សម្រាប់អ្នកចូលចិត្តស្រាជប៉ុន “SAKE POST” សេវាកម្មផ្ញើ “គំរូស្រា” តាមប្រៃសណីយ៍
ពេលនិយាយពីវប្បធម៌ម្ហូបអាហាររបស់ជនជាតិជប៉ុន មនុស្សគ្រប់គ្នាតែងតែគិតដល់ Sushi ប៉ុន្តែមិនអាចខ្វះស្រា Sake បានឡើយ។ នេះជាភេសជ្ជៈដ៏ល្បី និងពេញនិយមបំផុតនៅក្នុងប្រទេសជប៉ុន។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត FARM8 (ទីក្រុង Nagaoka ខេត្ត Niigata) សហការជាមួយក្រុមហ៊ុន FERMENT8 Co., Ltd. (ទីក្រុង Nagaoka ខេត្ត Niigata) បានបង្កើតគេហទំព័រផ្គត់ផ្គង់សេវាចែកចាយស្រាមានឈ្មោះថា “SAKE POST” ។
“SAKE POST” ដំណើរការស្រដៀងនឹងគំរូចុះឈ្មោះទិញកាសែតប្រចាំខែ។ ប្រសិនបើចុះឈ្មោះ SAKE POST ជារៀងរាល់ខែអ្នកនឹងទទួលបានស្រាគំរូចំនួន ៣ ប្រភេទមកពីម៉ាកស្រាក្នុងតំបន់ Niigata តាមរយៈប្រអប់សំបុត្រ។
រូបភាព https://jp.sake-times.com/special/press/pp_sakepost
គំរូ SAKE POST នីមួយៗមានចំណុះ ១០០ មីលីលីត្រ។
ជម្រើសនៃការចុះឈ្មោះមានពីរ៖
- កញ្ចប់ធម្មតាមានតម្លៃ ១,២១០ យ៉េន/ខែ (រួមទាំងពន្ធ)។ កញ្ចប់នេះរួមមានប្រភេទស្រា Sake ប្រពៃណីដែលអ្នកស្រុកចូលចិត្ត ដូចជា Honjozo-shu ស្រាអង្ករសុទ្ធ និងស្រាធម្មតា។
- កញ្ចប់ស្រា Ginjo កម្រិតខ្ពស់ជាងមានតម្លៃ ១,៩៨០ យ៉េន/ខែ (រួមទាំងពន្ធ)។ Ginjo Sake ជាប្រភេទស្រា Sake ដែលអ្នកអាចផឹកក្នុងឱកាសពិសេសប៉ុណ្ណោះ។ ស្រានេះត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ មានក្លិនឈ្ងុយ ព្រមទាំងរសជាតិពិសេស។ នេះជាប្រភេទស្រា Sake ដែលមានតម្លៃថ្លៃ តែងយកធ្វើជាអំណោយ។ ស្រាគំរូក្នុងកញ្ចប់មួយចំនួនរួមមាន Junmai Daiginjo, Daiginjo, Junmai Ginjo និង Ginjo Sake ។
កញ្ចប់ “SAKE POST” ជួយអោយអ្នកអាចប្រៀបធៀបភាពខុសគ្នារវាងប្រភេទស្រាដូចគ្នា ប៉ុន្តែម៉ាកផ្សេងគ្នា។ លើសពីនេះអតិថិជនអាចចូល QR កូដដែលភ្ជាប់នៅលើថង់ស្រានីមួយៗ ដើម្បីអានមតិយោបល់អ្នកដទៃចំពោះប្រភេទស្រាទាំងនោះ។
រូបភាព https://sakepost.jp/
ម៉្យាងទៀតអ្នកអាចផ្ញើមតិយោបល់របស់ខ្លួនទៅកាន់រោងចក្រផលិតស្រា។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកផលិតស្រាស្តាប់យោបល់របស់អតិថិជន ហើយកែលម្អគុណភាពស្រារបស់ខ្លួន។
សេវាកម្ម SAKE POST សង្ឃឹមថានៅពេលអនាគតអាចបង្រួមគម្លាត និងធ្វើឱ្យទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់កាន់តែស៊ីជម្រៅ។
Yukie