រឿងព្រេងនិទានជប៉ុននិយាយពីស្នេហា​រវាងមនុស្ស និងសេះ

សព្វថ្ងៃនេះ នៅពេលដែលទស្សនៈ LGBTQ ត្រូវបានគេស្គាល់កាន់តែច្រើន សេ្នហាមិនចាំបាច់ត្រូវតែជាបុរស និងស្រ្តីឡើយ​។ តើ​អ្នក​ដឹង​ទេ​ថា ​ទស្សនៈ​នេះមិនត្រឹម​តែមានកាលពីពេលថ្មីៗនេះប៉ុណ្ណោះទេ។

ដូចដែលបានរៀបពីមុនមក នៅលើ JAPO ប្រវត្តិសាស្ត្រជប៉ុនកត់ត្រារឿងរ៉ាវស្នេហាជាច្រើននិយាយពីសាមូរ៉ៃ ដែលតំណាងអោយសុភាពបុរសជប៉ុន ដូច្នេះអាចនិយាយបានថាជនជាតិជប៉ុនសម័យដើមមានចិត្តបើកចំហជាងជន​ជាតិ​ជប៉ុន​សម័យ​នេះ។

នៅសម័យដើមស្នេហាមិនត្រឹម​តែកំណត់រវាងមនុស្ស និងមនុស្សប៉ុណ្ណោះទេ។

ថ្ងៃនេះ JAPO នឹងណែនាំស្នាដៃរបស់ Yanagida Kunio ដែលមានឈ្មោះថា Tono Monogatari ប្រមូលផ្តុំរឿងនិទាន និងរឿងព្រេងជប៉ុនជាច្រើន។ ក្នុងនោះល្បីមានរឿង Oshirasama និយាយពីស្នេហារវាង​នារីម្នាក់ និងសេះមួយក្បាល។

គ្រួសារកសិករមួយមានកូនស្រីម្នាក់ ព្រោះតែ​រូប​រាង​ស្រស់​ស្អាត អត្តចរិត​សុភាព ​មនុស្ស​ជា​ច្រើន​ចង់មកស្តីដណ្តឹង ប៉ុន្តែសុទ្ធតែត្រូវនាងបដិសេធ។ ដោយ​មាន​ការ​សង្ស័យ ឪពុក​របស់​នាង​បាន​សាកសួរ​កូនស្រី ទើបដឹងរឿងពិត កូនស្រី​​របស់​​គាត់​​ចង់​រៀបការ​ជាមួយសេះ។

លោកឪពុកភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែគាត់ស្រាប់តែនឹកឃើញថាកូនស្រីនៅក្នុងក្រោលសេះ ហើយគាត់ថែម​ទាំងស្តាប់​ឮ​សម្លេង​កូនស្រីនិយាយជាមួយនរណាម្នាក់ទៀតផង។

ឪពុក​ខឹង​​ស្រែក​ថា៖ “ពិតជាល្ងង់ខ្លៅ” ។

“ពុកខំចិញ្ចឹមបីបាច់កូនធំដឹងក្តី ស្រស់ស្អាតយ៉ាងនេះ ហេតុអ្វីបានជាកូនលង់ស្នេហ៍សេះមួយក្បាលនេះទៅវិញ?” 

មិនចាំបាច់និយាយក៏ដឹងថាកំហឹង​របស់​ឪពុកម្នាក់នេះ​គួរ​ឱ្យ​ខ្លាច​ប៉ុណ្ណា ។

បន្ទាប់​មកគាត់ចាកចេញពីភូមិ​ទៅ​ដល់ទីក្រុងធំដើម្បី​ស្វែង​រក​កូន​ប្រសា។ គាត់​គិត​ថា​កូន​ស្រី​និយាយ​បែប​នេះ​ព្រោះ​​តែ​​ក្នុង​ភូមិ​គ្មាន​បុរសណាល្អសមនឹងនាង។

ប៉ុន្តែខណៈពេលដែលឪពុកមិននៅផ្ទះ នារីម្នាក់នោះបានរៀបការជាមួយសេះ។ ក្នុងច្បាប់ដើមចំណុចលម្អិតនៃដំណើរ​​រឿងអាពាហ៍ពិពាហ៍ត្រូវកាត់ខ្លះ ដូច្នេះមិនដឹងថានាងរៀបចំពិធីមង្គលការយ៉ាងណានោះទេ។

នៅពេល​ឪពុក​ត្រឡប់​មក​ផ្ទះ​វិញ​ ឃើញ​ថា​មាន​រឿង​បែប​នេះ​គាត់​ខឹងយ៉ាង​ខ្លាំង។ គាត់ព្យួរសេះនៅលើដើមឈើមួយខាងក្រោយសួនច្បារ ហើយយកពូថៅកាត់ដាច់កសេះ។ នារី​ជាកូនខូចចិត្ត​រត់​ទៅ​ឱប​ក​សេះយំសោក រំពេច​នោះ​ទាំង​​មនុស្ស និង​សេះ​ក៏​ហោះ​ទៅ​លើ​មេឃ។

លោកឪពុកតាំងពីពេលបាត់បង់កូនស្រីជាទីស្រលាញ់ កើតទុក្ខយ៉ាងក្រៀមក្រំ ស្រាប់តែថ្ងៃមួយ គាត់យល់សប្តិឃើញកូននិយាយថា៖

“ពុក កូនសុំទោសចំពោះភាពអកត្តញ្ញូ។ ចំពោះកំហុសរបស់ខ្លួន កូនដឹងថានិយាយបែបនេះមិនអាចទទួលយកបាន ប៉ុន្តែសូមលោក​ពុក​យកដើមឈើនៅខាងក្រោយសួនច្បារ (ដើមឈើដែលប្រើសម្រាប់ព្យួរកសេះ) ឆ្លាក់រូបប្តីប្រពន្ធកូន ហើយគោរព​បូជា ធ្វើដូច្នេះជីវិត​របស់លោកពុកនឹងល្អឡើង” ។

សូម្បីតែក្នុងសុបិនក៏កូនស្រីអង្វរឪពុករបស់នាងឱ្យអត់ទោសដល់អាពាហ៍ពិពាហ៍ដ៏ចម្លែកនេះដែរ។ នៅទីបំផុតលោក​ឪពុក​​ក៏​ស្រប​តាម​បំណងរបស់នាង ហើយធ្វើតាមអ្វីដែលនាងបានប្រាប់។

រូបសំណាកឆ្លាក់ចេញពីដើមឈើខាងក្រោយផ្ទះ ឆ្លាក់យ៉ាងសាមញ្ញដោយមុខរូបសំណាកគ្រាន់តែជាបន្ទះឈើ ប៉ុន្តែត្រូវបានរុំដោយក្រណាត់ច្រើនស្រទាប់។

រូបភាព https://mag.japaaan.com/archives/103394/2

ទោះបីជាមិនអាចពន្យល់បាន ប៉ុន្តែរាល់ពេលមានអារម្មណ៍ថាវង្វេងផ្លូវ គ្រាន់តែសម្លឹងមើលមុខសេះនឹងមានអារម្មណ៍ដូចវាកំពុងឆ្ពោះមករកខ្លួនរួចចេញដំណើរ។ ដោយមូលហេតុ​នេះរូបសំណាកត្រូវគេដាក់ឈ្មោះថា “Oshirase-sama” (ទេវតានៃសេចក្តីប្រកាស) ហៅយ៉ាងខ្លីគឺ Oshirasama ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ រឿង​នេះ​នៅ​តែ​​និយាយ​តៗ​គ្នា​ក្នុងតំបន់​មួយ​ចំនួននៅ Tohoku (ភាគ​ឦសាន​ប្រទេស​ជប៉ុន)។

ហើយយ៉ាងណាមិញវគ្គបន្តនៅតែត្រូវបានសរសេរ។

ក្នុង​រឿង​នេះ ដើម​ឈើដែល​ព្យួរក​សេះគឺ mulberry ហើយតាមរយៈសុបិនកូន​ស្រី​ក៏​ប្រាប់​ឪពុកនាង​ថា ដង្កូវ​នាង​ចូល​​ចិត្ត​​ស៊ី​​ស្លឹក​​ឈើ​​នេះ។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ចាប់​ផ្ដើម​ចិញ្ចឹម​ដង្កូវ​នាងត្បាញ​ក្រណាត់ ជីវភាពកាន់​តែ​ធូរ​​ធារ។ ដូច្នេះហើយទេវតា Oshirasama ក្រៅពីចាត់ទុកជាទេវតានៃសេចក្តីប្រកាស ក៏ត្រូវបានគេគោរពបូជាដូច​ជា​ទេវតា​វាយនភ័ណ្ឌ​ផង​ដែរ។

បច្ចុប្បន្ន​នេះពិភពលោកកំពុង​ទទួល​យក​ស្នេហា​ដែលមិនបែងចែកភេទ មិនប្រកាន់​ជាតិ​សាសន៍។ ទោះជាយ៉ាង​ណា​មិន​អាច​ប្រកែក​បាន​ថា​បញ្ហានេះត្រូវបានលើកឡើងដោយជនជាតិជប៉ុនបុរាណជាច្រើនឆ្នាំមកហើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: