ក្បួនដង្ហែសត្វភេនឃ្វីនដ៏ល្បីនៅសួនសត្វហុកកៃដូប្រទេសជប៉ុន
នៅតំបន់ភាគខាងជើងកោះហុកកៃដូប្រទេសជប៉ុន ទិដ្ឋភាពហ្វូងសត្វភេនឃ្វីនដើរនៅលើព្រិលយ៉ាងគួរអោយស្រលាញ់ដែលភ្ញៀវទេសចរណ៍ទន្ទឹងរង់ចាំរាល់ពេលពួកគេមកលេងនៅទីនេះ។ ក្បួនដង្ហែលើព្រិលជាប្រពៃណីដ៏យូរអង្វែងរបស់សត្វភេនឃ្វីននៅសួនសត្វ Asahiyama កោះហុកកៃដូ។ ព្រឹត្តិការណ៍ឆ្នាំនេះនៅតែបន្តទាក់ទាញមនុស្សជាច្រើន ព្រោះពួកគេចង់ឃើញទិដ្ឋភាពនេះផ្ទាល់ភ្នែក។
ឆ្នាំនេះហ្វូងភេនឃ្វីនដើរនៅជុំវិញជម្រករបស់វាមានចម្ងាយប្រហែល ៤០០ ម៉ែត្រ។ ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងពីរដងក្នុងមួយថ្ងៃ ម៉ោង ១១ៈ៣០ ព្រឹក និង ២ៈ៣០ រសៀល រហូតដល់ពាក់កណ្តាលខែមីនានៅពេលដែលព្រិលរលាយ។
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះចាប់ផ្តើមពីឆ្នាំ ២០០២ ដោយសារតែបុគ្គលិកសួនសត្វចង់ផ្តល់ឱកាសឱ្យសត្វភេនឃ្វីនធ្វើលំហាត់ប្រាណក្នុងរដូវរងា។ ការធ្វើលំហាត់ប្រាណជាប្រចាំជួយឱ្យសត្វភេនឃ្វីនទាំងនេះមិនធាត់ព្រោះតែមិនបានធ្វើចលនា។
ក្រុមប្រឹក្សាគ្រប់គ្រងសួនសត្វក៏មិននឹកស្មានថា “ក្បួនដង្ហែសម្រកទម្ងន់” នេះបែរជាទទួលបានការគាំទ្រ ហើយបានក្លាយជាព្រឹត្តិការណ៍មួយដែលទាក់ទាញអ្នកទស្សនាជាច្រើននោះទេ។
Asahiyama គឺជាសួនសត្វដែលល្បីមួយនៅក្នុងប្រទេសជប៉ុន ដែលមានសត្វចំនួន ១៥០ ប្រភេទខុសៗគ្នា ក្នុងនោះមានសត្វរស់នៅតំបន់ត្រជាក់ច្រើន។ ជារៀងរាល់ឆ្នាំសួនសត្វទទួលស្វាគមន៍អ្នកទស្សនារាប់លាននាក់ ច្រើនជាងចំនួនប្រជាជនក្នុងស្រុកដល់ទៅប៉ុន្មានដង។
អ្នកទស្សនាទាំងអស់ឈរតម្រង់ជួរមើលក្បួនដង្ហែសត្វភេនឃ្វីន។ ព្រឹត្តិការណ៍ឆ្នាំនេះចាប់ផ្តើមយឺតជាងធម្មតា ១០ ថ្ងៃ ដោយសារព្រិលធ្លាក់តិច។
ក្នុងអំឡុងពេលហាត់សមកាលពីថ្ងៃទី ២៤ ខែធ្នូ សត្វភេនឃ្វីន ១៦ ក្បាល ដើរចេញពីច្រកទ្វារក្នុងពេលតែមួយ ហើយដើររយៈពេលប្រហែលកន្លះម៉ោងនៅលើព្រិលធ្លាក់។
ក្បួនដង្ហែសត្វភេនឃ្វីនធ្វើឱ្យអ្នកទស្សនាឈរតម្រង់ជួរទាំងសងខាងរំភើបចិត្តយ៉ាងខ្លាំង។ ម៉ាសុីនថតជាច្រើនចាប់យកទិដ្ឋភាពគួរឱ្យស្រឡាញ់របស់សត្វភេនឃ្វីនដែលកម្រចូលជិតមនុស្ស។
សត្វភេនឃ្វីនដើរជាជួរ នៅខាងមុខមានអ្នកកាន់ឧបករណ៍បំពងសំឡេងណែនាំ ចំណែកនៅពីក្រោយមានមនុស្សពីរបីនាក់តាមអមដំណើរ និងជួយសត្វភេនឃ្វីនដែលរអិលដួល។
Tensei Kato អាយុប្រាំបីឆ្នាំ ដែលបានទៅសួនសត្វជាមួយឪពុកម្តាយក្នុងឳកាសថ្ងៃឈប់សម្រាករដូវរងានៅសាលាបឋមសិក្សានិយាយថា “សត្វភេនឃ្វីនមានទំហំធំជាងការគិត នៅពេលត្រដាងស្លាបគួរឱ្យស្រលាញ់ណាស់” ។
អ្នកស្រី Midori អាយុ ៤២ ឆ្នាំ ជាម្តាយរបស់ Tensei Kato បាននិយាយថា “ពួកយើងពិតជាសំណាងណាស់ដែលបានទស្សនាការសម្តែងរបស់សត្វភេនឃ្វីននៅឆ្នាំនេះ” ។
Yuki