តើតួអង្គ Kochou Shinobu ក្នុងរឿង Kimetsu no Yaiba យកតាមរឿងបងប្អូនស្រី Shinobu សងសឹកឬ?

បន្តជោគជ័យដូចកាលពីឆ្នាំមុន Anime Kimetsu no Yaiba នៅតែមានប្រជាប្រិយភាពជាមួយនឹងរដូវកាលទី ២ ។ ក្នុងចំណោមតួអង្គដែលសំខាន់ៗមិន​អាច​រំលងតួអង្គសំខាន់មួយនោះទេ ជាតួអង្គស្រីដែលមានប្រជាប្រិយភាពបំផុតគឺ Kochou Shinobu ។

រូបភាព https://times.abema.tv/articles/-/8659259

ឪពុកម្តាយរបស់ Kochou Shinobu ត្រូវបិសាចសម្លាប់កាលនាងនៅតូច រីឯបងស្រីបន្ទាប់ពីចូលរួមក្រុមកម្ចាត់បិសាច​ក៏​ស្លាប់​ដែរ។ នាង​បន្ត​រស់​នៅ  និងរក្សាគំនិតសងសឹក។

ស្ថានភាពរបស់នារីម្នាក់នេះស្រដៀងនឹងតួអង្គក្នុងរឿងដែលតំណាលតៗគ្នានៅ  Miyagi ។ រឿង​នេះ​មាន​ឈ្មោះ​ថា​៖ Miyagino Shinobu-shimai no adauchi ។

តួអង្គក្នុងរឿងនេះគឺជាបងប្អូនស្រីស្រស់ស្អាតពីរនាក់កើតក្នុងគ្រួសារកសិករក្រីក្រនៅជនបទ។ បងស្រីឈ្មោះ Miyagino ចំណែកឯប្អូនស្រីឈ្មោះ Shinobu ។ ទោះបីម្តាយឈឺដេកលើគ្រែ គ្រួសារលំបាកខ្លាំង ប៉ុន្តែគ្រួសារបួននាក់​រស់​នៅ​ជា​មួយ​គ្នាយ៉ាងចុះសម្រុង និងសប្បាយរីករាយ។

នៅថ្ងៃមួយលោក​ឪពុក និង​បងប្អូន​ស្រី​ពីរ​នាក់ទៅកាត់ស្រូវនៅ​ស្រែ។ ដោយអចេតនាពួកគេធ្វើឲ្យ​ប្រឡាក់ភក់​លើ Hakama របស់គ្រូដាវលំដាប់កំពូលមានឈ្មោះថា Tanabe Shima ដែលដើរឆ្លងកាត់នោះ (Hakama គឺជាខោវែងដែល​សាមូរ៉ៃ​តែងតែពាក់)។ Tanabe ខឹងយ៉ាងខ្លាំង បើទោះបីជាកសិករ និងក្មេងស្រីទាំងពីរនាក់ឱនក្បាលសុំទោស សុំឲ្យ​​លើកលែងទោសក៏ដោយ ប៉ុន្តែសាមូរ៉ៃរូបនោះនៅតែដកដាវចាក់លោកឪពុកស្លាប់។ ពេលនោះបងស្រីអាយុទើប​​តែ ១១ ឆ្នាំ ចំណែកប្អូនស្រីអាយុ ៨ ឆ្នាំមិនដឹងធ្វើម៉េចបានតែយំរហូតសន្លប់។

ព្រោះតែទុក្ខសោកអ្នកម្តាយបន្ទាប់ពីបាត់បង់ប្តីក៏លាចាកទៅ  បន្សល់ទុកបងប្អូនស្រីទាំងពីរនាក់។ គំនុំសម្លាប់​ឪពុក​ម្តាយ​នេះធ្វើឲ្យ​ពួក​គេ​ទាំង​ពីរ​តាំង​ចិត្ត​សង​សឹក ប៉ុន្តែសត្រូវជាសាមូរ៉ៃ ខណៈដែលក្មេងទាំងពីរមិនមានអាវុធ​ក្នុង​​ដៃ​​សោះ។

ពួកគេទាំងពីរសម្រេចលក់​ផ្ទះ​ដែល​ផ្ទុក​នូវ​អនុស្សាវរីយ៍​កាល​ដែល​គ្រួសារ​នៅមាន​សុភមង្គល​ជាមួយ​គ្នា យក​ប្រាក់​ធ្វើដំណើរទៅអេដូដើម្បីជួបគ្រូដាវម្នាក់មានឈ្មោះថា Yui Shousetsu ។ ដំបូងឡើយគ្រូដាវមិនទទួលយកទេ ប៉ុន្តែរំភើបចិត្តដោយសារចិត្តស្មោះ តាំងចិត្តមិនចុះចាញ់ទោះជាត្រូវបដិសេធជាច្រើនដង នៅទីបំផុត Yui Shousetsu ក៏ទទួល​យកបង​ប្អូន​ស្រីទាំងពីរ។ បន្ទាប់ពីហ្វឹកហាត់បង្ហូរឈាមអស់រយៈពេល ៣ ឆ្នាំ នៅទីបំផុតពេលវេលាសង​សឹក​បាន​មក​​ដល់​ហើយ។

នៅសម័យនោះមានច្បាប់មួយហៅថា 仇討ち (Adauchi) មានន័យថាអនុញ្ញាតឲ្យ​បបួលប្រកួតនឹងនរណាម្នាក់ដែលមានគំនុំសម្លាប់ឪពុកម្តាយ ប៉ុន្តែច្បាប់នេះអនុញ្ញាតក្នុងត្រកូលសាមូរ៉ៃប៉ុណ្ណោះ ដែលមានន័យថាក្មេងស្រីពីរ​ចង់សងសឹកត្រូវក្លាយជាឧក្រិដ្ឋជន។ នៅពេលដែល Tanabe ត្រូវបបួលប្រកួតហាក់ដូចជាមើលងាយ ដូច្នេះ​គាត់​ក៏​យល់​ព្រម សង្វៀន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រាសាទ​មួយ។

ពាក្យ​ចចាមអារ៉ាម​នៃ​ការ​ប្រយុទ្ធ​​ត្រូវបានមហាជននិយាយតៗគ្នា ដូច្នេះមនុស្សជាច្រើននាំគ្នាមកមើល។

ចាប់ផ្តើមការប្រកួតប្អូនស្រី Shinobu កាន់ដាវវែងក្នុងដៃ សម្លឹងមើល Tanabe ដោយកែវភ្នែកមុតស្រួច។ បន្ទាប់​មក​បង​ស្រី Miyagino ចូល​ទៅ​ជិត​ជាមួយនឹងអាវុធកណ្តៀវច្រវ៉ាក់។

(កណ្តៀវច្រវ៉ាក់គឺជាអាវុធមួយចំហៀងជាកណ្តៀវ ម្ខាងទៀតជាច្រវាក់ដែលមានដុំទម្ងន់។ នៅពេលប្រយុទ្ធបោះ​ដុំ​ទម្ងន់ ប្រើច្រវ៉ាក់ចង រួចបោះកណ្តៀវច្រវ៉ាក់វាយប្រហារ)។

នៅពេលដែលដុំទម្ងន់រុំដៃរបស់ Tanabe ប្អូនស្រី Shinobu បានកាត់ដាច់ដៃសាមូរ៉ៃរូបនោះដោយប្រើដាវវែង។

មិនដឹងថាមកពី Tanabe មើលស្រាលសត្រូវ ឬដោយសារតែជំនាញដាវរបស់ពួកគេនោះទេ សាមូរ៉ៃរូបនោះ​ចាញ់ក្នុង​ដៃ​នារី​ក​សិករ​ទាំងពីរ។ ទោះបីជាពួកគេបានសងសឹកឲ្យ​ឪពុកម្តាយ ប៉ុន្តែសម្លាប់សាមូរ៉ៃមានទោសធ្ងន់ ដូច្នេះពួក​គេ​ត្រៀមខ្លួនចេញទៅទទួលខុសត្រូវ។ យ៉ាងណាមិញ តាមការណែនាំពីមហា​ជន​ដែលមើលឃើញការសងសឹកតាំង​ពី​ដើម​ដល់​ចប់ បងប្អូនស្រីទាំងពីរផ្លាស់ប្តូរគំនិត ជាចុងក្រោយកោរសក់ទៅបួស ជ្រកកោនព្រះពុទ្ធរហូតដល់ស្លាប់។

តាំងពីបុរាណកាល ទង្វើនៃការសងសឹកត្រូវគេចាត់ទុកជាកូនកតញូនៅជប៉ុន។ មិនត្រឹម​តែប៉ុណ្ណឹងប្រវត្តិរបស់បងប្អូនស្រីទាំងពីរមិនមែនជាអ្នកជំនាញប្រើដាវ ហើយក៏ជានារីផងនោះ ដូច្នេះរឿងនេះច្រើនប្រើជាប្រធានបទសម្រាប់​​​សិល្បៈ​​ជាច្រើនប្រភេទដូចជា 浄瑠璃 (ល្ខោនអាយ៉ង), 狂言 (កំប្លែង) រួមទាំង 浮世絵 (ukiyo-e, គំនូរចម្លាក់​ឈើ) ។ ល្បីល្បាញពី Aomori ដល់ Okinawa ហើយក៏មានបទចម្រៀងជាច្រើនត្រូវបានបំផុសគំនិតចេញពីរឿងនេះផងដែរ។

រយៈពេល ៤០០ ឆ្នាំបានកន្លងផុតទៅ  ប៉ុន្តែភាពទាក់ទាញនៃសាច់រឿងនៅតែមិនផ្លាស់ប្តូរ។ ទោះបីជាមិនប្រាកដ​ថា​តួអង្គ Kochou Shinobu យកគំរូតាមតួអង្គ Shinobu ក្នុងរឿងខាងលើឬអត់ទេ។ ច្បាស់ណាស់មានចំណុចស្រដៀង​គ្នា​ជា​ច្រើន ដូច្នេះអ្នកនិពន្ធអាចនឹងត្រូវបានបំផុសគំនិតតាមរឿងនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: