តំណមមួយចំនួនដែលអ្នកគួរតែដឹងពេលចូលរួមពិធីបុណ្យសពនៅជប៉ុន

お通夜 (Otsuya) គឺជាពាក្យជប៉ុនប្រើសំដៅលើការចូលរួមពិធីបុណ្យសព។ នៅប្រទេសជប៉ុនពេលនរណាម្នាក់ទទួល​មរណ​ភាព មុនពេលរៀបចំពិធីបុណ្យសពមានដំណាក់កាលមួយចំនួនផ្សេងទៀត។ នៅថ្ងៃទទួលមរណភាព​មាន​រៀប​ចំ​ពិធីជូនដំណើរសម្រាប់សាច់​ញាតិ និង​មិត្តភ័ក្ដិ​មុនពេលប្រារព្ធពិធីបុណ្យសព។

ក្នុងអំឡុងពេល Otsuya សាកសពអ្នកស្លាប់មិនទាន់បូជានៅឡើយទេ។

តាម​ច្បាប់ចាប់​ពី​ពេលមនុស្ស​ម្នាក់​ស្លាប់ ក្រោយរយៈពេលជាង ២៤ ម៉ោងទើបអនុញ្ញាតអោយបូជា។

Otsuya ធ្វើឡើងនៅពេលដែលក្រុមគ្រួសារសពមិនទាន់រៀបចំពិធីបុណ្យសព។ ទោះបីជាពិធីបុណ្យមិនច្រើនដូចជាពិធីបុណ្យសពឬពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធដែលធ្វើឡើងនៅថ្ងៃបន្ទាប់ ប៉ុន្តែគ្រួសារសពនៅតែមានកិច្ចការជាច្រើនត្រូវរៀបចំសម្រាប់ Otsuya ។ ជាដំបូងត្រូវទំនាក់ទំនាងភ្លាមៗ ជូនដំណឹងទៅអោយសាច់ញាតិ។ អ្នកដែលទទួលដំណឹងត្រូវមានទំនាក់ទំនងស្និតស្នាល។

ដូច្នេះ​អ្នក​ដែល​ចូល​រួម​ Otsuya មិន​ថា​កើត​ទុក្ខ​យ៉ាង​ណា​ទេ គួរ​កត់​សម្គាល់​ចំណុច​ដូច​ខាង​ក្រោម៖

១. សម្លៀកបំពាក់

ជាទូទៅសម្លៀកបំពាក់ចូលរួមពិធីបុណ្យសពមានអាវធំ និងក្រវ៉ាត់កក៏ពណ៌ខ្មៅ។ នេះជាការបង្ហាញ​ការ​កាន់ទុក្ខ​​ចំពោះ​អ្នក​ស្លាប់​តាម​រយៈសម្លៀកបំពាក់ ដែលមិនត្រឹម​តែបង្ហាញតាមរយៈពាក្យសម្តីប៉ុណ្ណោះទេ។

ទោះជាយ៉ាងណាក្នុងករណីទទួលបានដំណឹងភ្លាមៗដូច Otsuya អ្នកខ្លះក៏មិនទាន់រៀបចំសម្លៀកបំពាក់កាន់ទុក្ខ​។ នៅពេលនោះអាចជំនួស​ដោយ​សម្លៀក​បំពាក់ពណ៌ក្រម៉ៅ (មិនចាំបាច់ខ្មៅ) ទេ។ ចំណែកឯក្រវ៉់ាត់កពណ៌ខ្មៅតែងមានលក់នៅ​បញ្ជរ​ស្ថានីយឬ​ហាង​លក់​ទំនិញ។

អត្ថន័យដ៏សំខាន់បំផុតរបស់ Otsuya គឺការមកដល់អោយទាន់ពេលដើម្បីនិយាយពាក្យចុងក្រោយទៅកាន់អ្នកស្លាប់ ដូច្នេះក៏មិនត្រូវការរៀបចំខ្លួនច្រើនទេ។

២. ប្រាក់ចូលរួមបុណ្យសព

ប្រាក់ចូលរួមបុណ្យសពត្រូវដាក់ក្នុងស្រោមសំបុត្រកាន់ទុក្ខដែលមានលក់នៅហាងទំនិញ។ ​ស្រោម​សំបុត្រមានច្រើនប្រភេទ ប៉ុន្តែប្រភេទដែលគេនិយមប្រើមានអក្សរ 御霊前 (goreizen – សូមគោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់) ។

ក្នុងករណីគ្រួសារអ្នកស្លាប់កាន់ពុទ្ធសាសនា អ្នក​គួរ​ទិញ​ស្រោម​សំបុត្រ​ដែល​មានអក្សរ 御仏前 (gobutsuzen) ។ ក្រៅពីនេះនៅមានករណីផ្សេង​ទៀត​ដូចជាសាសនាសុីនតូ សាសនាគ្រឹស្តជាដើម អាស្រ័យលើករណីនីមួយៗ សូម​សាក​សួរជនជាតិជប៉ុនបន្ថែម។

ផ្នែកខាងក្រោមស្រោមសំបុត្រសម្រាប់បំពេញឈ្មោះអ្នកផ្ញើ។ ប្រសិនបើមិនមែនជាឈ្មោះ Kanji ពិបាកក្នុងការសរសេរ​បញ្ឈរ ដូច្នេះខ្ញុំគិតថាគួរសរសេរឈ្មោះផ្តេក។

តើគួរតែដាក់ប្រាក់ប៉ុន្មាន?

លេខ ៤ និង ៩ គឺជាលេខបម្រាមដែលគួរតែជៀសវាង។ ជាទូទៅ​ប្រជាជន​ជប៉ុន​ចូលរួមប្រាក់ពី ៥០០០ យ៉េនដល់ ១ ម៉ឺនយ៉េន។

៣. ចូលរួមបុណ្យសព

ជាជាងការអានសេចក្តីណែនាំ អ្នកគួរតែសង្កេតមើលរបៀបដែលអ្នកចូលរួមផ្សេងទៀតធ្វើពេលនោះ។

ជាទូទៅជនជាតិជប៉ុនដាក់ប្រាក់នៅតុទទួលភ្ញៀវ បន្ទាប់មកអុជធូប។ ប្រសិនបើអ្នកមិនដឹងពីរបៀប យកល្អគួរ​តែ​​សង្កេត​​មើលអ្នកដែលមកមុន។

ក្នុង​នាម​ជា​ជន​បរទេស គ្មាន​អ្នក​ណា​ស្តី​បន្ទោស​អ្នក​ឡើយ ប្រសិន​បើ​អ្នក​មិន​យល់​ពី​បែបបទ។ ប៉ុន្តែប្រសិនបើមិនចង់​ឆ្គាំ​ឆ្គង អ្នកអាចសួរអ្នកដែលឈរនៅតុទទួលភ្ញៀវ។

៤​. ចូលរួមរយៈពេលខ្លី តែមិនគួរលឿនពេកទេ

នៅ Otsuya មានរៀបចំអាហារដូចជាសាំងវិច និងស្រា។ ស្រាត្រូវគេចាត់ទុកថាអាចបណ្តេញ​វិញ្ញាណ​អាក្រក់ ដូច្នេះអ្នកអាច​ផឹក​បន្តិចអោយតែមិន​បើក​ឡាន។

ប្រសិនបើមានអ្នកស្គាល់គ្នានៅទីនោះ អ្នកអាចចែករំលែកជាមួយពួកគេនូវអនុស្សាវរីយ៍របស់អ្នកស្លាប់ ប៉ុន្តែកុំរំលឹកដល់មូលហេតុស្លាប់របស់អ្នកស្លាប់។

ហើយមិន​ថា​អ្នក​ធ្វើ​អ្វី​ទេ កុំ​នៅ​ទីនោះ​យូរ​ពេក អ្នក​គួរតែ​នៅ​ទីនោះ​ប្រហែល ៣០ នាទី​។ ផ្ទុយ​ទៅ​វិញប្រសិន​បើ​អ្នក​ត្រូវ​​អញ្ជើញ​​អោយ​​មក តែប្រញាប់ទៅវិញនោះមិនល្អទេ។

ព័ត៌មានលម្អិតពិធីបុណ្យអាស្រ័យលើសាសនា និងនិកាយរបស់គ្រួសារអ្នកស្លាប់ មិនអាចរៀបរាប់ទាំងអស់ក្នុងអត្តបទតែមួយទេ ដូច្នេះអ្នកអាចសាកសួរមិត្តភក្តិបន្ថែម។

ជាចុងក្រោយខ្ញុំនឹងនិយាយប្រាប់អ្នករឿងចម្លែកដែលខ្ញុំផ្ទាល់បានជួបនៅក្នុង Otsuya ។

នៅក្នុង Otsuya សមាជិកគ្រួសារប្តូរវេនគ្នាមើលសាកសព។ កាលនោះអ្នកស្លាប់មាន​អាយុ​ ៩០ ​ឆ្នាំ។ ព្រោះតែអាយុច្រើន ដូច្នេះសមាជិកគ្រួសារបាន​ត្រៀម​ខ្លួន​ជា​ស្រេច។ ថ្វីត្បិតតែក្រៀមក្រំ ប៉ុន្តែមិនសូវជាក្រៀមក្រំពេកទេ ចំណែក​ឯ​បរិយាកាស​ក៏មិនសោកសៅប៉ុន្មានដែរ។

ដោយ​សារ​អ្នក​ស្លាប់​ចូល​ចិត្ត​លេង​ម៉ាជុង ដូច្នេះលុះដល់វេន​មនុស្ស​ម្នាក់​ក្នុងគ្រួសារដាក់​តុ​នៅ​មុខ​អ្នក​ស្លាប់ ហើយ​ចាប់​ផ្ដើម​លេង​ម៉ាជុង។

ចំពោះ​អ្នក​ដែល​មិន​ស្គាល់ម៉ាជុង ខ្ញុំសូមពន្យល់បន្តិច។ នេះជាល្បែងមកពីប្រទេសចិន របៀបលេងត្រូវបានផ្លាស់ប្តូរ​ធ្វើអោយកាន់តែស្មុគស្មាញ។ ល្បែងនេះសម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ។

ត្រឡប់​ទៅ​សាច់​រឿង​វិញ ម្នាក់នោះលេងផងជជែកគ្នាផង “កាល​ពី​មុន​គាត់​ចូល​ចិត្ត​ម៉ាជុងណាស់មែនទេ” ។

ស្រាប់តែ …

រូបថតអ្នកស្លាប់ធ្លាក់ចុះតម្រង់ទៅរកតុលេងម៉ាជុង។ សមាជិកគ្រួសារភ្ញាក់ផ្អើល បន្ទាប់​មក​ផ្ទុះ​សំណើច “គាត់ប្រហែល​​ជា​ចង់​លេង” ។

រំពេច​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​អ្នកស្លាប់​ក្នុង​រូបថត​ក៏​ញញឹមដែរ … 

ទោះបីជាពិធីបុណ្យសពនៅជប៉ុនសាំញាំ ប៉ុន្តែអ្វីដែលសំខាន់នៅតែជាការចងចាំដ៏ស្រស់ស្អាតសម្រាប់អ្នក​ស្លាប់។ ដូច្នេះ​អ្នក​មិន​ចាំបាច់បារម្ភពេកទេ គ្រាន់​តែ​កុំ​ធ្វើ​អ្វី​រំខាន​ដល់​អ្នក​ដែលចូលរួមបានហើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: