អ្នកស្រុកអូសាកាជាច្រើនគ្រួសារទទួលបានស្រោមសំបុត្រប្រាក់ក្នុងប្រអប់សំបុត្រ
ប្រសិនបើថ្ងៃណាមួយ នៅពេលដែលអ្នកឆែកប្រអប់សំបុត្រដូចរាល់ដង ស្រាប់តែឃើញស្រោមសំបុត្រមានប្រាក់ក្នុងនោះ តើអ្នកមានអារម្មណ៍យ៉ាងណា?
ព្រឹត្តិការណ៍ចម្លែកៗជាបន្តបន្ទាប់បានកើតឡើងក្នុងតំបន់លំនៅដ្ឋាន Asahi ទីក្រុង Osaka ។ អ្នកស្រុកដែលត្រូវបានជ្រើសរើសដោយចៃដន្យមួយចំនួន រកឃើញស្រោមសំបុត្រប្រាក់ក្នុងប្រអប់សំបុត្រ។
ស្រោមសំបុត្រប្រាក់អាថ៌កំបាំងត្រូវបានប្រទះឃើញលើកដំបូងក្នុងខែតុលា នៅពេលដែលអ្នកស្រុកម្នាក់ឃើញស្រោមសំបុត្រដែលមិនមានស្លាកសញ្ញាពណ៌ត្នោតទុកក្នុងប្រអប់សំបុត្រ។ មិនយូរប៉ុន្មាន អ្នកស្រុកជិតខាងក៏ទទួលបានស្រោមសំបុត្រពណ៌ត្នោតស្រដៀងគ្នា។
ប្រអប់សំបុត្រដែលទទួលបានប្រាក់នៅលើផ្លូវ និងក្នុងតំបន់ដូចគ្នា ប៉ុន្តែមិនមែនគ្រប់គ្នាទទួលបានចំនួនដូចគ្នានោះទេ។ ស្រោមសំបុត្រទាំងនេះមានចំនួនសាច់ប្រាក់ខុសៗគ្នាចាប់ពីប៉ុន្មានពាន់យ៉េនរហូតដល់ជាង ១ ម៉ឺនយ៉េន។ អ្នកស្រុកម្នាក់និយាយថា ពួកគេទទួលបានស្រោមសំបុត្រមានក្រដាសប្រាក់ ១ ម៉ឺនយ៉េន និងប្រាក់ ១ ពាន់យ៉េនចំនួន ៣ សន្លឹក ប្រាក់សរុបស្មើនឹង ១៣,០០០ យ៉េន។
ស្រោមសំបុត្រចម្លែកទាំងនេះមានចំនួនទឹកប្រាក់សរុប ២០ ម៉ឺនយ៉េន ប៉ុន្តែនោះគ្រាន់តែជាចំនួនដែលប៉ូលីសទទួលបានប៉ុណ្ណោះ ព្រោះអាចមានមនុស្សមួយចំនួនមិនជូនដំណឹងដល់អាជ្ញាធរ ជាក់ស្តែងចំនួនទឹកប្រាក់អាចនឹងច្រើនជាងនេះ។
តាមច្បាប់ ប៉ូលីសបានអនុញ្ញាតឱ្យអ្នកដែលទទួលបានប្រាក់មានសិទ្ធិប្រើប្រាស់ ពួកគេមិនចាំបាច់រាយការណ៍ឬធ្វើបែបបទណាមួយឡើយ។ ទោះជាយ៉ាងនេះក្តី ប្រជាជនមួយចំនួនមានការដឹងគុណយ៉ាងខ្លាំងចំពោះអំណោយនេះ ប៉ុន្តែពួកគេមានអារម្មណ៍មិនស្រួលពេលទទួលបានចំនួនទឹកប្រាក់នោះ ដូច្នេះពួកគេបានរាយការណ៍ទៅប៉ូលីស។
ទាំងប្រជាជន និងរដ្ឋាភិបាលមិនដឹងថាប្រាក់មកពីណាឬហេតុអ្វីបានជាមានក្នុងប្រអប់សំបុត្រនៅតំបន់លំនៅដ្ឋានពិសេសនេះទេ។ មនុស្សជាច្រើនបញ្ចេញមតិដូចខាងក្រោម៖
“ប្រហែលជារបស់សាន់តាក្លូស”
“នៅអូសាកា សាន់តាក្លូសពិតជាមានចិត្តសប្បុរស”
“ខ្ញុំសង្ឃឹមថានោះមិនមែនជាប្រាក់ឧក្រិដ្ឋកម្ម …”
“Yakuza លាងប្រាក់? ហើយប្រសិនបើអ្នកចាយ អ្នកនឹងត្រូវគេគំរាមយកប្រាក់?”
“ខ្ញុំភ្នាល់ថានោះជា Youtuber ណាម្នាក់ចង់ថតវីដេអូ”
“គួរអោយស្ដាយក្នុងចំណោមផ្ទះទាំងនេះគ្មានកាមេរ៉ាឃ្លាំមើលទេ។ នោះប្រហែលជាមូលហេតុដែលផ្លូវទាំងនេះត្រូវបានជ្រើសរើស?”
Yuki