សម័យ​មុន​ប្រជាជន​ជប៉ុន​សរសេរ​ពី​ស្តាំ​ទៅ​ឆ្វេង ហេតុអ្វី​​ឥឡូវ​នេះ​​សរសេរ​​ពី​​​ឆ្វេង​​​ទៅ​​ស្តាំ?

នៅសម័យដែលប្រជាជនជប៉ុនសរសេរអក្សរតាមជួរបញ្ឈរ ពួកគេសរសេរពីស្តាំទៅឆ្វេង ប៉ុន្តែពេលប្តូរមកសរសេរតាម​ជួរ​ផ្តេក លំដាប់លំដោយសរសេរពីឆ្វេងទៅស្តាំ។ នៅពេលដែលទើបតែប្តូរមកសរសេរតាមជួរផ្តេក លំដាប់សរសេរនៅ​តែ​ពីស្តាំ​ទៅ​ឆ្វេង។ ដូច្នេះហេតុ​អ្វីបានជាប្រជាជន​ជប៉ុន​ប្តូរមកសរសេរ​តាម​បទដ្ឋានសព្វថ្ងៃ?

ការសរសេរ និងអានដូចសព្វថ្ងៃមាន​ន័យ​ថា ប្រសិនបើអ្នកសរសេរតាមជួរបញ្ឈរពីស្តាំទៅឆ្វេង តាមជួរផ្តេកគឺ​ពី​ឆ្វេង​​ទៅ​ស្តាំ។

និយាយអញ្ចឹងការសរសេរតាមជួរផ្តេកពីស្តាំទៅគឺបែបនេះ …

ពាក្យនៅលើស្លាកមិនមែន ふうと (fuuto) ទេ ប៉ុន្តែគឺ とうふ (toufu) ។

កាលពីមុនប្រជាជនជប៉ុនសរសេរអក្សរប្រើជក់ និងទឹកថ្នាំចិន។ ដៃស្តាំកាន់ជក់សរសេរពីស្តាំទៅឆ្វេង ដូច្នេះដៃស្តាំសង្កត់លើអក្សរដែលបានសរសេរ។ ព្រោះតែទឹកថ្នាំមិនឆាប់ស្ងួត ដូច្នេះពេលដៃប៉ះនឹងអក្សរធ្វើឲ្យ​ប្រតាកទឹកថ្នាំ។ បើដូច្នេះ ហេតុអ្វីតាំងពីដំបូងមិនសរសេរពីឆ្វេងទៅស្តាំ? នោះ​ក៏​ព្រោះ​តែ​ប្រជាជន​ជប៉ុន​ទទួល​ឥទ្ធិពល​ពី​ការ​សរសេរ​​របស់​ចិន។ នៅ​ប្រទេស​ចិនមុន​នឹង​ផលិតចេញជាក្រដាស ពួកគេកាត់​ឈើ ឬ​ឫស្សី​ជាជួរ បន្ទាប់​មក​ចង​នឹង​ខ្សែ​​ដើម្បី​បង្កើតបានជា​ផ្ទាំង។ ក្រោយ​មក​ពេល​មាន​ក្រដាស ជនជាតិ​ចិន​នៅ​តែមូលក្រដាសដូចកាលប្រើសន្លឹកឬ​ស្សី។

រូបភាព https://mikata.shingaku.mynavi.jp/article/60125/

របៀបកាន់សន្លឹកឬ​ស្សីត្រូវបានធ្វើឡើងសម្រាប់អ្នកដែលប្រើដៃស្តាំ មានន័យថាដៃស្តាំទ្រផ្នែកធ្ងន់ជាងដែលជាសន្លឹក​ឬ​ស្សី រីឯដៃឆ្វេងទាញសន្លឹកឬ​ស្សីចេញមកអានពីស្តាំទៅឆ្វេងជាបន្តបន្ទាប់។

នោះហើយជាមូលហេតុទូទៅបំផុតដែលជនជាតិជប៉ុនបុរាណអាន សរសេរតាមជួរបញ្ឈរពីស្តាំទៅ។ ក្រៅពីនេះក៏មាន​ទ្រឹស្ដី​ជាច្រើនទៀតដែលមិនត្រូវបាន​កំណត់​ផង​ដែរ។

ជាទូទៅ ប្រជាជនជប៉ុនមិនមានវប្បធម៌សរសេរអក្សរផ្តេកនោះទេ យ៉ាង​ណា​មិញ រឿងនេះក៏ផ្លាស់ប្តូរបន្តិចម្តងៗដោយ​សារ​ការ​នាំ​ចូល​វប្បធម៌​ពី​បរទេស។ ពួកគេរៀនសរសេរផ្តេកលើការវេចខ្ចប់ផលិតផលដែលនាំចូលពីបរទេស ចំពោះការសរសេរពីណាទៅណាគ្មាននរណាកំណត់ឡើយ។ ហេតុដូច្នេះសម័យនោះមានភាពរញ៉េរញៃ កន្លែងខ្លះគេសរសេរពីស្តាំទៅឆ្វេង ហើយកន្លែងខ្លះទៀតសរសេរពីឆ្វេងទៅស្តាំ។

ដើម្បីស្របតាមវប្បធម៌បណ្តាប្រទេសលោកខាងលិច កន្លែងសរសេរពីឆ្វេងទៅស្តាំកាន់តែច្រើនឡើង ហើយ​ក្លាយ​ជា​ច្បាប់​សរសេរ​ដូច​សព្វថ្ងៃ។

ប៉ុន្តែមានរឿងមួយដែលមិនផ្លាស់ប្តូរនោះគឺជាលំដាប់លំដោយស៊ុមរូបភាពរបស់ Manga ។

លំដាប់លំដោយ Manga ជប៉ុនត្រូវ​បានកំណត់​អាទិភាព​អាន​ពី​លើចុះក្រោម ពី​ស្តាំ​ទៅ​ឆ្វេង។

រូបភាព https://togetter.com/li/1652651

នេះ​ប្រហែល​ជា​លក្ខណៈ​វប្បធម៌ដែលនៅសេសសល់ នៅ​ពេល​ដែល​ប្រជាជន​ជប៉ុនគោរពតាមច្បាប់សរសេរចាស់។​

ការបញ្ចេញមតិរបស់ប្រជាជនជប៉ុនមានភាពមិនច្បាស់លាស់ ដូច្នេះវប្បធម៌ក៏មានចំណុចមិនច្បាស់លាស់ជាច្រើនដែល​ពិបាក​យល់។ សូម្បីតែលំដាប់លំដោយ​សរសេរ​ក៏​ស្មុគ្រស្មាញដែរ ដូច្នេះទើបភាសាជប៉ុនមានលក្ខណៈពិសេស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: