ពិតជារឿងអព្ភូតហេតុ “ទារកតូចជាងគេនៅលើពិភពលោក” ឥឡូវនេះអាយុ ៣ ឆ្នាំហើយ

ក្បួនដង្ហែរទិវាកុមារ “Shichi-go-san” នៅទីសក្ការៈបូជាមួយក្នុងទីក្រុង Karuizawa ខេត្ត Nagano កាលពីខែវិច្ឆិកាកន្លងទៅនេះ មានក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ឈ្មោះ Sekino Ryuusuke ។ ក្មេងប្រុសកើតនៅឆ្នាំ ២០១៨ កំណើតរបស់​ប្អូនបានទាក់ទាញប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំង។ Sekino Ryuusuke ត្រូវគេហៅថា “ទារកតូចជាងគេនៅលើពិភព​លោក” ពេលកើតក្មេងប្រុសមានទម្ងន់ត្រឹមតែ ២៥៨ ក្រាម និងកម្ពស់ ២២ សង់ទីម៉ែត្រ​ប៉ុណ្ណោះ។

Sekino Ryuusuke កើតមុនថ្ងៃ អាយុ ២៤ សប្តាហ៍ ៥ ថ្ងៃ។ ពេលទើបតែ​កើត​មកស្មើបាតដៃ (មន្ទីរពេទ្យកុមារ Nagano)

កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៨ គ្រូពេទ្យនៅមន្ទីរពេទ្យទីក្រុងតូក្យូបានធ្វើការវះកាត់សង្គ្រោះបន្ទាន់ Sekino Ryuusuke បន្ទាប់ពីរកឃើញថាទារក​មិនឡើងទម្ងន់ក្នុងសប្តាហ៍ដំបូង។

Ryūsuke ចេញពីមន្ទីរពេទ្យកាលពីខែមេសា ឆ្នាំ ២០១៩ ។

បន្ទាប់ពីតស៊ូក្នុងបន្ទប់ថែទាំពិសេសជាច្រើនខែនៅមន្ទីរពេទ្យកុមារ Nagano ទីក្រុងតូក្យូ។ នៅទីបំផុតក្មេងប្រុស Sekino Ryuusuke ឡើងទម្ងន់ ៣ គីឡូក្រាម និងមានសុខភាពល្អ។ កាលពីខែមេសា ឆ្នាំ ២០១៩ Sekino Ryuusuke ចេញពីមន្ទីរពេទ្យ ហើយត្រឡប់ទៅផ្ទះវិញ ដោយទទួលការស្វាគមន៍ពីឪពុកម្តាយ និងបងប្អូនប្រុសស្រី ៣ នាក់។

កាលពីខែមេសា ឆ្នាំ ២០២១ Sekino Ryuusuke ចាប់ផ្តើមចូលរៀនសាលាមត្តេយ្យ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវិតរបស់ខ្លួន។ ថ្វីត្បិតតែតូចជាងមិត្តរួមថ្នាក់ ប៉ុន្តែ Sekino Ryuusuke នៅតែកំពុងលូតលាស់យ៉ាងរឹងមាំ។ ក្មេងប្រុសមានទំនុកចិត្តក្នុងការនិយាយជាមួយអ្នកដទៃ បង្ហាញយ៉ាងច្បាស់នូវអ្វីដែលខ្លួនចង់បាន។ បងប្រុស Yuuhei របស់ក្មេងប្រុសនិយាយថា “សមត្ថភាពទំនាក់ទំនងរបស់ប្អូនប្រសើរជាងមុន” ។

រហូតមកដល់ខែវិច្ឆិកា ឆ្នាំ ២០២១ Sekino Ryuusuke ដែលជាទារកតូចជាងគេនៅលើពិភពលោកមានទម្ងន់ ៧,១៦ គីឡូក្រាម និងកម្ពស់ ៧៤,២ សង់ទីម៉ែត្រ។ ថ្វីត្បិតតែទំហំត្រឹមតែពាក់កណ្តាលកុមារធម្មតា ប៉ុន្តែ Sekino Ryuusuke ជាក្មេងដែលល្មោភញ៉ាំ។ អ្នកស្រី Toshiko បាន​និយាយ​ថា “កូនតែងតែមានអារម្មណ៍ថាឃ្លាន កូនចូលចិត្តញ៉ាំសាច់ ជាពិសេសមាន់បំពង” ។

Sekino Ryūsuke (កណ្តាល) ធ្វើពិធីខួបកំណើតលើកទី ៣ ជាមួយក្រុមគ្រួសារ។

ជារៀងរាល់ឆ្នាំពាក់កណ្តាលខែវិច្ឆិកា ជាពេលដែលប្រារព្ធពិធីបុណ្យ Shichi-go-san ។ នេះជាពេលវេលាដ៏រីករាយសម្រាប់​គ្រួសារ​ដែលមានកូនតូចនៅក្នុងប្រទេសជប៉ុន។ ក្នុងឱកាសនេះប្រជាជនជប៉ុននឹងទៅកាន់ទីសក្ការបូជា Shinto ដើម្បី​រៀប​ចំ​ពិធីបួងសួងសម្រាប់កុមារ សូមអោយពួកគេធំឡើងមានសុខភាពល្អ និងសុខសាន្ត។

Sekino Ryūsuke កំពុងសើចយ៉ាងសប្បាយពេលលេងយោលទោង។

Sekino Ryūsuke និង​គ្រួសារថត​រូប​អនុស្សាវរីយ៍ពេលទៅកាន់ទីសក្ការៈ​នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២១។

ក្មេងប្រុស Sekino Ryuusuke ពាក់អាវធំដែលមានទំហំធំជាងរាងកាយតូចរបស់ខ្លួន ដើម្បីចូលរួមពិធីបុណ្យ Shichi-go-san ជាមួយឪពុកម្តាយនៅទីសក្ការៈបូជាក្នុងទីក្រុង Karuizawa ស្រុក Kitasaku ខេត្ត Nagano ។ Sekino Ryuusuke ដើរឡើងជណ្តើរទីសក្ការៈបូជាដោយការប្រឹងប្រែង និងតាំងចិត្ត។ ម្តាយ Toshiko ញញឹមមើលការ​រីកចម្រើនរបស់កូន អ្នកស្រីនិយាយថាសម្លៀកបំពាក់ដែល Sekino Ryuusuke ស្លៀកធំបន្តិច ប៉ុន្តែកូននឹងធំឡើង ហើយស្លៀកល្មម។

នៅក្នុងពិធីបុណ្យ Shichi-go-san ឆ្នាំនេះ Sekino Ryuusuke ជួបជុំឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ ក្មេងប្រុសទទួលបានថង់ស្ករគ្រាប់បែបប្រពៃណីចម្រុះពណ៌ ដែលតំណាងអោយការលូតលាស់ប្រកបដោយសុខភាពល្អ និងអាយុ​វែង។ ថង់ស្ករគ្រាប់តំណាងអោយកុមារទទួលបានពរជ័យពីទេវតាក្នុងទីសក្ការៈបូជា។

Sekino Ryuusuke ត្រូវបានឪពុកបីទៅយកថង់ស្ករដោយផ្ទាល់ពីព្រះសង្ឃនៅទីសក្ការៈបូជា។ ក្មេង​ប្រុសយំ លោក Kouhei និយាយ​ទាំង​ញញឹម​ថា “ខ្ញុំប្រញាប់យកកូនទៅអោយប្រពន្ធ នោះកូនក៏បាត់យំភ្លាម” ។

Sekino Ryūsuke ផ្សងសំណាង Omikuji ។

មុនពេលត្រលប់ទៅផ្ទះវិញ Sekino Ryuusuke ផ្សេងសំណាងពេញមួយឆ្នាំដែលគេហៅថា Omikuji ។ លោក Kouhei បាននិយាយថាវាសាសនារបស់កូនគឺ “Shoukichi” ទោះបីជាមិនល្អជាងគេ ប៉ុន្តែនៅតែចាត់ទុកថាល្អ ដែលមាន​ន័យ​ថា​កូន​មាន​គុណ​សម្បត្តិជាច្រើនក្នុងការអភិវឌ្ឍន៍។

គ្រួសារ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ពរជ័យរបស់ទេវតា និង​ការ​យក​ចិត្ត​ទុក​ដាក់របស់អ្នកនៅជុំវិញ។ លោក Kouhei បាននិយាយថា “ខ្ញុំសប្បាយរីករាយដែលគ្រួសារទាំងមូលអាចប្រារព្ធពិធីបុណ្យ Shichi-go-san ជាមួយគ្នា” ។

អ្នកស្រី Toshiko បានបន្ថែមថា “Sekino Ryuusuke ចូលចិត្តរត់លេងជាមួយមិត្តភក្តិ។ កូនកំពុងតែរៀនសូត្រអ្វីដែល​ថ្មីៗ​ជា​ច្រើន។ ខ្ញុំ​ទន្ទឹង​រង់ចាំមើលកូនលូតលាស់កាន់តែច្រើនឡើងទៅ​ថ្ងៃ​អនាគត” ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: