ក្រុមអ្នកស្រាវជ្រាវជប៉ុនផលិតអង្ករទៅជាវ៉ាក់សាំងការពារជំងឺអាសន្នរោគ
គ្រាន់តែកិនអង្ករទៅជាម្សៅ ហើយដាក់ក្នុងកែវទឹក រួចផឹក ដូច្នេះអ្នកអាចទប់ទល់នឹងជំងឺឆ្លងជាច្រើនមុខ។
ទាំងនេះជាការសន្និដ្ឋានមូលដ្ឋាននៃការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនមកពីសាកលវិទ្យាល័យតូក្យូ ក្នុងគោលបំណងបង្កើតប្រភេទវ៉ាក់សាំងផឹក ដែលអាចការពារជំងឺជាច្រើន។
ការប្រើប្រាស់អង្ករជាមធ្យមរបស់មនុស្សម្នាក់នៅប្រទេសជប៉ុនគឺ ៥០ គីឡូក្រាមក្នុងមួយឆ្នាំ អង្ករដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនជប៉ុន។ ប្រភេទអាហារបំប៉នប្រចាំថ្ងៃ ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យតូក្យូ (IMSUT) បានបង្កើតអង្ករមួយប្រភេទមានផ្ទុកប្រូតេអុីនពិសេស ដែលដើរតួជាវ៉ាក់សាំងការពារការចាប់ផ្តើមនៃជំងឺអាសន្នរោគ រួមទាំងជំងឺរាគផងដែរ។
ជំងឺអាសន្នរោគឆ្លងរីករាលដាលដោយសារការប្រើប្រាស់ទឹកដែលមានមេរោគបាក់តេរីជំងឺអាសន្នរោគ លើសពីនេះអាហារសមុទ្រដែលមិនទាន់ចម្អិនក៏ត្រូវបានចាត់ទុកជាប្រភពជំងឺផងដែរ។ ជំងឺនេះប៉ះពាល់ដល់មនុស្ស ៤ លាននាក់ ដែលមានករណីស្លាប់ ១៤០,០០០ នាក់ក្នុងមួយឆ្នាំ ហើយជាពិសេសរីករាលដាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ថ្វីត្បិតតែមានវ៉ាក់សាំងការពារជំងឺអាសន្នរោគជាប្រភេទផឹក ប៉ុន្តែនៅតែមានឧបសគ្គមួយចំនួនក្នុងការប្រើប្រាស់ទូលំទូលាយ ដូចជាវ៉ាក់សាំងត្រូវដាក់ក្នុងទូរទឹកកក។
ដូច្នេះក្រុមស្រាវជ្រាវ IMSUT ដែលដឹកនាំដោយសាស្ត្រាចារ្យ Hiroshi Kiyono មានគោលបំណងបង្កើតអង្ករប្តូរហ្សែន ដែលអាចរក្សាទុកក្នុងសីតុណ្ហភាពបន្ទប់ ជំនួសវ៉ាក់សាំងជំងឺអាសន្នរោគ។
ពួកគេបានបង្កើតពូជស្រូវប្តូរហ្សែនក្នុងគោលបំណងផលិតប្រូតេអុីនសម្រាប់ប្រើក្នុងដំណើរការស្រូបយកជាតិពុលនៃជំងឺអាសន្នរោគក្នុងពោះវៀន ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់រាងកាយនោះទេ។
គ្រាប់ស្រូវត្រូវបានផលិតបន្ទាប់ពីប្រមូលផលរួច កិនទៅជាម្សៅលាយជាមួយទឹកសូលុយស្យងអំបិល។ ដូច្នេះសមាសធាតុសំខាន់ៗក្នុងប្រភេទអង្ករនេះស្រូបចូលតាមពោះវៀនបង្កើតជាអង់ទីករ ហើយជួយអ្នកប្រើមានភាពស៊ាំនឹងជំងឺអាសន្នរោគ។
ជាដំបូងអ្នកស្រាវជ្រាវបានធ្វើការផ្ទៀងផ្ទាត់សុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំងស្រូវលើសត្វដូចជាកណ្តុរ ជ្រូក ស្វា។ បន្ទាប់មកនៅឆ្នាំ ២០១៥ និង ២០១៦ ក្រុមការងារបានបន្តធ្វើការសាកល្បងព្យាបាលលើបុរសពេញវ័យចំនួន ៦០ នាក់នៅមន្ទីរពេទ្យ IMSUT ។
លទ្ធផលដែលទទួលបានគឺវិជ្ជមាន អ្នកដែលប្រើមិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយឡើយ។ អង់ទីករទប់ស្កាត់ការស្រូបយកជាតិពុលអាសន្នរោគត្រូវបានផលិតក្នុងឈាមពី ៤០ ទៅ ៧៥% នៃអ្នកធ្វើតេស្ត។ ក្រុមការងារក៏បានរកឃើញថា បើកម្រិតថ្នាំវ៉ាក់សាំងស្រូវកាន់តែច្រើន អង់ទីករដែលត្រូវបានផលិតក៏កាន់តែច្រើនដែរ។
បច្ចុប្បន្នក្រុមស្រាវជ្រាវកំពុងដាំដុះពូជស្រូវតាមគោលបំណងនៅ IMSUT ស្រុក Shirokanedai ទីក្រុងតូក្យូ។ ពួកគេក៏មានគម្រោងធ្វើការជាមួយសាកលវិទ្យាល័យ Chiba និងអង្គភាពផ្សេងទៀត ដើម្បីពង្រីកគំរូនៃការដាំដុះស្រូវប្តូរហ្សែននេះ។
សាស្ត្រាចារ្យ Hiroshi Kiyono បាននិយាយថា ការធ្វើតេស្តសត្វទទួលបានជោគជ័យ នៅពេលប្រើអង្កររក្សាទុកក្នុងសីតុណ្ហភាពបន្ទប់រយៈពេល ៣ ឆ្នាំ។ លោកក៏បានបន្ថែមថា ប្រភេទវ៉ាក់សាំងអង្ករសម្រាប់ផឹកនេះ ក៏អាចបង្កើតជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលជាវីរុសឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើម និងមេរោគផ្សេងៗទៀត។
ឥឡូវនេះក្រុមការងារកំពុងសង្ឃឹមថាអាចសហការជាមួយអាជីវកម្ម ដើម្បីធ្វើការសាកល្បងព្យាបាលបន្ថែមលើទ្រង់ទ្រាយធំជាងនេះ។ ដើម្បីវាយតម្លៃប្រសិទ្ធភាពវ៉ាក់សាំងអោយបានត្រឹមត្រូវបំផុត ឆ្ពោះទៅរកគោលដៅប្រើប្រាស់ជាក់ស្តែងនាពេលអនាគត។
លោក Hiroshi Kiyono បានអោយដឹងថា “គ្រាប់ស្រូវមិនត្រូវការម្ជុលឬទូរទឹកកកទេ ដូច្នេះវាអាចក្លាយទៅជាវ៉ាក់សាំងដែលល្អបំផុត។ យើងសង្ឃឹមថានឹងដាក់ឱ្យប្រើឆាប់តាមដែលអាចធ្វើទៅបាន” ។
Yuki