ភរិយាសាមូរ៉ៃអង់អាចក្លាហានចេញទៅប្រយុទ្ធនឹងសត្រូវជំនួសប្តី

សម័យសាមូរ៉ៃ គឺជាយុគសម័យរបស់មនុស្សប្រុស ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុនមាន​វីរបុរស​ជាច្រើន​ត្រូវ​បាន​គេ​កត់ត្រា​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។ នៅ​ពេល​បុរស​ចេញ​ទៅធ្វើសង្គ្រាម ប្រពន្ធនៅមើលថែកូន និងការពារផ្ទះសម្បែង នោះជាស្ថានភាពទូទៅសម្រាប់មនុស្សគ្រប់គ្នា។ ទោះ​ជា​យ៉ាង​ណា​ក្នុង​ចំណោមនោះមានស្រ្តីមួយចំនួនមិនចាញ់បុរសប៉ុន្មាន​ទេ។ សូមក្រឡេក​មើល​រូបខាងក្រោម អ្នកអាចមើលឃើញរូបភាពស្ត្រីម្នាក់កំពុងជិះសេះ។

រូបភាព https://mag.japaaan.com/archives/113317

ទោះបីជានារីទន់ខ្សោយមួយរូប ប៉ុន្តែនាងតែងតែត្រៀមខ្លួនជាស្រេចពាក់អាវពាសដែក ជំនួសប្តីដែលឥតប្រយោជន៍​ក្រោក​ឈរ​ការពារប្រាសាទរបស់ខ្លួន។ ដោយដឹងថានាងជាកូនស្រីរបស់ Naoki Toyama និងជាភរិយារបស់ Suwabe Sadakatsu ប៉ុន្តែគួរអោយស្តាយគ្មានព័ត៌មាននិយាយពីឈ្មោះរបស់នាងទាល់តែសោះ។

ប្តីរបស់នាង Sadakatsu ជាមេទ័ពយាមប្រាសាទ Hiojo ដែលនៅក្នុងខេត្ត Saitama សព្វថ្ងៃ។ ប្រាសាទ​នេះ​ជា​មូល​ដ្ឋាន​​ដ៏​សំខាន់​ដែលមិនអាចមើលស្រាល ព្រោះ​នៅភាគ​ខាង​ជើង និង​ភាគ​និរតីមានសត្រូវខ្លាំង។ ត្រូវតែជា​សាមូរ៉ៃ​ពូកែ​ទើបទទួលភារកិច្ចសំខាន់បែបនេះ។

ប៉ុន្តែផ្ទុយទៅវិញជននេះជាមនុស្សញៀនស្រាម្នាក់ ស្រវឹង​គ្រប់​ពេល ទាំងពេលប្រយុទ្ធនឹងសត្រូវផងដែរ។ ជននេះធ្លាប់​ចេញ​ទៅ​ប្រយុទ្ធទាំងស្រវឹង ដូច្នេះ​ដើម្បីការពារអ្នកទាំងអស់គ្នា និងប្រាសាទ ប្រពន្ធ​ត្រូវ​ពាក់​គ្រឿង​សឹក​ជំនួស​ប្តី​ទៅ​ច្បាំង។

រឿងនេះនៅតែបន្ត​រហូត​ដល់​ថ្ងៃ​មួយ សត្រូវដ៏​ខ្លាំង​បានបង្ហាញខ្លួន។

រូបភាពបុរសជាប្តី

រូបភាព https://mag.japaaan.com/archives/113317

មេទ័ពជាន់ខ្ពស់ Masakage Yamagata នៃកងទ័ព Takeda ប្រទេសជិតខាង ដឹកនាំទ័ពខ្លាំងក្លាដែលគេតែង​តែ​ហៅ​គាត់​ថា​បិសាច​ក្រហម។ ប្រយុទ្ធនឹងមេទ័ពដូចនេះ ទោះជាយ៉ាងណាក៏ត្រូវដាស់ប្តីដែលកំពុងស្រវឹងស្រា ប៉ុន្តែមិនថានាង​ខំ​ប្រឹង​ដាស់យ៉ាងណាក៏ Sadakatsu មិនព្រមក្រោកដែរ។

មិនដឹងថាត្រូវធ្វើយ៉ាងណាស្រ្តីជាប្រពន្ធសម្រេចកាន់ដាវវែងទៅតតាំងជាមួយកងទ័ព Takeda បន្ទាប់ពីខំប្រឹងប្រែង​ជា​ច្រើន​ដង នៅទីបំផុតនាងក៏អាចបញ្ឈប់សត្រូវ។ ទោះជាយ៉ាងណាប្រាសាទទាំងមូលធ្លាក់ក្នុងអគ្គីភ័យ សាក​សពរបស់ខ្មាំងសត្រូវ និងកងទ័ពស្លាប់គ្រប់ទីកន្លែង ក្នុងស្ថានភាពនោះស្រាប់តែ Sadakatsu ភ្ញាក់ឡើង។

នៅពេលលោករត់ទៅដល់ឃើញរាងកាយប្រពន្ធពោរពេញទៅដោយឈាមសត្រូវ ឈាមជាប់លើដាវមិនទាន់ស្ងួតផង។ ឃើញទិដ្ឋភាពនេះ Sadakatsu រឹត​តែ​ភ័យ​ខ្លាច​ជាង​ពេល​ឃើញ “បិសាច​ក្រហម” ទៅ​ទៀត។ ទោះ​ជា​យ៉ាង​ណាវាក៏ជាកំហុសរបស់លោក ដូច្នេះ​គាត់​មិននិយាយអ្វីទាំងអស់។ ផ្ទុយ​ទៅ​វិញភរិយា​របស់​លោក​ថែមទាំង​ញញឹម​ដូច​រាល់ដង ចំណុច​នេះ​ធ្វើអោយគាត់កាន់តែខ្លាច។ ក្រោយពេលប្រយុទ្ធនាងមិននិយាយ​អ្វី​មួយ​ម៉ាត់​ទេ ប៉ុន្តែ​រឿង Sadakatsu ស្រវឹង​ដឹងដល់ថ្នាក់លើ ពីពេលនោះគាត់ត្រូវហាមមិនអោយផឹកស្រា។

រហូត​ដល់ពេលទទួលមរណភាព​នៅអាយុ ​៥៤ ​ឆ្នាំ គាត់​មិនបានប៉ះពាល់គ្រឿង​ស្រវឹង​សូម្បី​តែ​មួយ​ដំណក់។ ដូច្នេះទើបលោកអាចបំពេញតួនាទីការពារប្រាសាទ និងទទួលបានទំនុកចិត្តពីអ្នកក្រោមបង្គាប់ឡើងវិញ។ បន្ទាប់ពីលោក​ទទួល​មរណ​ភាព ប្រពន្ធរបស់លោកក៏ទៅបួស កាន់​ទុក្ខ​ប្តី​អស់​មួយ​ជីវិត។

ក្នុងភាសាជប៉ុនមានប្រយោគមួយឃ្លា៖

酒は飲んでも、飲まれるな (Osake wa nondemo, nomareruna)

ទោះបីផឹកស្រាក៏ត្រូវតែមានកម្រិតផងដែរ។

អត្តន័យ៖ អាស្រ័យ​លើ​ពេល​វេលា​ និង​ស្ថានភាព​ ​គួរ​ពិចារណា​ផឹកប៉ុន្មាន​។

ហើយ​កុំភ្លេច​ថាពេលអ្នកផឹកម្តងៗ ប្រពន្ធនៅផ្ទះរង់ចាំផ្លូវ។ តាមរយៈរឿងនេះឃើញថាប្រពន្ធរបស់សាមូរ៉ៃក៏អស្ចារ្យណាស់ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: