វប្បធម៌យប់ថ្ងៃឆ្លងឆ្នាំរបស់ប្រជាជនជប៉ុន

នៅយប់ថ្ងៃទី ៣១ ធ្នូគឺជាយប់ឆ្លងឆ្នាំសកល ដែលជាយប់ចុងឆ្នាំ ភាសាជប៉ុនគេហៅថា 大晦日 (Ōmisoka) ។ ថ្ងៃចុង​ខែ​នីមួយៗគេហៅថា 晦日 (misoka) ប៉ុន្តែថ្ងៃចុងឆ្នាំមានអក្សរ 大 ទៅជា 大晦日 (Ōmisoka) ។

មិនត្រឹមតែយប់ថ្ងៃ​ឆ្លងឆ្នាំប៉ុណ្ណោះទេ ​​ភាគ​ច្រើន​ជនជាតិ​ជប៉ុនរវល់​ខ្លាំង​ក្នុង​ខែ​ធ្នូ​។

នៅប្រទេសជប៉ុនចុងខែមីនាគឺជាថ្ងៃបិទឆ្នាំសិក្សា ហើយក៏ជាថ្ងៃបញ្ចប់ឆ្នាំហិរញ្ញវត្ថុផងដែរ ដូច្នេះអាជីវកម្មជាច្រើនទូទាត់គណនីក្នុងខែមីនា។ ឃើញថាខែមីនារវល់ប៉ុណ្ណា ប៉ុន្តែនៅខែធ្នូអ្វីដែលត្រូវធ្វើច្រើនជាងនេះប៉ុន្មាន​ដង។

ហើយថែមទាំងត្រូវសរសេរកាតជូនពរឆ្នាំថ្មី ចូលរួមពិធីជប់លៀងឆ្លងឆ្នាំជាដើម។ មនុស្សជាច្រើនចង់បញ្ចប់ការងារទាំងអស់នៅឆ្នាំចាស់ ដើម្បីចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងជ័យជំនះថ្មី ដូច្នេះខែធ្នូជាពេលវេលាមមាញឹកបំផុត។

ខែធ្នូគេហៅម្យ៉ាងទៀតថា 師走 (Shiwasu) អត្ថន័យពាក្យនេះគឺថា “សូម្បីតែគ្រូក៏ត្រូវមមាញឹក” ដែរ សំដៅលើខែដែលរវល់ជាងគេ។

ភាគច្រើនអាជីវកម្មជប៉ុនឈប់សម្រាកការងារចាប់ពីថ្ងៃទី ២៨ ហើយបន្ទាប់មកជនជាតិជប៉ុននឹងប្រញាប់ប្រញាល់​រៀប​ចំ​សម្រាប់​ឆ្នាំ​ថ្មី រួមទាំងសម្អាតផ្ទះ រៀបចំធ្វើម្ហូបសម្រាប់ថ្ងៃឆ្នាំថ្មីជាដើម។

និយាយឲ្យ​ខ្លីខែធ្នូ​មមាញឹក​ណាស់ ប៉ុន្តែមិនត្រឹម​តែមនុស្សនៅរស់រវល់ប៉ុណ្ណោះទេ។ សូម្បីតែដូនតាក៏​កំពុងមមា​ញឹក​​ខ្លាំង​​ក្នុង​​ការ​​រៀបចំត្រឡប់មកផ្ទះយប់ឆ្លងឆ្នាំផងដែរ។ ខ្ញុំ​ជា​ជនជាតិ​ជប៉ុន ប៉ុន្តែ​មិនដឹង​រឿង​នេះ​ទេ។

ការពិតនៅយប់ថ្ងៃឆ្លងឆ្នាំរបស់ជប៉ុន

ដូនតារបស់ប្រជាជនជប៉ុនត្រឡប់មកផ្ទះដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។ នៅប្រទេសជប៉ុនទទួលឆ្នាំថ្មីដែលត្រឹម​ត្រូវបំផុតគឺថា “ត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី” សម្អាតផ្ទះឲ្យ​ស្អាតតាមដែលអាចធ្វើទៅបាន។ ជារៀងរាល់ឆ្នាំទេវតាថ្មីតែងតែខុសគ្នាអាស្រ័យលើសត្វតំណាងឆ្នាំទាំង ១២ ទំនៀមទម្លាប់ទទួលទេវតាឆ្នាំថ្មីក្នុងគោលបំណងបួងសួងសុំឲ្យ​មានសិរីមង្គលល្អ។ ដូច្នេះហើយទទួលទេវតាឆ្នាំថ្មីមិនត្រឹម​តែកំណត់សម្រាប់មនុស្សរស់ប៉ុណ្ណោះទេ សូម្បីតែដូនតាក៏រវល់រៀបចំផងដែរ។

ជាទូទៅជីដូនជីតានឹងត្រលប់មកវិញក្នុងពិធីបុណ្យ Obon ខែសីហា មើលទៅដូនតាក៏ត្រឡប់មកវិញក្នុងយប់ឆ្លងឆ្នាំ​ដែរ។ ដូច្នេះទោះទៅសែនផ្នូរនៅថ្ងៃចូលឆ្នាំសកល ថ្ងៃទី ១ ឬទី ៣ ក៏ដូនតាមិនមាននៅទីនោះដែរ។

និយាយអីញ្ចឹងខ្ញុំក៏ចង់ចែករំលែករឿងយប់ឆ្លងឆ្នាំសកលរបស់ប្រជាជនជប៉ុននៅសម័យអេដូដែរ។ ខែធ្នូមានព្រឹត្តិ​ការណ៍​​ច្រើន ដំបូងចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ គឺបោសសម្អាតផ្ទះ។ អត្ថន័យសកម្មភាពនេះគឺសម្អាតភាពកខ្វក់ទាំង​អស់​ដែលប្រមូលផ្តុំក្នុងឆ្នាំចាស់។

បន្ទាប់មក នៅថ្ងៃទី ២៨ នឹងរៀបចំនំ Mochi និង Kagami Mochi ឆ្នាំថ្មី។

រូបភាព https://intojapanwaraku.com/culture/180351/

បច្ចុប្បន្ននេះប្រជាជន​ជប៉ុន​ទិញ​នំ​នៅ​ផ្សារ​ទំនើប ប៉ុន្តែសម័យនោះគេធ្វើនៅផ្ទះ។ ហើយគេថែមទាំងហាមមិនឲ្យ​ធ្វើ​នំ Mochi នៅយប់ថ្ងៃ ២៩ ទៀតផង។ នៅថ្ងៃទី ២៩ ជាភាសាជប៉ុនអានថា Nijuuku សំឡេងដូចគ្នានឹង 二重苦 មាន​ន័យ​ថា “ទុក្ខទ្វេដង” ។ ក្រៅពីនេះ ពួកគេ​ក៏​ចៀសវាងជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ទើបត្រៀមរៀបចំ។

កាលពីបុរាណមកដល់ពេលនេះការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីខុសគ្នាបំផុតគឺពេលវេលា។ ឥឡូវនេះនៅម៉ោង ០០ ទើបរាប់ថាផុតមួយថ្ងៃ ប៉ុន្តែកាលពីមុនគេ​រាប់​ថ្ងៃថ្មីពេលព្រះអាទិត្យអស្តង្គត ដូច្នេះពួកគេទទួលឆ្នាំថ្មីពេលថ្ងៃលិចថ្ងៃ​ទី ៣១ ។

នៅថ្ងៃធ្វើការ ពេលថ្ងៃលិចសកម្មភាពភាគច្រើនត្រូវបញ្ចប់ ហើយប្រជាជនត្រៀមចូលគេង ប៉ុន្តែថ្ងៃលិចថ្ងៃទី ៣១ មាន​អត្ថន័យ​ពិសេស។ ប្រជាជនមិនគេងទេ តែភ្ញាក់រង់ចាំទទួលទេវតាឆ្នាំថ្មី។

ម្យ៉ាងវិញទៀត ជនជាតិជប៉ុនជឿថា បើដេកយប់ឆ្លងឆ្នាំនឹងធ្វើឲ្យ​សក់ស្កូវ ដូច្នេះមនុស្សមួយចំនួនខំភ្ញាក់ពេញមួយ​យប់។

វប្បធម៌ទទួលទានមី Soba នៅថ្ងៃចូលឆ្នាំសកលក៏មានតាំងពីសម័យអេដូដែរ។

ចំពោះទំនៀមទម្លាប់នេះមានអត្ថន័យពីរ។ ជាដំបូងសរសៃមី Soba វែង ដូច្នេះពេលហូប Soba សម្រាប់បន់ស្រន់សុំឲ្យ​ជីវិត​​ទោះបី​ផុយស្រួយ​ក៏យូរអង្វែងដែរ។ អត្ថន័យមួយទៀតគឺសរសៃមី Soba ងាយដាច់ ដូច្នេះហូប Soba មាន​ន័យ​ថា “កាត់ចោលរាល់រឿងអាក្រក់ និងបំណុលឆ្នាំចាស់ ដើម្បីកុំឲ្យ​វា​តាម​ដល់​ឆ្នាំថ្មី” ។

សងបំណុលគេហើយចាំហូប Soba កុំហូបមីដើម្បីកាត់បំណុលបែបនេះ …

ជិតផុតឆ្នាំ ២០២១ ហើយ ជាឆ្នាំនេះដែរពិភពលោកទាំងមូលតស៊ូប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ ១៩ លើសពីនេះជម្លោះ​ក្នុងស្រុកធ្វើអោយជីវិតមនុស្សជួបការលំបាក។ សូមកុំនាំយករឿងមិនសប្បាយចិត្តចូលមកឆ្នាំថ្មី តោះចូរទទួល​ទាន​មី Soba ហើយសង្ឃឹមថាឆ្នាំថ្មីនឹងប្រសើរឡើង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: