ដំណឹងល្អអាជីវកម្មជប៉ុនចំនួន ៤៨% នឹងដំឡើងប្រាក់ខែទោះបីជាមិនមានការលើកទឹកចិត្តពន្ធនៅចុងខែធ្នូនេះក៏ដោយ

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវឥណទានមួយបានឱ្យដឹងថា ស្ទើរពាក់កណ្តាលក្រុមហ៊ុនជប៉ុនគ្រោងនឹងដំឡើងប្រាក់ខែ ទោះបីជាមិនមានការលើកទឹកចិត្តពន្ធបន្ថែមដែលរដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យប្រើក្នុងឆ្នាំ​សារ​ពើពន្ធបន្ទាប់​ក៏​ដោយ។

ការស្ទង់មតិរបស់ Teikoku Databank បង្ហាញថា អ្នកគ្រប់គ្រងជាច្រើនសុខចិត្តដំឡើងប្រាក់ខែដើម្បីទាក់ទាញ និង​រក្សា​បុគ្គលិក​ក្នុងអំឡុងពេលខ្វះ​ខាត​ធនធានមនុស្ស និងចំនួនប្រជាជនចំណាស់កាន់តែច្រើនឡើង។ ទោះ​បីជា​ទស្សន​វិស័យសេដ្ឋកិច្ចនៅតែមិនទាន់ច្បាស់លាស់ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

ក្នុងការស្ទង់មតិដែលធ្វើឡើងនៅពាក់កណ្តាលខែវិច្ឆិកា Teikoku Databank បានលើកជាសំណួរអំពីបញ្ហាដំឡើងប្រាក់​ខែ​ក្នុងចំណោម ១,៦៥១ ក្រុមហ៊ុន ដែល ៩០% ជាក្រុមហ៊ុនខ្នាតមធ្យម។

លទ្ធផលវិជ្ជមាននៅពេលដែលចំនួន ៨០២ ក្រុមហ៊ុន (៤៨,៦%) បានឆ្លើយថានឹងដំឡើងប្រាក់ខែបុគ្គលិកដោយមិន​គិត​ពី​គោលនយោបាយកាត់បន្ថយពន្ធ។ ក្រុមហ៊ុន ៨,៥% បានអោយដឹងថានឹង​ដំឡើង​ប្រាក់​ឈ្នួល​ប្រសិន​បើ​ការ​លើក​ទឹក​ចិត្ត​ពន្ធ​​បើកទូលាយ ចំណែកឯ ២២,៣% និយាយថានឹងពិចារណាការដំឡើងប្រាក់ខែ។ ទាំងនេះមាន​ន័យ​ថា ៧៩,៤% នៃក្រុមហ៊ុនសរុប ១,៦៥១ ដែលបានស្ទង់មតិមានសញ្ញាវិជ្ជមានទាក់ទងនឹងការដំឡើងប្រាក់​ខែ។

គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច និងដៃគូសម្ព័ន្ធភាពថ្នាក់ក្រោមដែលជាគណបក្សនយោ​បាយ​អភិរក្សនិយម Komeito កំពុងពិចារណាពង្រីកប្រព័ន្ធបន្ធូរបន្ថយពន្ធដែលមានស្រាប់នៅក្នុងប្រទេស​ជប៉ុន ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឱ្យដំឡើងប្រាក់ឈ្នួល ជាផ្នែកមួយនៃកញ្ចប់កំណែទម្រង់ពន្ធសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ដែលចាប់ផ្តើមពីខែមេសា។

នៅក្រោមប្រព័ន្ធបច្ចុប្បន្ន ប្រសិនបើប្រាក់ខែរបស់និយោជិតថ្មីត្រូវបានដំឡើង ២% ធៀបនឹងឆ្នាំសារពើពន្ធមុន នោះ​ក្រុមហ៊ុនធំៗនឹងទទួលបានការកាត់ពន្ធសាជីវកម្មស្មើនឹង ១៥% នៃចំនួនទឹកប្រាក់ដែលត្រូវបង់។

បុគ្គលិកផ្នែក PR នៃក្រុមហ៊ុន Teikoku Databank ម្នាក់បាននិយាយថា “វិបត្តិ​ការងារ​បាន​បង្ហាញ​សញ្ញា​ថមថយ​ដោយសារ​ជំងឺរាតត្បាត​កូវីដ ១៩ ប៉ុន្តែវាធ្ងន់ធ្ងរឡើងវិញ។ ក្នុងអំឡុងពេលនេះ ការអូសទាញ និង​រក្សា​បុគ្គលិកបានក្លាយជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់អាជីវកម្មជាច្រើន” ។

តាំងពីពេលចូលកាន់តំណែងនៅដើមខែតុលា នាយករដ្ឋមន្ត្រី Kishida បានអោយដឹងថាលោកនឹងឆ្ពោះទៅរកការលើកទឹកចិត្តដំឡើងប្រាក់ឈ្នួលតាម​រយៈ​ការ​លើកទឹកចិត្តពន្ធ។ នៅចុងខែវិច្ឆិកា នាយករដ្ឋមន្ត្រីថ្មីសង្ឃឹមថាអាជីវកម្ម​ដែល​បានងើបឡើងវិញដូចមុនអាចដំឡើងប្រាក់ខែក្នុងកម្រិតជាង ៣% ។

គណៈរដ្ឋមន្ត្រីរំពឹងថានឹងអនុម័តកញ្ចប់កំណែទម្រង់ពន្ធនៅចុងខែធ្នូ ប្រសិនបើទទួលបានការយល់ព្រមពីសម្ព័ន្ធភាព​កាន់​អំណាច។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: