អាទិទេពព្រះអាទិត្យ Himiko និង Yamataikoku ដែលជាអាថ៌កំបាំងនៃប្រវត្តិសាស្ត្រជប៉ុន
រឿងនេះកើតឡើងមុនសម័យសាមូរ៉ៃទៅទៀត រឿងតំណាលថាមានរាជនីមួយអង្គព្រះនាម Himiko ដែលប្រសូតក្នុងឆ្នាំ ២០០ ក្រោយគ.ស។
នៅសម័យនោះជប៉ុនមិនទាន់មានវប្បធម៌ថែរក្សាសៀវភៅប្រវត្តិសាស្ត្រទេ ប៉ុន្តែតួអង្គបង្ហាញខ្លួនក្នុងឯកសារមានឈ្មោះថា Gishiwajinden ដែលជាឯកសារចិនបុរាណនិយាយពីជប៉ុន។
ពេលនោះជនជាតិចិនហៅជប៉ុនថា Wakoku (មហានគរ)។ ក្នុងមហានគរមាននគរតូចមួយដែលត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រហៅថា Yamataikoku ។ ទោះបីជា Himiko ត្រូវគេចាត់ទុកដូចជារាជនីនៃនគរតូចនោះ ប៉ុន្តែអ្វីដែលចម្លែករាជនីមាននៅក្នុងឯកសារខាងលើប៉ុណ្ណោះ។ ជាក់ស្តែងទីតាំងភូមិសាស្ត្រ Yamataikoku ឬវត្តមានតួអង្គ Himiko រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ដឹងច្បាស់នោះទេ។
នៅយុគសម័យ Yayoi (ពី ៣០០ មុនគ.ស. ដល់ ២៥០ ក្រោយគ.ស) គឺជាពេលដែលអរិយធម៌ដាំស្រូវចាប់ផ្តើម “ដុះពន្លក” ក្នុងប្រទេសជប៉ុន។ ជាមួយនឹងការរីកចម្រើននៃការធ្វើស្រែ ជនជាតិជប៉ុនពេលនោះរស់នៅជាក្រុមតាមភូមិ ហើយផលិតស្រូវជាអាហារចម្បងតាមផែនការ។ តាំងពីពេលបង្កើតភូមិ គម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែច្បាស់ ដែលបណ្តាលឲ្យមានបញ្ហាបែងចែកវណ្ណៈសង្គម។ មិនត្រឹមតែប៉ុណ្ណឹង សង្រ្គាមរវាងភូមិដែលនៅជិតគ្នា ដើម្បីពង្រីកទឹកដីកើតឡើងស្ទើរតែរាល់ថ្ងៃផងដែរ លុះដល់ Himiko ឡើងគ្រងរាជ្យទើបស្ថានភាពសង្រ្គាមនេះឈានដល់ទីបញ្ចប់។
Himiko (Miko – ទេវតាស្រីមើលថែប្រាសាទ) បម្រើអាទិទេពព្រះអាទិត្យ ការទស្សន៍ទាយរបស់គាត់ប្រើសម្រាប់ដំណើរការម៉ាសុីននយោបាយ។
នៅក្នុងជំនឿសាសនាជាច្រើនលើពិភពលោក អាទិទេពព្រះអាទិត្យតែងតែត្រូវគេគោរពបូជា ដោយឡែកនៅជប៉ុនតួនាទីរបស់អាទិទេពព្រះអាទិត្យកាន់តែខ្ពស់ជាងនេះ។ អាទិទេពព្រះអាទិត្យ Amaterasu Ookami គឺជាអាទិទេពនៅកណ្តាលរវាងអាទិទេពក្នុងទេវកថារបស់ជប៉ុន។ មិនត្រឹមតែប៉ុណ្ណឹង សូម្បីតែក្នុងព្រះពុទ្ធសាសនាតួអង្គតំណាងដូចជា Vairocana ជាផ្នែកមួយនៃវប្បធម៌គោរពអាទិទេពព្រះអាទិត្យនៅតែមានរហូតមកដល់សព្វថ្ងៃនេះ។
នៅពេលនោះ Wakoku (ជប៉ុនសម័យសព្វថ្ងៃ) យោងតាមសម្តីរបស់ Himiko តែងតែផ្ញើសួយសារអាករទៅកាន់ប្រទេសចិន។ ជាការឆ្លើយតប អធិរាជចិនបានផ្ញើត្រាមាស និងកញ្ចក់សំរឹទ្ធចំនួន ១០០ ទៅកាន់ Wakoku ។ ទំនាក់ទំនងល្អរវាងភាគីទាំងពីររឹងមាំណាស់ ដូច្នេះហើយទើប Wakoku ក្លាយជាប្រទេសមានទ្រព្យធន និងរីកចម្រើន។
តាមតំណាលរឿងនិយាយថាមនុស្សមិនច្រើនទេដែលបានឃើញ Himiko ហើយក៏កម្របង្ហាញខ្លួនជាសាធារណៈផងដែរ។ Himiko មិនមានប្តីទេ ប្អូនប្រុសជាអ្នកមើលថែទាំគាត់។
ពាក្យសម្តីទាំងអស់របស់ Himiko សុទ្ធតែត្រឹមត្រូវ ហើយដោយសារធ្វើតាមបញ្ជារបស់គាត់ ទើបប្រទេសជាតិកាន់តែរីកចម្រើន។ ប៉ុន្តែបន្ទាប់ពី Himiko ទទួលមរណភាព អំណាចធ្លាក់ក្នុងដៃមនុស្សប្រុស ជោគវាសនារបស់ Wakoku ធ្លាក់ក្នុងភាពវឹកវរម្តងទៀត។
ចំពោះអាថ៌កំបាំងទីតាំងភូមិសាស្ត្ររបស់ Yamataikoku គ្មាននរណាម្នាក់ដឹងច្បាស់ថាកន្លែងនេះស្ថិតនៅទីណានោះទេ។ ក្នុងអំឡុងពេលពិភាក្សាជាមួយអធិរាជចិន ទូតរបស់ Yamataikoku តែងតែស្នើឲ្យជួបនៅកន្លែងដែលងាយស្រួលសម្រាប់ភាគីចិន ដូចជាតំបន់ជុំវិញ Kyuushuu ។ ពិតជាគ្មានដាននិយាយពី Yamataikoku ទេ។
តាមការកត់ត្រានៅពេលដែល Himiko ទទួលមរណភាព មនុស្សម្នាក់ ១០០ នាក់កប់ខ្លួនឯងទាំងរស់តាមគាត់។ ទ្រង់ទ្រាយផ្នូរធំ ប៉ុន្តែរហូតមកដល់សព្វថ្ងៃមិនទាន់មាននរណារកឃើញផ្នូរនោះទេ។ ហើយផ្នូរស្តេចក្រាញ់ក្នុងតំបន់ផ្សេងទៀត គេរកឃើញកញ្ចក់សំរិទ្ធ។ តាមការស្មានកញ្ចក់សំរិទ្ធទាំងនេះជាអំណោយរបស់អធិរាជចិន ហើយ Himiko ជូនស្តេចក្រាញ់ផ្សេងទៀតដើម្បីបង្ហាញពីចំណងដ៏រឹងមាំដែលគាត់បានបង្កើត។ ប្រសិនបើការស្មាននេះត្រឹមត្រូវ នោះវត្តមានរបស់ Himiko ក៏ពិតជាមានមែន។
ថ្វីត្បិតតែ ជីវិត និងវត្តមានរបស់ Himiko មានអាថ៌កំបាំងច្រើន នៅសម័យដែលគាត់គ្រប់គ្រងប្រទេសមានសន្តិភាព និងអភិវឌ្ឍន៍រឹងមាំ។ លុះដល់ពេលស្ដេចប្រុសខាងត្បូងឡើងសោយរាជ្យ ភាពចលាចលក៏ផ្ទុះឡើងម្ដងទៀត។ អ្នកដែលព្រួយបារម្ភចំពោះស្ថានភាពនេះបានបញ្ជូននារីម្នាក់ឈ្មោះ Iyo ដែលជាសាច់ញាតិរបស់ Himiko ឡើងសោយរាជ្យ ហើយសន្តិភាពត្រូវបានស្តារឡើងវិញ។
មិនដឹងថានេះគ្រាន់តែជាភាពចៃដន្យ ឬមានមូលដ្ឋានណាមួយ តើការលើកស្រ្តីឡើងធ្វើជាអ្នកគ្រប់គ្រងអាចការពារអំពើហិង្សា និងសង្គ្រាមដែរទេ?
មនុស្សមួយចំនួនជឿលើវត្តមានរបស់ Yamataikoku និងរាជនី Himiko ហើយក៏នៅតែមានអ្នកប្រវត្តិសាស្រ្តខ្លះបដិសេធវត្តមាននេះដែរ។
ក្រៅពីនេះ ខ្ញុំសូមពន្យល់បន្ថែមដល់អ្នកដែលកំពុងរៀនភាសាជប៉ុន។ ជាដំបូងចូរក្រឡេកមើល Kanji នេះ។
邪馬台国 (Yamataikoku)
តួអក្សរទីមួយ 邪 ប្រើក្នុងពាក្យ 邪神 (jashin) – អានថា Yokoshima ។ នេះមិនមែនជា Kanji ដែលមានអត្ថន័យល្អនោះទេ។
ក្រៅពីនេះ …
卑弥呼 (Himiko)
អក្សរ Kanji ទីមួយក្នុងឈ្មោះរបស់គាត់ 卑 មានន័យថាអ្នកបម្រើ ទាសករ បុគ្គលដែលមានឋានៈទាប។
ដូចដែលបានរៀបរាប់ខាងលើ រឿង Yamataikoku និង Himiko មានតែនៅក្នុងសៀវភៅប្រវត្តិសាស្ត្រចិនប៉ុណ្ណោះ ដូច្នេះឈ្មោះ Kanji គឺជនជាតិចិនសរសេរឡើងវិញ។ ហេតុនេះមិនច្បាស់ថា អក្ខរាវិរុទ្ធខាងលើគ្រាន់តែស្របនឹងការបញ្ចេញសំឡេង ឬមនុស្សសម័យបុរាណមានចេតនាសរសេរបែបនោះ ដើម្បីបង្ហាញថាប្រទេសចិនជាប្រទេសដែលមានអរិយធម៌ និងជឿនលឿនជាង ដូច្នេះបានជាបន្ទាបសម្ព័ន្ធមិត្តរបស់ខ្លួន?
ម្យ៉ាងវិញទៀត Himiko ស្រដៀងទៅនឹង អាទិទេពព្រះអាទិត្យស្រី Amaterasu Ookami ។
នៅក្នុងទេវកថា Amaterasu Ookami លាក់ខ្លួនក្នុងរូងភ្នំមួយមានឈ្មោះថា Amano iwato ស្រដៀងនឹងរឿងរបស់រាជនី Himiko ដែលមិនសូវបង្ហាញខ្លួនសាធារណៈ។
មិនមែនជាការបំផ្លើសទេដែលនិយាយថា Yamataikoku និង Himiko គឺជាចម្ងល់ក្នុងប្រវត្តិសាស្ត្រជប៉ុន។
តើអ្នកគិតថារាជនីនេះពិតជាមានវត្តមានមែនដែរទេ?
Kengo Abe