យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ដ៏ពិសេសក្រោមប្រធានបទ “មនុស្សក្រៅភព”
នៅខេត្ត Oita មានកន្លែងស្នាក់នៅ ៤៥ កន្លែងចូលរួមយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ដ៏ពិសេសមួយ សម្រាប់ភ្ញៀវទេសចរណ៍ដែលមកលេងតំបន់នេះ។ នៅពេលមកដល់ភ្ញៀវនឹងកំណត់ខ្លួនឯងជា “មនុស្សក្រៅភព” មកពីអាកាស ដើម្បីទទួលបានការផ្តល់ជូនពិសេស។ យុទ្ធនាការនេះមានរយៈពេលរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២២។
អ្នកគ្រប់គ្រងសណ្ឋាគារ Mikuma អ្នកស្រី Setsuko Isayama កំពុងឱប “មនុស្សក្រៅភព” នៅ Hita ខេត្ត Oita កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១។
ហេតុផលសម្រាប់ការផ្តល់ជូនដ៏ចម្លែកនេះ ដោយសារតែរដ្ឋាភិបាលខេត្ត Oita បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុន Virgin Orbit LLC របស់អាមេរិក ក្នុងខែមេសា ឆ្នាំ ២០២០។ ភាគីទាំងពីរគ្រោងប្រែក្លាយអាកាសយានដ្ឋាន Oita ឱ្យទៅមជ្ឈមណ្ឌល “យានដ្ឋានអវកាស” ដើម្បីបើកដំណើរការបាញ់រ៉ុកកែតតាមជួរផ្តេកដឹកផ្កាយរណបសិប្បនិមិត្តខ្នាតតូចកណ្តាលអាកាសយន្តហោះធំ ហើយចាប់ផ្តើមហោះហើរពីអាកាសយានដ្ឋាន Oita ក្នុងឆ្នាំ ២០២២ ឬយឺតជាងនេះ។
ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី ១៦ ខែធ្នូ យុទ្ធនាការបានចាប់ផ្តើម និងទាក់ទាញចំណាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។ នៅសណ្ឋាគារ Mikuma ទីក្រុង Hita ខេត្ត Oita ដាក់ស្លាកសញ្ញាដែលសរសេរថា “សូមស្វាគមន៍មនុស្សក្រៅភព” មុខច្រកចូលសណ្ឋាគារ។
ក្រៅពីនេះផ្ទាំងផ្សាយពាណិជ្ជកម្មក៏ត្រូវបានសរសេរជា ២ ភាសា រួមមានភាសាជប៉ុន និងភាសាមនុស្សក្រៅភព។
នៅពេលភ្ញៀវទេសចរណ៍មកកាន់សណ្ឋាគារ និងផ្ទះសំណាក់បែបជប៉ុន (ryokan) ទាំង ៤៥ កន្លែងសម្រាប់ចូលរួមក្នុងយុទ្ធនាការនេះ។ ពួកគេនឹងសម្គាល់ខ្លួនជា “មនុស្សក្រៅភព” ដើម្បីទទួលការផ្តល់ជូននេះ។ លើសពីនេះកន្លែងមួយចំនួនថែមទាំងផ្តល់ការបញ្ចុះតម្លៃលើថ្លៃស្នាក់នៅសម្រាប់ភ្ញៀវទៀតផង។
ប្រសិនបើអ្នកមានឱកាសធ្វើដំណើរទៅកាន់ Oita ឥឡូវនេះ អ្នកនឹងមានឱកាសជួបជាមួយមនុស្សក្រៅភពភ្នែកធំ វែង និងក្បាលមានរាងសុ៊ត។ រដ្ឋាភិបាលខេត្ត Oita ថែមទាំងផលិតវីដេអូជាច្រើន ដោយមានវត្តមានរបស់មនុស្សក្រៅភពដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗក្នុងខេត្ត។
អ្នកស្រី Setsuko Isayama អាយុ ៧១ ឆ្នាំគ្រប់គ្រងសណ្ឋាគារ Mikuma ឱបមនុស្សក្រៅភពហើយនិយាយថា “ខ្ញុំកំពុងពិចារណាកម្មវិធីកំសាន្តអារម្មណ៍ដែលយកប្រធានបទមនុស្សក្រៅភពសម្រាប់ភ្ញៀវទេសចរណ៍” ។
រដ្ឋបាលខេត្តបានអោយដឹងថាយុទ្ធនាការទេសចរណ៍នេះ ក្រៅពីជម្រុញការអភិវឌ្ឍន៍គម្រោង “យានដ្ឋានអវកាស” ក៏ជាវិធានការស្តារមជ្ឈមណ្ឌលស្នាក់នៅក្នុងខេត្តដែលរងឥទ្ធិពលជំងឺកូវីដ ១៩ និងគ្រោះទឹកជំនន់ប៉ុន្មានឆ្នាំថ្មីៗនេះ។
ខេត្ត Oita សង្ឃឹមថានឹងក្លាយជាគោលដៅដ៏គួរឱ្យទាក់ទាញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោកក្នុងពេលខាងមុខ។
Japo Cambodia