ឆ្លើយតបនឹងពាក្យសុំសិទ្ធិជ្រកកោនពីជនជាតិមីយ៉ាន់ម៉ា តើជប៉ុនអាចនឹងជួយសង្គ្រោះពួកគេទេ?
បច្ចុប្បន្ននេះសេដ្ឋកិច្ចជប៉ុនកំពុងដំណើរការដោយផ្អែកលើសិក្ខាកាមបច្ចេកទេស។ បុគ្គលដែលនឹងលើកឡើងក្នុងអត្តបទនេះគឺជនជាតិមីយ៉ាន់ម៉ាពីរនាក់កំពុងធ្វើការជាសិក្ខាកាមនៅប្រទេសជប៉ុន។
រូបភាព https://www.tokyo-np.co.jp/article/151200
ពួកគេរត់ចេញពីកម្មវិធីបណ្តុះបណ្តាលសិក្ខាកាមបច្ចេកទេស និងដាក់ពាក្យសុំសិទ្ធិជ្រកកោន។
នៅខែសីហា ឆ្នាំ ២០១៩ អ្នកទាំងពីរបានមកដល់ប្រទេសជប៉ុន ហើយធ្វើការឱ្យក្រុមហ៊ុនមួយនៅខេត្ត Aichi ឯកទេសផលិត Bento (បាយប្រអប់) សម្រាប់ចែកចាយ។ ពួកគេត្រូវបង្ខំឱ្យធ្វើការដែលមិនមានក្នុងកិច្ចសន្យាដូចជាលាងប្រអប់បាយ ធ្វើការក្នុងស្ថានភាពលំបាក ទ្រាំនឹងកម្តៅក្តៅចេញពីម៉ាសុីន និងក្លិនស្អុយកាកសំណល់អាហារ។
ការងារចាប់ផ្តើមពីម៉ោង ៤ ព្រឹក រយៈពេល ៨ ម៉ោងមិនឈប់សម្រាក។ បន្ទប់តូចអាចដាក់មនុស្សបាន ៣ នាក់ គ្រាន់តែល្មមសម្រាប់គេង បូករួមទាំងបង្គន់មិនអាចបង្ហូរទឹក ក្លិនស្អុយគួរឱ្យខ្លាចណាស់។ របបការងារមិនល្អធ្វើឱ្យពួកគេស្រកអស់ ១០ គីឡូក្រាម (ពី ៥៥ គីឡូក្រាម) ។
ព្រោះតែស្ថានភាពក្អកមិនឈប់ អ្នកទាំងពីរបានស្នើសុំសហជីពប្តូរការងារតែមិនមានការឆ្លើយតប។ ដោយយល់ថាលើសបន្ទុក ពួកគេបន្តស្នើទៅស្ថាប័នគ្រប់គ្រងឱ្យផ្លាស់ប្តូរក្រុមហ៊ុន ប៉ុន្តែត្រឹមទទួលបានពាក្យថា “បើមិនអាចធ្វើបានទៅស្រុកវិញចុះ” ។
នៅពេលមកដល់ប្រទេសជប៉ុន ពួកគេជំពាក់បំណុល ៤០០,០០០ យ៉េន លើសពីនេះទៅទៀតនៅមីយ៉ាន់ម៉ាកំពុងមានរដ្ឋប្រហារ ដូច្នេះមិនអាចត្រឡប់ទៅប្រទេសវិញបាន។ នៅ Nagoya ជារៀងរាល់សប្តាហ៍ពួកគេទាំងពីរចូលរួមបាតុកម្មប្រឆាំងនឹងរបបយោធានៅស្រុកកំណើត។ ជាមួយនឹងរូបភាពដែលបង្ហោះតាមបណ្តាញអុីនធឺណេត បើពួកគេត្រឡប់ទៅប្រទេសវិញ ជីវិតពួកគេនឹងជួបគ្រោះថ្នាក់។
ពួកគេទាំងពីរពិតជាចង់ធ្វើការ ប៉ុន្តែលក្ខខណ្ឌការងារអាក្រក់ខ្លាំងពេក។ ហេតុដូច្នេះបានជាពួកគេដាក់ពាក្យសុំសិទ្ធិជ្រកកោនទៅកាន់រដ្ឋាភិបាល។ ទោះជាយ៉ាងណាពាក្យសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសជប៉ុនពិបាកទទួលបានការបញ្ជាក់ណាស់ អត្រាជោគជ័យត្រឹមតែ ១% ប៉ុណ្ណោះ។ ពេលនេះស្ថានភាពអាចនឹងគ្រោះថ្នាក់ដល់ជីវិត មានតែវិធីនេះប៉ុណ្ណោះ។ លើសពីនេះអ្នកទាំងពីរមិនបានសុំប្តូរក្រុមហ៊ុនតាមអំពើចិត្តនោះទេ ប៉ុន្តែដោយសារភាគីម្ខាងទៀតរំលោភកិច្ចសន្យាមុន។
គិតត្រឹមចុងខែមីនាឆ្នាំនេះ មានពាក្យសុំសិទ្ធិជ្រកកោនចំនួន ២៩៤៤ ពីប្រជាជនមីយ៉ាន់ម៉ាដែលបានបញ្ជូនទៅប្រទេសជប៉ុន។ ចាប់ពីខែឧសភាដល់ខែតុលាមានពាក្យសុំចំនួន ២៣៥ បន្ថែមទៀត។
ចំពោះស្ថានភាពមីយ៉ាន់ម៉ាសព្វថ្ងៃ លែងជាបញ្ហាទទួលយកឬមិនទទួលយកពាក្យសុំសិទ្ធិជ្រកកោនទៀតហើយ ប៉ុន្តែជាជម្រើសរវាងការសង្គ្រោះជីវិតឬឃើញស្លាប់មិនជួយ។
ខ្ញុំគិតថាសេដ្ឋកិច្ចជប៉ុនមិនអាចដំណើរការដោយរលូនបានទេ បើគ្មានសិក្ខាកាមបច្ចេកទេស និងបុគ្គលក្នុងអត្ថបទថ្ងៃនេះ។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលជប៉ុនអាចផ្តល់ឱ្យពួកគេនូវបរិយាកាសធ្វើការល្អ ហើយសំខាន់បំផុតគឺជួយសង្គ្រោះជីវិតរបស់ពួកគេ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថារដ្ឋាភិបាលជប៉ុននឹងឆ្លើយតបដោយស្មោះត្រង់។
Kengo Abe