ហេតុអ្វីបានជាគ្រឹស្តសាសនាត្រូវគេធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសជប៉ុន?
សាសនារបស់ប្រជាជនជប៉ុនគឺ Shinto បន្ទាប់មកព្រះពុទ្ធសាសនានាំចូលពីប្រទេសចិន ដោយរួមបញ្ចូលគ្នាជាមួយ Shinto ទៅជាសាសនាចម្រុះ ប៉ុន្តែនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ ជាមូលដ្ឋានទស្សនៈសាសនារបស់ជនជាតិជប៉ុន។ ទោះជាយ៉ាងណា ជប៉ុននៅតែអត់ឱនចំពោះសាសនាផ្សេងទៀត ដោយរៀបចំពិធីបុណ្យណូអែល (ដែលជាសាសនាគ្រឹស្ត) និងថ្ងៃ Valentine ។
កាលពីអតីតកាល វណ្ណៈគ្រប់គ្រងរបស់ជប៉ុនបានធ្វើទុក្ខបុកម្នេញលើគ្រិស្តសាសនិកម្តងហើយម្តងទៀតយ៉ាងព្រៃផ្សៃ។ មូលហេតុនៃការបៀតបៀនទាំងនេះមិនត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។ ក្នុងអត្តបទថ្ងៃនេះ យើងនឹងស្វែងយល់ ហេតុអ្វីបានជា Toyotomi Hideyoshi (អ្នកដែលបង្រួបបង្រួមប្រទេសជប៉ុន) បែរជាចាត់វិធានការប្រឆាំងនឹងសាសនានេះ។
រូបភាព https://president.jp/articles/-/52513
នៅឆ្នាំ ១៥៨៧ អ្នកដឹកនាំប្រទេសជប៉ុនសម័យនោះគឺ Toyotomi Hideyoshi បានហាមឃាត់ការផ្សព្វផ្សាយសាសនាគ្រឹស្ត អនុម័តច្បាប់បណ្ដេញអ្នកផ្សព្វផ្សាយសាសនាជនបរទេសចេញពីប្រទេស ហេតុអ្វីបានជាមានច្បាប់នេះ ខ្ញុំនឹងពន្យល់។
ក្នុងឆ្នាំ ១៥៨៣ កប៉ាល់ព័រទុយហ្គាល់មួយចេញដំណើរពីម៉ាកាវទៅដល់ប្រទេសឥណ្ឌា ប៉ុន្តែកើលច្រាំងតាមផ្លូវ។ ដំណឹងនេះបានទៅដល់អ្នកផ្សព្វផ្សាយសាសនា ពួកគេនិយាយថា៖
រឿងនេះកើតឡើងដោយសារទង្វើព្រៃផ្សៃរបស់ឈ្មួញព័រទុយហ្គាល់នៅជប៉ុន និងចិន។ ការដាក់ទណ្ឌកម្មរបស់ព្រះបានមកដល់ហើយ។
តើមនុស្សទាំងនោះបានធ្វើអ្វីខ្លះនៅប្រទេសជប៉ុន? នេះជារឿងដែលអ្នកផ្សព្វផ្សាយសាសនាបានប្រាប់។
ឈ្មួញជនជាតិព័រទុយហ្គាល់មិនកោតខ្លាចព្រះជាម្ចាស់ទេ ជាច្រើនឆ្នាំ ពួកគេនាំស្រីស្អាតដែលមានស្បែកសស្អាតមកជាមួយ ហើយចាត់ទុកពួកគេដូចជាប្រពន្ធរបស់ខ្លួន ប្រព្រឹត្តអំពើប្រមាថព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារភាពក្រអឺតក្រទមនេះហើយបានជាពួកគេត្រូវទទួលទោសពីព្រះ។
មែនហើយ ស្ត្រីជនជាតិជប៉ុនត្រូវគេចាប់ជំរិតដើម្បីបំពេញតម្រូវការផ្លូវភេទរបស់ពួកឈ្មួញ ដែលមិនត្រឹមតែកេងប្រវ័ញ្ចកម្លាំងពលកម្មប៉ុណ្ណោះទេ។
មិនត្រឹមតែអ្នកផ្សព្វផ្សាយសាសនាស្អប់ខ្ពើមទង្វើនេះប៉ុណ្ណោះទេ សូម្បីតែជនជាតិជប៉ុនក៏គ្មានបធ្យោបាយបញ្ឈប់បានដែរ។ នៅពេលនោះ ជនជាតិព័រទុយហ្គាល់មានកាំភ្លើង ហើយអំណាចយោធារបស់ពួកគេក៏ខ្លាំងជាងជប៉ុន និងចិនផងដែរ។
ក្នុងសៀវភៅប្រវត្តិសាស្ត្រជប៉ុនក៏បានកត់ត្រាដែលថា ទាំងបុរស និងស្ត្រីជនជាតិជប៉ុនសុទ្ធតែត្រូវចាប់ឲ្យឡើងកប៉ាល់ពាណិជ្ជករព័រទុយហ្គាល់។
បញ្ហាមិនមែនមកពីជនជាតិព័រទុយហ្គាល់ទាំងអស់ទេ ជនជាតិជប៉ុនមួយចំនួនដែលបានឃើញហេតុការណ៍នេះ សហការធ្វើបាប និងលក់ស្ត្រីក្នុងគ្រួសាររបស់ខ្លួន ដូចជាកូន ប្រពន្ធ បងស្រី រហូតដល់ម្តាយ។
ដោយដឹងពីស្ថានភាពនេះ លោក Toyotomi Hideyoshi បានពិភាក្សាជាមួយអ្នកដឹកនាំព្រះវិហារគ្រិស្តសាសនានៅប្រទេសជប៉ុន ហើយទទួលបានចម្លើយដូចខាងក្រោម៖
ជនជាតិជប៉ុនលក់មនុស្ស ពួកយើងទិញ។ យើងក៏ចង់ទប់ស្កាត់រឿងនេះដែរ ប៉ុន្តែបែបនេះមិនអាចបញ្ឈប់បានទេ។
ទោះបីជាអ្នកផ្សព្វផ្សាយសាសនាទាំងនេះមើលឃើញស្ថានភាពយ៉ាងច្បាស់ ប៉ុន្តែបិទភ្នែកធ្វើមិនដឹង ហើយក៏គ្មានចេតនាធ្វើអ្វីដើម្បីបញ្ឈប់ដែរ។
Toyotomi Hideyoshi សញ្ជឹងគិតថាបើអនុញ្ញាតឲ្យអ្នកផ្សព្វផ្សាយសាសនាបែបនេះនៅលើទឹកដីប្រទេសជប៉ុន នឹងធ្វើឲ្យសោកនាដកម្មកាន់តែរីកធំឡើង ដូច្នេះហើយបានអនុម័តច្បាប់ដើម្បីការពារកុំឲ្យរឿងនេះកើតឡើង។
Kengo Abe