សព្វថ្ងៃករណីស្រ្តីប្រើអំពើហិង្សាលើបុរសកំពុងកើនឡើងក្នុងសង្គមជប៉ុន

ច្រើនទស្សវត្សមកហើយ តួនាទីរបស់ស្ត្រីជប៉ុនក្នុងសង្គមត្រូវមើលស្រាល។ គំនិតដែលថាស្ត្រីគួរតែនៅផ្ទះ ធ្វើការងារផ្ទះដូចជាបោសសម្អាត មើលថែទាំកូននៅតែមានច្រើនក្នុងសង្គមជប៉ុន។ បច្ចុប្បន្នស្ថានភាពខុសពីមុន ក្នុងនោះអត្រាអំពើហិង្សាក្នុងគ្រួសារដែលជនរងគ្រោះជាបុរសកំពុងកើនឡើង។

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ប៉ូលីសក្នុងតំបន់ Saitama នៅភាគខាងជើងនៃទីក្រុងតូក្យូបានចាប់ខ្លួនអ្នកស្រី Mika Masaoka អាយុ ៤៤ ឆ្នាំ ដោយសង្ស័យថាបានសម្លាប់ប្តីរបស់ខ្លួនគឺលោក Kenichi ។ អ្នកស្រី Mika Masaoka សារភាពប្រាប់ប៉ូលីសថាខ្លួនបាត់បង់ម្ចាស់ការពេលឈ្លោះជាមួយប្តី ហើយក៏បានចាក់ចំក និងដើមទ្រូងដោយ​កាំបិត​ផ្ទះបាយ។

កាលពីខែមីនាឆ្នាំដដែល ស្ត្រីអាយុ ៤៣ ឆ្នាំម្នាក់នៅតំបន់ជាយក្រុង Machida ទីក្រុងតូក្យូ ក៏ត្រូវចាប់ខ្លួនពីបទប្រើថ្នាំសណ្តំមិត្តប្រុសរួចចាក់យ៉ាងហោចណាស់ ១០ កាំបិត។ ស្ត្រីនោះមានឈ្មោះ Chinatsu Sato បានប្រាប់ប៉ូលីសថា គាត់មិនសប្បាយចិត្តនឹងទំនាក់ទំនងនេះ ហើយបានរៀបចំគម្រោង​សម្លាប់មិត្តប្រុសក្នុងអំឡុងពេលមួយសប្តាហ៍។

ហើយក្នុងខែមីនាដដែលនោះអ្នកស្រី Yoshiko Imaguchi អាយុ ៦៥ ឆ្នាំនៅខេត្ត Osaka ក៏ត្រូវចាប់ខ្លួនពី​បទ​សម្លាប់​​ប្តី​​នៅ​ព្រឹក​មួយ។ អ្នកស្រី Yoshiko Imaguchi បាននិយាយថាគាត់សម្លាប់ប្តី លោក Mitsuaki អាយុ ៧៤ ឆ្នាំ ព្រោះ​តាន​តឹងយ៉ាងខ្លាំងដោយសារការត្អូញត្អែរមិនចេះចប់របស់លោក។

ករណីអំពើហិង្សាខាងលើគ្រាន់តែជាតំណាងមួយចំនួនដែលកំពុងកើតឡើងនៅក្នុងប្រទេសជប៉ុន។

នេះបើយោងតាមគេហទំព័រ SCMP បានអោយដឹងរបាយការណ៍ផ្លូវការបង្ហាញថាករណីអំពើហិង្សាក្នុងគ្រួសារដែល​ជន​រងគ្រោះជាបុរសកំពុងកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អ្នក​ជំនាញបានវិភាគថាសេដ្ឋកិច្ចធ្លាក់​ចុះ និង​ការ​ផ្លាស់ប្តូរវប្បធម៌ប្រវត្តិសាស្ត្របានសង្កត់ធ្ងន់លើអារម្មណ៍ស្រ្តី ធ្វើអោយពួកគេទ្រាំមិនបាន នៅពេលត្រូវ​មើល​ថែប្តីអាយុច្រើនដែលត្អូញត្អែរមិនឈប់។

យោងតាមទីភ្នាក់ងារប៉ូលីសជាតិ ក្នុងឆ្នាំ ២០១៤ មានពាក្យបណ្ដឹងអំពើហឹង្សាក្នុងគ្រួសារចំនួន ១៨១ ករណីដែលដាក់​ដោយ​បុរស។ ប៉ុន្តែចំនួននេះបាន​កើន​ឡើង​ដល់ ១,៥៧១ ករណីក្នុងឆ្នាំ ២០១៨ ។

តួលេខពីការិយាល័យខុទ្ទកាល័យជប៉ុនបង្ហាញថា ចំនួនករណីអំពើហឹង្សាអាចនឹងច្រើនជាងនេះ ដោយសារមានករណី​ជា​ច្រើន​មិនបានរាយការណ៍ទៅអាជ្ញាធរ។

ការស្ទង់មតិមួយបានបង្ហាញថាក្នុងឆ្នាំ ២០១៧ អត្រាបុរសជនជាតិជប៉ុនរងអំពើហិង្សាក្នុងគ្រួសារមានចំនួន ១៤,៥% កើនឡើងពី ១០,៨% ក្នុងឆ្នាំ ២០១៤ និង ៨,១% ក្នុងឆ្នាំ ២០០២ ។ តួលេខនេះអាចបណ្តាលមកពីសម្ពាធលើស្ត្រី​ក្នុងបរិបទជំងឺកូវីដ ១៩ ។

ទោះបីជាតួលេខទាំងនេះទាបជាងករណីអំពើហឹង្សាដែលប្រព្រឹត្តដោយស្វាមីឬមិត្តប្រុសបង្កឡើងចំពោះស្រ្តី។ ហើយអត្រាអំពើហឹង្សាបុរសលើស្ត្រីនៅជប៉ុនមានការធ្លាក់ចុះពី ៣៣,២% ក្នុងឆ្នាំ ២០០៨ ៣២,៩% ក្នុងឆ្នាំ ២០១១ ចុះមកត្រឹម ៣១,៣% ក្នុងឆ្នាំ ២០១៧ ។

នៅពេលដែលជនរងគ្រោះត្រូវបានសួរថា ហេតុអ្វីបានជាពួកគេមិនរាយការណ៍ករណីរបស់ខ្លួនទៅប៉ូលីស ភាគច្រើន​បុរសនិយាយថាករណីអំពើហឹង្សាបែបនេះមិនធ្ងន់ធ្ងរដល់ថ្នាក់សុំជំនួយនោះទេ ខណៈដែលអ្នកខ្លះអះ​អាង​ថា​ពួក​គេក៏មានកំហុសដែរ។

សាស្ត្រាចារ្យ Makoto Watanabe នៃសាកលវិទ្យាល័យ Hokkaido Bunkyo បាននិយាយថា៖ “ករណីអំពើហិង្សាលើបុរស​កើត​ឡើង​ចំពោះប្តីប្រពន្ធអាយុចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ ភាគច្រើនកើតឡើងចំពោះគ្រួសារជីវភាពមធ្យម។ នៅ​ពេល​ដែល​ថវិកា​​គ្រួសារ​ធ្លាក់ចុះ ស្រ្តីយល់ថាកំហុសមកពីប្តី” ។

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះយ៉ាងខ្លាំងក៏រួមចំណែកលើអារម្មណ៍មិនល្អរបស់ស្រ្តីផងដែរ។ ពួកគេលែងមានអារម្មណ៍ចំពោះ​​​អាពាហ៍​​ពិពាហ៍​​ដែល​បណ្តាលអោយប្រើអំពើហឹង្សា និង​សម្លាប់​ប្ដី​របស់​ខ្លួន។

សាស្រ្តាចារ្យ Makoto Watanabe បានបន្ថែមថា “ភរិយាមានអារម្មណ៍ខកចិត្តក្នុងជីវិតរបស់ខ្លួន។ ពួកគេធ្លាប់សប្បាយ​រីករាយ ប៉ុន្តែជីវិតរបស់ពួកគេឥឡូវនេះលែងមានភាពរីករាយទៀត​ហើយ” ។

ដោយគំនិតដូចគ្នា សាស្ត្រាចារ្យ Tomoko Suga នៅសាកលវិទ្យាល័យ Rakuno Gakuen ហុកកៃដូ ដែលជាអ្នកស្រាវ​ជ្រាវ​ករណី​អំពើហិង្សាក្នុងគ្រួសាររយៈពេលពីរទស្សវត្សមកហើយនោះ បាននិយាយថាឥឡូវនេះបុរសជនជាតិជប៉ុនសុភាពជាងមុន។ ពួកគេសង្ឃឹមថានឹងទទួលបានជំនួយពីសង្គមនៅពេលត្រូវប្រពន្ធធ្វើបាប។ ទន្ទឹម​នឹង​នេះ ស្ត្រី​នៅ​តែ​បន្ត​តស៊ូ​ទាមទារ​សិទ្ធិ​នៅ​កន្លែង​ធ្វើការ និង​សមភាព​ក្នុង​សង្គម។

សាស្ត្រាចារ្យ Tomoko Suga បាននិយាយថា “សង្គមជប៉ុនបានផ្លាស់ប្តូរច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយុវជន​សព្វថ្ងៃមានភាពស្ងប់ស្ងាត់ និងសុភាពជាងពីមុន” ។

ការ​វាយ​តម្លៃ​នោះ​ស្របតាមជំនាន់ “យុវជនស៊ី​ស្មៅ” មានន័យថាបុរសលែងចាប់​អារម្មណ៍​នឹង​ការ​រួម​ភេទ។ ខណៈ​ដែល​ស្ត្រី​ជប៉ុន​នៅ​តែ​ក្រោក​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទាមទារ​សិទ្ធិ​ស្មើ​គ្នា​ក្នុង​សង្គម។ ចំណុចនេះផ្ទុយស្រឡះនឹងជប៉ុន​​​ក្រោយ​សង្គ្រាមលោកលើកទី ២ ដែលបុរសជប៉ុនភាគច្រើនមានការគោរពខ្លួនឯងខ្ពស់ មានមហិច្ឆតាកសាងសេដ្ឋកិច្ចជប៉ុនដែលរីកចម្រើន។

អ្នកស្រី Suga បាននិយាយថា “ខ្ញុំគិតថាធ្លាប់មានករណីស្រ្តីប្រើអំពើហិង្សាលើបុរស ប៉ុន្តែគ្មាននរណាម្នាក់ចង់រាយការណ៍ ព្រោះវាគួរអោយអាម៉ាស់ ហើយមិនមានជំនួយសម្រាប់ពួកគេដែរ” ។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: