ក្រឡេកមកមើលប្រវត្តិសន្តិសុខ អ្នកប្រាកដជាដឹងថា ហេតុអ្វីមនុស្សជាច្រើនចាត់ទុកជប៉ុនជាប្រទេសមានសុវត្ថិភាព?
ជប៉ុនជាប្រទេសដែលមានសន្តិសុខល្អ រស់នៅប្រទេសជប៉ុនមានទំនុកចិត្ត នោះជាអ្វីដែលគេតែងតែនិយាយចំពោះប្រទេសជប៉ុន។ ជាការពិតណាស់ ប្រទេសនីមួយៗមានមនុស្សល្អ មនុស្សអាក្រក់ ដូច្នេះមិនថារស់នៅទីណាអ្នកមិនត្រូវធ្វេសប្រហែសឡើយ។ យ៉ាងណាមិញ ជប៉ុនជាប្រទេសដែលមានសុវត្ថិភាព។
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេនិយាយបែបនេះចំពោះជប៉ុនដែរទេ?
នៅថ្ងៃនេះ សូមក្រឡេកមើលប្រវត្តិសន្តិសុខរបស់ជប៉ុនជាមួយ JAPO ដើម្បីឆ្លើយនឹងសំណួរខាងលើ។
សម័យ Nara
បានជាគេហៅថាសម័យ Nara ព្រោះតែរាជធានីជប៉ុនកាលនោះស្ថិតនៅខេត្ត Nara សព្វថ្ងៃ។ ប៉ុន្តែនៅសម័យនោះអំណាចមិនទាន់ត្រូវបានបង្រួបបង្រួមទូទាំងប្រទេសឡើយ។ ក្នុងតំបន់ Tohoku នាពេលបច្ចុប្បន្ន សង្រ្គាមស៊ីវិលផ្ទុះឡើងញឹកញាប់រវាងក្រុមជនជាតិដើមភាគតិចហៅថា Emishi ។
ដើម្បីដណ្តើមយកតំបន់នេះ តួអង្គម្នាក់ដែលមានឈ្មោះថា Sakanoue no Tamura Maro បានមកដោយផ្ទាល់ សង្រ្គាមបន្តអស់រយៈពេល ៣៨ ឆ្នាំ។ លទ្ធផលជនជាតិដើមភាគតិច Emishi ត្រូវវាយឲ្យខ្ចាត់ខ្ចាយ ហើយកន្លែងនេះបានក្លាយជាទឹកដីដែលអធិរាជគ្រប់គ្រង។ ប្រជាជន Emishi ត្រូវបង្ខំឲ្យចាកចេញពីទឹកដីរបស់ខ្លួន ហើយជីវិតដ៏វេទនាបណ្តាលឲ្យមានអំពើចោរកម្ម លួចប្លន់។ ក្រុម Emishi ក្លាយជាឧក្រិដ្ឋជនដែលគេហៅថា Fushuu បន្តឈ្លានពានតំបន់ផ្សេងទៀត។ ក្រុមការពារក្នុងតំបន់នីមួយៗបង្កើតឡើងដើម្បីប្រយុទ្ធនឹង Fushuu បានប្រមូលផ្តុំគ្នា ហើយក្លាយជាសាមូរ៉ៃ។
សម័យ Kamakura
សម័យកាលផ្លាស់ប្តូរ អ្នកគ្រប់គ្រងប្រទេសជប៉ុននៅសម័យនោះគឺសាមូរ៉ៃ។ ដើម្បីធានាសិទ្ធិវណ្ណៈកាន់អំណាច សាមូរ៉ៃចាប់ផ្តើមបង្កើតច្បាប់បង្ខិតបង្ខំ ទោះជាយ៉ាងណា ច្បាប់សម័យនោះមានភាពធូររលុងណាស់។ សូម្បីតែបទឧក្រិដ្ឋធ្ងន់ដូចជាសម្លាប់មនុស្ស បើជនរងគ្រោះមិនប្ដឹង ជនល្មើសមិនចាំបាច់ទទួលទោសឡើយ មានន័យថា ប្រសិនបើអ្នកសម្លាប់សាក្សីទាំងអស់ អ្នកមិនត្រូវកាត់ទោសទេ។ ដូច្នេះប្រជាជនមិនពឹងលើច្បាប់ទេ ស្វែងរកឃាតករដោយខ្លួនឯងដើម្បីសងសឹកតាមច្បាប់ “បំណុលឈាមត្រូវសងដោយឈាម” ។
ក្នុងសម័យនោះមិនមានសន្តិភាពទាល់តែសោះ។
សម័យ Sengoku
ហេតុតែគេហៅសម័យនេះថា Sengoku (រដ្ឋសង្រ្គាម) ព្រោះនេះជាសម័យសង្រ្គាមឥតឈប់ឈរក្នុងប្រវត្តិសាស្ត្រជប៉ុន។ សាមូរ៉ៃដែលគ្រប់គ្រងដែនដីនីមួយៗបន្តប្រកាសសង្គ្រាមប្រយុទ្ធគ្នា ដើម្បីស្វែងរកអ្នកគ្រប់គ្រងប្រទេសជប៉ុន។ ជាការពិតណាស់ សាមូរ៉ៃដែលឈ្នះនឹងដណ្តើមយកដី ទ្រព្យសម្បត្តិ និងស្បៀងពីប្រជាជនក្នុងតំបន់។ ទីផ្សារទាសករទ្រង់ទ្រាយធំបើកលក់ ហើយការជួញដូរមនុស្សបានផ្ទុះឡើង។
សម័យកាលវឹកវរបែបនេះ មិនអាចធ្វើឲ្យមនុស្សរស់នៅដោយសុខសាន្តបានឡើយ។
តើនរណាជាអ្នកបង្កើតមូលដ្ឋានគ្រឹះការពារសន្តិសុខទឹកដីជប៉ុន?
បុគ្គលដែលបិទសម័យអាក្រក់នេះនៅចុងសម័យ Sengoku ជាមេទ័ពម្នាក់ដែលមានឈ្មោះថា Oda Nobunaga ។ មុនពេលបង្រួបបង្រួមប្រទេស គាត់ត្រូវអ្នកនៅក្រោមបង្គាប់ក្បត់ និងសម្លាប់ ប៉ុន្តែបទបញ្ជារបស់លោកបានក្លាយជាមូលដ្ឋានគ្រឹះការពារសន្តិសុខប្រទេសជប៉ុន។ តាមពិតរឿងនេះផ្អែកលើច្បាប់ដែលបង្កើតឡើងក្នុងសម័យជីតារបស់ Oda Nobunaga ។
រូបថតរបស់ Oda Nobunaga
ជីតារបស់ Nobunaga គឺ Nobusada ជាអ្នកទទួលខុសត្រូវគ្រប់គ្រងកំពង់ផែពាណិជ្ជកម្មឈានមុខគេលើពិភពលោក ឈ្មួញអ្នកមានជាច្រើនរស់នៅក្បែរកំពង់ផែពាណិជ្ជកម្ម ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីពួកគេ អំណាចរបស់ Nobusada ត្រូវបានបំប៉ោង។ ជាការតបស្នង លោក Nobusada ធានាជីវភាព និងផលប្រយោជន៍របស់ឈ្មួញ។ ភាពជាដៃគូមានផលប្រយោជន៍ទៅវិញទៅមកនេះអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយគោលដៅក៏ត្រូវបានពង្រីកផងដែរ។ តួអង្គសំខាន់ក្នុងរឿងនេះគឺចៅប្រុសឈ្មោះ Nobunaga ដែលទទួលរងឥទ្ធិពលពីជីតារបស់ខ្លួន។
ដូច្នេះនៅសម័យ Sengoku ជាយុគសម័យចលាចល ដែលក្នុងនោះកើតមានអំពើលួចប្លន់ ហឹង្សាគ្រប់ទីកន្លែង។ Nobunaga ចេញបញ្ជាហាមប្រាមដាច់ខាតមន្ត្រីរាជការរបស់ខ្លួនប្រព្រឹត្តបែបនេះ។ គ្រាន់តែប្លន់ ១ Sen (ឯកតារូបិយប័ណ្ណទាបបំផុតនៅសម័យនោះ) ក៏នឹងត្រូវកាត់ទោសប្រហារជីវិតដែរ។ ប្រសិនបើត្រូវការទំនិញត្រូវយកប្រាក់ផ្ទាល់ខ្លួនទិញ។ ច្បាប់ដែលគាត់ដាក់ចេញដើម្បីការពារប្រជាជនធម្មតា និងឈ្មួញយ៉ាងតឹងរ៉ឹង។ តំណាលរឿងនិយាយថា អ្នកក្រោមបង្គាប់ Nobunaga ចូលទៅជិតស្ត្រីក្នុងតំបន់ម្នាក់ ត្រូវលោកដកដាវកាត់ដាច់ក្បាល។
កេរ្តិ៍ឈ្មោះល្អនៃសាមូរ៉ៃរូបនេះត្រូវបានប្រជាជននិយាយតៗគ្នា កិត្តិនាមរបស់ Nobunaga ត្រូវបានគេសរសើរ ជប៉ុនបោះជំហានឆ្ពោះទៅរកការបង្រួបបង្រួម។ នៅតំបន់ដែល Nobunaga កាន់កាប់មានសន្តិសុខដល់ថ្នាក់ឈ្មួញដេកតាមផ្លូវដោយសុវត្ថិភាព។
វណ្ណៈគ្រប់គ្រងក្រោយសម័យ Nobunaga រៀនសូត្រតាមមនុស្សសម័យមុន វិនិច្ឆ័យថានេះជាវិធីសាស្ត្រត្រឹមត្រូវក្នុងការគ្រប់គ្រងប្រជាជន ធ្វើឲ្យពួកគេចុះចូលមិនត្រឹមតែសំបកក្រៅប៉ុណ្ណោះទេ ទាំងនៅក្នុងចិត្តផងដែរ។ ដូច្នេះហើយបន្តរហូតទៅ បង្កើតបានជាប្រទេសជប៉ុនដែលមានសុវត្ថិភាពនាពេលសព្វថ្ងៃនេះ។
ទន្ទឹមនឹងនេះការដាក់ចេញបទប្បញ្ញត្តិហាមឃាត់ទុកអាវុធ លើកលែងតែសាមូរ៉ៃ កាន់តែពង្រឹងសន្តិសុខបន្ថែមទៀត។ នៅពេលដែលយុគសម័យសាមូរ៉ៃបញ្ចប់ ក្រៅពីប៉ូលីស និងកងទ័ព ហាមឃាត់មិនឲ្យកាន់អាវុធ ឬ Katana នៅតែរក្សាដដែល។
អាវុធគួរតែប្រើដើម្បីការពារខ្លួនពីអំពើហឹង្សា ប្រសិនបើអនុញ្ញាតប្រើអាវុធ ពិតណាស់ឧក្រិដ្ឋជនក៏អាចប្រើអាវុធបានដែរ។ ដោយសារវណ្ណៈគ្រប់គ្រងការពារប្រជាជន ដូច្នេះពួកគេមិនចាំបាច់កាន់កាប់អាវុធនោះទេ។ ក្រោយសង្គ្រាមលោកលើកទី ២ ការហាមឃាត់កាន់កាប់កាំភ្លើង និងដាវរឹតតែតុឹងរឹង នៅទូទាំងប្រទេសរឹបអូសអាវុធជាង ៣ លាន។
ទោះបីជាយ៉ាងនេះក្ដី កុំព្រោះតែគិតថាប្រជាជនជប៉ុនមានសុវត្ថិភាពដាច់ខាត។ ម្យ៉ាងវិញទៀត មាគ៌ាសន្តិភាពតែងតែមាននៅគ្រប់ទីកន្លែងលើពិភពលោក។ ខ្ញុំសង្ឃឹមថាសន្តិភាពនឹងធ្វើឲ្យប្រទេសជាច្រើនមានសន្តិសុខ។
Kengo Abe