ពន្យល់ពីមូលហេតុដែលឆ្មាស៊ីសាច់ត្រីតាមរយៈប្រវត្តិស្រលាញ់ឆ្មា​របស់​ប្រជាជនជប៉ុន

តើឆ្មាជប៉ុនចូលចិត្តត្រី?

នៅទីណាក៏អាចមាន ប៉ុន្តែពេលមើល Anime, Manga ឬរឿងភាគទូរទស្សន៍ជប៉ុន អ្នកតែងតែមើលឃើញទិដ្ឋភាពឆ្មាពាំត្រី។ តើអ្នកមានអារម្មណ៍ថា រូបភាពដូចជាខុសអ្វីម្យ៉ាងដែរទេ?

រូបភាព http://t-log.jp/2017/02/03/post-631/

តើឆ្មាសុីសាច់ត្រី?

សត្វឆ្មាក៏ដូចជាតោដែរ ជាប្រភេទសត្វសុីសាច់។

នៅពេលដែលមនុស្សចាប់ផ្តើមដាំគ្រាប់ធញ្ញជាតិ កណ្តុរតែងតែចេញមកបំផ្លាញដំណាំ ប៉ុន្តែដោយសារសត្វឆ្មាចាប់​សុី​កណ្តុរ​ទើបការខូចខាតត្រូវបានកាត់បន្ថយ។ គ្រួសារជាច្រើនចិញ្ចឹម​ឆ្មាដើម្បីចាប់កណ្តុរ សរុបទៅឆ្មាជាសត្វសុីសាច់។

ក្រៅពីនេះ ឆ្មាភាគច្រើនមិនចូលចិត្តទឹក ដូច្នេះកម្រឆ្មាទៅកន្លែងណាមានទឹកចាប់ត្រីណាស់។ ឆ្មារស់នៅមិន​ពឹង​លើ​សុីសាច់​ត្រី​ក្នុងធម្មជាតិនោះទេ។

ដូច្នេះតើទំនាក់ទំនងវាងឆ្មា និងត្រីនៅក្នុងប្រទេសជប៉ុនមកពីណា? នៅជប៉ុនអាហារវេចខ្ចប់ អាហារ​កំប៉ុង​សម្រាប់​ឆ្មា​​មាន​​ច្រើន​ប្រភេទធ្វើ​ពី​គ្រឿង​ផ្សំត្រី។

រូបភាព https://paypaymall.yahoo.co.jp/store/ehac/item/4549414140255-10/

ជាទូទៅគ្រឿងផ្សំអាហារទាំងនេះធ្វើពីត្រីធូណា ឬត្រីសារឌីនស មិនត្រឹម​តែឆ្មា សូម្បីតែមនុស្សក៏ចូលចិត្តហូបផង​ដែរ។ ក្រៅ​ពី​នេះ ​មាន​ត្រី Tai (Pagrus major) Striped bonito (ត្រីធូណា) និង Hotate ផងដែរ។

ហាក់ដូចជាទិដ្ឋភាពឆ្មាចូលចិត្តត្រីមកពីប្រទេសជប៉ុន។

តើហេតុ​អ្វីបានជាឆ្មាជប៉ុនចូលចិត្តស៊ីត្រី? មូលហេតុ​មកពីជនជាតិជប៉ុនចូលចិត្តត្រី។

ដើម្បីធ្វើការពន្យល់ឲ្យ​បានហ្មត់ចត់ សូមក្រឡេកមើលប្រវត្តិវិវត្តន៍របស់ឆ្មាជប៉ុន។

នៅប្រទេសអេហ្ស៊ីបបុរាណ ឆ្មាត្រូវគេចិញ្ចឹម​សម្រាប់ចាប់កណ្តុរ ហើយបានក្លាយជាសត្វចិញ្ចឹមដែលពេញនិយមក្នុងវិស័យ​កសិកម្ម។ ទោះជាយ៉ាងណា នៅជប៉ុនមានភាពខុសគ្នា ឆ្មាជប៉ុនមានប្រភពមកពីប្រទេសចិន ឆ្មាខ្លះមានប្រភព​មកពីឆ្មាព្រៃអាហ្វ្រិក និងឆ្មាដើមកំណើតតំបន់មជ្ឈិមបូព៌ាមកដល់ជប៉ុន ហើយត្រូវបានចិញ្ចឹមនៅក្នុងគ្រួសារ​អភិជន។

កាលសម័យនោះ ព្រះចៅអធិរាជ Uda ជាអ្នកស្រលាញ់ឆ្មា គាត់បានសរសេរកំណាព្យបែបនេះក្នុងពិធីបុណ្យអំណាន Waka របស់រាជវង្ស។

「愛其毛色之不類。餘猫猫皆淺黑色也。此獨深黑如墨。爲其形容惡似韓盧」

ច្បាប់ដើមជាអក្សរ Kanji ដូច្នេះ​ខ្ញុំ​អានមិនបាន ប៉ុន្តែប្រសិនបើប្រែមកជាភាសាសព្វថ្ងៃមានន័យថា៖

រោមឆ្មារបស់ខ្ញុំមានពណ៌កម្រ ឆ្មានៅស្រុកផ្សេងទៀតមានសម្បុរខ្មៅ  ចំណែកឯឆ្មារបស់ខ្ញុំមានពណ៌ខ្មៅរលោងស្អាត ដូចជាឆ្កែខ្មៅនៅប្រទេសជិតខាង។

សរុបទៅទម្លាប់បង្អួតឆ្មារបស់ជនជាតិជប៉ុនមានតាំងពីសម័យនោះ។ កាលពីសម័យមុនអ្នកដែលស្រលាញ់ឆ្មាមិនចាញ់មនុស្សសម័យនេះទេ បង្ហោះរូបថតឆ្មានៅលើបណ្តាញសង្គមរាល់ថ្ងៃ។ ក្រៅពីនេះពួកគេក៏ប្រើពាក្យពេចន៍ពណ៌នាឆ្មារបស់ខ្លួន ដូចជា “ដើរមិនបញ្ចេញសម្លេងប្រៀបបីដូចជានាគខ្មៅ ” ឬ “ឆ្មារបស់ខ្ញុំចាប់កណ្តុរលឿនជាងឆ្មាផ្សេងទៀត” ។

ទោះជាយ៉ាងណា ការចិញ្ចឹម​ឆ្មាកាលសម័យនោះមិនពេញនិយមប៉ុន្មានទេ ព្រោះឆ្មាជាប្រភេទសត្វសុីសាច់។ ប៉ុន្តែនៅចុង​សម័យ​សាមូរ៉ៃ ឈានចូលសម័យ​អេដូ មាន​ការ​ផ្លាស់ប្តូរផ្នត់គំនិតចំពោះការចិញ្ចឹម​ឆ្មាធ្វើជាសត្វចិញ្ចឹម។

កាលពីមុនឆ្មាពាក់ខ្សែកដូចជាសត្វ​ឆ្កែដែរ ប៉ុន្តែរឿងនេះបានផ្លាស់ប្តូរតាំងពីពេលលោកមេទ័ពម្នាក់ស្រឡាញ់​សត្វ​ខ្លាំងដាក់ចេញច្បាប់ “ស្រលាញ់សត្វ” ។ ច្បាប់នេះការពារសិទ្ធិរបស់ឆ្មា ដូច្នេះហាមឃាត់ពាក់ខ្សែកឲ្យ​ឆ្មា។ លទ្ធផលឆ្មារត់ពាសពេញផ្លូវ បង្កើតកូនឥតឈប់បណ្តាលឲ្យ​ចំនួនកើនឡើងយ៉ាងច្រើន។ នៅពេលនោះសូម្បី​តែឈ្មួញក៏អាចចិញ្ចឹម​ឆ្មាបានដែរ។

ម្យ៉ាងវិញទៀត ជនជាតិជប៉ុនសម័យនោះគ្មានទម្លាប់ទទួលទានសាច់ឡើយ ទន្ទឹមនឹងនេះឆ្មាមិនអាចរស់នៅដោយគ្មានប្រូតេអុីន​បាន​ទេ។ បើនិយាយពីប្រភពប្រូតេអុីនសម័យនោះបានមកពីត្រី។

ឆ្មាក្នុងស្រុកសុីចំណីដែលនៅសេសសល់ពីមនុស្ស រីឯឆ្មាអនាថាច្រើនទៅកំពង់ផែដើររកត្រីដែលធ្លាក់ពីកប៉ាល់ និងទូក​នេសាទ​ត្រី។ ចាប់តាំងពីពេលនោះទិដ្ឋភាពឆ្មាផ្សារភ្ជាប់ជាមួយនឹងសាច់ត្រី។

និយាយអញ្ចឹងនេះបើយោងតាម Shingon Buddhism (និកាយនៃព្រះពុទ្ធសាសនាជប៉ុន) ឆ្មា និងស្ត្រីត្រូវហាមឃាត់មិនឲ្យ​ចូលទៅក្នុងភ្នំ Koya ដែលជាកន្លែងបង្កើតនិកាយនេះទេ។

ហាមស្រ្តីព្រោះ​ស្រី​ស្អាត​នឹង​នាំ​មក​នូវ​គំនិត​តណ្ហា ធ្វើឲ្យ​អ្នកបួសពិបាកទប់អារម្មណ៍។ ចុះសត្វឆ្មាវិញ? មូលហេតុស្រដៀង​​គ្នា។

សាសនានេះជឿថាឆ្មាក៏ធ្វើឲ្យ​មានចំណង់នេះដែរ ព្រោះវាគួរឲ្យ​ស្រលាញ់ពេក។

ប៉ុន្តែឆ្កែបែរជាមិនត្រូវហាមឃាត់ មិនមែនឆ្កែមិនគួរឱ្យស្រលាញ់នោះទេ ព្រោះដោយសារតែ Kukai ដែលជាអ្នកបង្កើត​ភ្នំ Koya ត្រូវបានឆ្កែសមួយក្បាល​នាំ​ផ្លូវ ដូចជាអ្នកនាំផ្លូវដែលទេវតាបញ្ជូនមក។

ដូច្នេះឥឡូវនេះតើអ្នកយល់ពីមូលហេតុ​ឆ្មាជប៉ុនចូលចិត្តសុីសាច់ត្រីហើយឬនៅ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: