងគិតថាឈើ​ងាយ​នឹងដុះផ្សិត ដូច្នេះ​ខូច​លឿន​ជាង ប៉ុន្តែ​គំនិតនេះមិនត្រឹមត្រូវទេ។​

នៅប្រទេសជប៉ុនសំណង់​ឈើ​ចំណាស់​ជាង​គេគឺ​ប្រាសាទ Houryuu ដែលត្រូវ​បាន​កសាង​ឡើង​ជាង ១៤០០ ឆ្នាំ​មុន។ ឈើ​ដែល​គេ​ប្រើ​សម្រាប់​សាង​សង់ប្រាសាទយកមកពីដើម Hinoki ជាប្រភេទឈើធន់ និងមានអាយុកាលប្រើប្រាស់បានយូរ។

រូបភាព https://www.travelbook.co.jp/topic/13994

ប្រភេទឈើធម្មតាភាពធន់មានរយៈពេលពី​ ១០០ ទៅ ២០០ ឆ្នាំបន្ទាប់ពីកាប់។ ដូច្នេះមានន័យថា សូម្បី​តែ​ឈើ​ធម្មតា​ក៏​ធន់​រាប់រយ​ឆ្នាំ​ដែរ។ ដោយ​ឡែក​ឈើ Hinoki មានអាយុកាលរហូតដល់ ១០០០ ឆ្នាំ។

ទ្រង់ទ្រាយឈើមានកម្រិតទន់ល្មម ដូច្នេះមានលក្ខណៈពិសេសធន់នឹងរំញ័រដែល​បង្ក​ឡើង​ដោយសារ​រញ្ជួយ​ដី។ ក្រៅពីនេះ នៅជប៉ុនរដូវក្តៅកម្រិតសំណើមខ្ពស់ រចនាសម្ព័ន្ធឈើក៏មានមុខងារស្រូបយកសំណើមក្នុងកម្រិតណាមួយ។

អាច​និយាយ​បាន​ថា​ឈើ​ជា​សម្ភារៈ​សំណង់​ស័ក្តិសម​បំផុត​សម្រាប់​បរិស្ថាន​នៅ​ប្រទេស​ជប៉ុន។

សព្វថ្ងៃនេះតម្លៃអគារឈើកំពុងត្រូវបានវាយតម្លៃឡើងវិញ។ នាពេលខាងមុខនេះអគារ ១៧ ជាន់ មានកម្ពស់ ៧០ ម៉ែត្រ និងផ្ទៃក្រឡា ២៦,០០០ ㎡ នឹង​ត្រូវ​សាង​សង់ឡើងនៅ Nihonbashi ទីក្រុងតូក្យូ។ គម្រោងសាងសង់​ត្រូវ​​គេ​រំ​ពឹង​​ថា​​នឹង​​ចាប់​​ផ្តើម​នៅ​ឆ្នាំ ២០២៣ ហើយបញ្ចប់នៅឆ្នាំ ២០២៥ ។

រូបភាព https://www.watch.impress.co.jp/docs/news/1279734.html

ចំណុចខ្សោយធំបំផុតនៃរចនាសម្ព័ន្ធឈើគឺងាយឆេះ។

ទីក្រុងអេដូ (តូក្យូសម័យមុន) ធ្លាប់ឆ្លងកាត់សោកនាដកម្មជាច្រើនរាប់មិនអស់ ដែលក្នុងនោះតំបន់ទីក្រុងត្រូវភ្លើងដុតបំផ្លាញស្ទើរតែទាំងមូល មិនត្រឹមតែពិបាកក្នុងការពន្លត់ប៉ុណ្ណោះទេ ថែមទាំងងាយឆេះរាលដាលផងដែរ ដោយសារតែផ្ទះនៅសម័យនោះធ្វើពីឈើជិតៗគ្នា។

ការបារម្ភស្រដៀងគ្នានេះក៏ត្រូវបានលើកឡើងនៅពេលរៀបចំគម្រោងអគារឈើកម្ពស់ ១៧ ជាន់។ ដោយហេតុនេះគេសម្រេចចិត្តថានឹងកែលម្អបន្តិចបន្តួច ដោយរួមបញ្ចូលគ្នាជាមួយសម្ភារសំណង់ថ្មី។

ផ្នែកខាងក្រៅអាគារឈើងាយនឹងឆាបឆេះ ប៉ុន្តែនៅខាងក្រោមមានស្រទាប់ការពារភ្លើង ហើយត្រូវបានរចនាឡើងការពារភ្លើងមិនឱ្យរាលដាលដល់ឈើនៅចំកណ្តាល។

គេ​គិត​ថា​ការ​សាងសង់​អគារ​ឈើ​នេះ​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​បាន​ប្រហែល​ ២០% ខណៈពេល​សាង​សង់​បើប្រៀបទៅនឹងអគារបេតុងដែលមានទំហំដូចគ្នា។ លើសពីនេះដំណើរការទាញយកវត្ថុធាតុដើមត្រូវបាន​ត្រួត​ពិនិត្យ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីកុំឱ្យមានបញ្ហាធនធានកើតឡើង។

“ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” បាន និងកំពុងតែជាគោលគំនិតដែលគ្រប់ប្រទេសទាំងអស់ឆ្ពោះទៅរក ខ្ញុំគិត​ថា​ឈើ​ជា​វត្ថុធាតុដើមធន់ បម្រើដល់ការអភិវឌ្ឍន៍យូរអង្វែងរបស់ប្រទេស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: