មហាសេដ្ឋីជប៉ុន Review រឿង Manga ដែលខ្លួនចូលចិត្តនៅលើស្ថានីយអវកាសអន្តរជាតិ
មហាសេដ្ឋីជប៉ុនលោក Yusaku Maezawa ដែលកំពុងតែល្បីនៅលើបណ្តាញសង្គមតាមរយៈគម្រោងបញ្ជូនមនុស្ស “ធម្មតា” ធ្វើដំណើរទៅកាន់លំហអាកាស ថ្មីៗនេះគាត់បានបង្ហោះវីដេអូជាច្រើននិយាយពីបទពិសោធន៍នៅស្ថានីយ៍អវកាសអន្តរជាតិ។
អ្នកអាចចុះឈ្មោះគេហទំព័រ Youtube របស់មហាសេដ្ឋីនៅទីនេះ។
លោក Yusaku Maezawa បានក្លាយជាភ្ញៀវទេសចរណ៍ដំបូងគេដែលមកដល់ស្ថានីយ៍អវកាសអន្តរជាតិ។ ក្នុងដំណើរកំសាន្តរបស់ខ្លួន លោកបានបង្ហាញសកម្មភាពគួរអោយចាប់អារម្មណ៍ជាច្រើន ដូចជា PR Uber Eats អួតបង្គន់នៅលើលំហ ហើយនិយាយពី Manga ដែលខ្លួនចូលចិត្ត។
ជាមួយនឹងគំនិត “ទេសចរណ៍អវកាស” លោក Maezawa បានទទួលការរិះគន់ជាច្រើនពីអ្នកប្រើបណ្តាញសង្គម ដោយយល់ថានេះជាការអួតបង្ហាញពីភាពប្រណិតរបស់អ្នកមាន។ ទោះជាយ៉ាងណាក្តីស្រមៃរបស់មហាសេដ្ឋីរូបនេះ គឺចង់បញ្ជូនមនុស្សកាន់តែច្រើនទៅកាន់លំហដើម្បីទេសចរណ៍។ ថ្វីត្បិតតែបច្ចុប្បន្ននេះ លោកផ្តោតលើអ្នកនយោបាយ និងតារាល្បីៗ ប៉ុន្តែក្នុងរយៈពេលខាងមុខ មហាសេដ្ឋីសង្ឃឹមថាមនុស្សកាន់តែច្រើនអាចរកឃើញភាពស្រស់ស្អាតនៃភពខាងក្រៅ។
Manga ដែលលោក Maezawa review ក្នុងវីដេអូរបស់ខ្លួនគឺ Space Brothers របស់អ្នកនិពន្ធ Chuya Koyama ។ Manga និយាយពីបងប្អូនអវកាសយានិកពីរនាក់ ស្នាដៃនេះបានកែសម្រួលទៅជា Anime ក៏ដូចជា Live action ផងដែរ។ តើនេះជា Manga ដំបូងគេដែលត្រូវបានបញ្ជូនទៅកាន់លំហឬ?
ក្នុងវីដេអូលោក Maezawa បាននិយាយថា “ខ្ញុំចង់យកសៀវភៅរឿង Manga Space Brothers ទាំង ៤០ ភាគមកទីនេះសម្រាប់អាន ប៉ុន្តែដោយសារចំនួនច្រើនពេក ដូច្នេះយកតាមទាំងអស់មិនបាន” ដូច្នេះហើយគាត់យកតាម ២៧ ភាគ។
ខ្លឹមសារវគ្គនេះយកតាមបរិបទក្នុង ISS (ឈ្មោះសរសេរកាត់នៃស្ថានីយ៍អវកាសអន្តរជាតិ) មានឥទ្ធិពលយ៉ាងខ្លាំងមកលើលោកមហាសេដ្ឋី។ នេះក៏ជាមូលហេតុដែលលោកចង់អាននៅ ISS ផងដែរ។
រឿងមានឥទ្ធិពលយ៉ាងខ្លាំងមកលើមហាសេដ្ឋីរហូតធ្វើអោយគាត់យំ។ “គ្រាន់តែនឹកឃើញឈុតឆាកណាមួយក៏ធ្វើអោយខ្ញុំស្រក់ទឹកភ្នែកទៅហើយ។ នេះជាអ្វីដែល Manga អាចធ្វើបាន” ។
តើការ review ដ៏ពិសេសនេះធ្វើឱ្យអ្នកចង់អានរឿងនេះដែរឬទេ?
Sacchan