តើធ្វើយ៉ាងអាចកំណត់ទង្វើរបស់ជនល្មើសដូចករណីអគ្គីភ័យឆេះអគារ Osaka ថ្មីៗនេះ?
កាលពីពេលថ្មីៗនេះសារព័ត៌មានចុះផ្សាយករណីដុតបំផ្លាញអគារនៅទីក្រុង Osaka ដែលបណ្តាលអោយខូចខាតធ្ងន់ធ្ងរ និងសម្លាប់មនុស្ស ២៥ នាក់។ អ្នកដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះសុទ្ធតែជាជនរងគ្រោះ ពួកគេមិនបានធ្វើអ្វីអាក្រក់ចំពោះជនល្មើសឡើយ។
ជនល្មើសដែលបង្កសោកនាដកម្មនេះគឺ Tanimoto Morio ។ តាមពិតកាលពី ១០ ឆ្នាំមុន បុរសម្នាក់នេះធ្លាប់ប្រព្រឹត្តិអំពើឃោរឃៅ ប៉ុន្តែបើគិតពីករណីថ្មីៗនេះ អាចចាត់ទុកថាជននេះឆ្កួតទៅហើយ។
ហេតុអ្វីបានជាមនុស្សម្នាក់មានសតិមិនប្រក្រតីអាចដើរហើរដោយសេរីក្នុងទីក្រុង? តើមានវិធីណាការពារគ្រោះថ្នាក់ស្រដៀងគ្នានេះកើតឡើងវិញ? នេះជាបញ្ហាសំខាន់ពីរដែលអ្នកនិយមលេងអុីនធឺណេតជប៉ុនមានការព្រួយបារម្ភក្នុងពេលនេះ។
នៅឆ្នាំ ១៩៥៦ លោក Tanimoto Morio ដែលជាកូនប្រុសទីពីរ កើតក្នុងគ្រួសារមានបងប្អូន ៤ នាក់ ដំណើរការរោងចក្រផលិតបន្ទះដែក។ បន្ទាប់ពីបញ្ចប់វិទ្យាល័យគាត់មិនបន្តសិក្សា ប៉ុន្តែធ្វើជាកម្មកររោងចក្រ។ តាំងពីពេលបងប្រុសរបស់គាត់ឡើងកាន់កាប់មុខជំនួញ គាត់ត្រូវផ្ទេរពីរោងចក្រមួយទៅរោងចក្រមួយទៀត។
លោក Tanimoto រស់នៅក្នុងទីក្រុង Osaka ជាមួយនឹងគ្រួសារ ៤ នាក់ រួមទាំងប្រពន្ធ និងកូនប្រុស ២ នាក់។ រហូតដល់ខែកញ្ញា ឆ្នាំ ២០០៨ គាត់ត្រូវប្រពន្ធសុំលែង។ ទោះបីជាបែបនេះក្តី លោក Tanimoto នៅតែបន្តតាមប្រពន្ធសុំត្រូវគ្នាវិញ។ ប្រពន្ធគាត់មិនព្រម ទើបសម្រេចចិត្តរស់នៅបែកពីគ្នា។ ចាប់តាំងពីពេលនោះមក Tanimoto តែងតែមានចិត្តគំនិត “ចង់ស្លាប់” ។
ប៉ុន្តែគាត់មិនអាចធ្វើអត្តឃាតខ្លួនឯង។
ដូច្នេះហើយគាត់សម្រេចចិត្ត “សម្លាប់អ្នកណាម្នាក់ បន្ទាប់មកស្លាប់” រួចក៏សម្រេចចិត្តចាត់ការកូនប្រុសច្បង។
ឱកាសមកដល់កាលពីខែវិច្ឆិកា ឆ្នាំ ២០០៩ កូនប្រុសច្បងអញ្ជើញក្រុមគ្រួសារទាំង ៤ នាក់ទៅមើលកុន។ គម្រោងរបស់គាត់ បន្ទាប់ពីទៅមើលកុនគាត់នឹងឆ្លៀតចូលផ្ទះប្រពន្ធកំពុងរស់នៅ ដោយយកលេសថា “ទៅយក Sushi” ដើម្បីត្រឡប់ទៅផ្ទះរបស់ខ្លួន។ នៅពេលនោះ Tanimoto យកតាមកាំបិត ២ កាំភ្លើងអគ្គិសនី Pepper Spray ញញួរ និង Sushi ។
បន្ទាប់មក Tanimoto ទៅផឹកស្រាស្រវឹង ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។ Tanimoto ចូលទៅជិតប្រើកាំបិតវាយប្រហារកូនប្រុសច្បង។ នៅពេលកូនប្រុសច្បងដួល Tanimoto បន្តយកកាំបិតចាក់ជាច្រើនដងទៀត ។ ក្នុងអំឡុងពេលតបត កូនប្រុសច្បងព្យាយាមទាញឪពុកចេញទៅ Genkan (ជាកន្លែងទទួលភ្ញៀវរបស់ជនជាតិជប៉ុន) កន្លែងកើតហេតុប្រឡាក់សុទ្ធតែឈាម។
ទោះបីរបួសពេញខ្លួន ប៉ុន្តែសំណាងមិនធ្ងន់ធ្ងរដល់ជីវិត និងជាសះស្បើយបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលពីរសប្តាហ៍។ ជាការពិតណាស់ Tanimoto ត្រូវប៉ូលីសចាប់ខ្លួន។ ប៉ុន្តែដោយសារការខូចខាតមិនច្រើន ដូច្នេះគាត់ត្រូវកាត់ទោសជាប់ពន្ធនាគារតែ ៤ ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីការអនុវត្តទោសបានបញ្ចប់ គាត់ចេញពីគុក ហើយបន្តបង្កឱ្យមានករណីធ្ងន់ធ្ងរនៅ Osaka ដូចដែលបានរៀបរាប់នៅដើមអត្ថបទ។
អ្នកទោសចេញពីគុកចូលរួមក្នុងសហគមន៍វិញជារឿងធម្មតាណាស់ ប៉ុន្តែចំពោះករណីរបស់ Tanimoto កាលពី ១០ ឆ្នាំមុនមានចំណុចមិនធម្មតាទៅហើយ។ ខ្លួនចង់ស្លាប់ ហេតុអ្វីសម្លាប់កូនប្រុសរបស់ខ្លួន? ករណីប្រព្រឹត្តបទល្មើសដោយសារភាពអាត្មានិយម និងទង្វើដ៏គួរឱ្យភ័យខ្លាចបែបនេះមិនច្រើនទេ។ ដូច្នេះមិននឹកស្មានថាឧក្រិដ្ឋជននឹងប្រព្រឹត្តបទល្មើសដដែលៗបន្ទាប់ពីត្រូវបានដោះលែង។ ថ្វីត្បិតតែកូនប្រុសច្បងព្យាយាមជៀសវាង និងកាត់បន្ថយរបួសលើខ្លួនឯង បញ្ហាមិនស្ថិតលើចំណុចនេះទេ ប៉ុន្តែដោយសារទង្វើឆ្កួតលីលារបស់ Tanimoto ។
តុលាការជប៉ុនមានទំនោរធ្វើការវិនិច្ឆ័យលើភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្ម ដោយផ្អែកលើការប្រៀបធៀបជាមួយនឹងករណីកន្លងមក ក៏ដូចជាពិនិត្យមើលទំហំនៃការខូចខាតផងដែរ។។ ប៉ុន្តែតើការគិតនេះត្រឹមត្រូវដែរឬទេ? ខ្ញុំគិតថាយើងគួរតែពិចារណាឡើងវិញ។
Kengo Abe