បន្ទប់ទឹកសាធារណៈនៅសម័យអេដូជាកន្លែងដែលបង្ហាញពីអំពើអនាចារ

នៅក្នុងភាសាជប៉ុន មានពាក្យពីរគឺ 銭湯 (Sento) និង 温泉 (Onsen) ពាក្យទាំងពីរសំដៅលើការងូតទឹកនៅខាងក្រៅ។ ថ្វីត្បិតតែ ទម្រង់ងូតទឹកទាំងពីរខុសគ្នា ប៉ុន្តែសរុបទៅប្រភេទទាំងពីរសុទ្ធតែងូតទឹករួមគ្នា មានន័យថា “អាក្រាត” នៅចំពោះមុខអ្នកមិនស្គាល់គ្នា។

ជនជាតិជប៉ុនចម្លែកណាស់មែនទេ?

ប្រសិនបើជាលើកដំបូង មិនត្រឹមតែជនបរទេសប៉ុណ្ណោះទេ សូម្បីតែជនជាតិជប៉ុនក៏មានការខ្មាស់អៀនដែរ ប៉ុន្តែ​បើ​ធ្លាប់ហើយងូតទឹកបែបនេះល្អបំផុត។

លើកនេះខ្ញុំចង់និយាយពីរឿងបន្ទប់ទឹកសាធារណៈនៅសម័យអេដូ។ កាលនោះជនជាតិអាមេរិកលើកដំបូងស្គាល់វប្បធម៌​ជប៉ុន ជាពេលដែលជប៉ុនយល់ព្រមបើកទ្វារ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ចំពោះ​ប្រព័ន្ធ​បន្ទប់ទឹក​សាធារណៈ។ ហើយមិនត្រឹមតែជនជាតិអាមេរិកប៉ុណ្ណោះទេ ខ្ញុំគិតថាប្រជាជនជប៉ុនសម័យឥឡូវបានឃើញប្រព័ន្ធ Sento កាលសម័យនោះក៏ភ្ញាក់ផ្អើលដែរ។

ក្រុងអេដូដែលជាទីក្រុងតូក្យូសព្វថ្ងៃនេះ ជាតំបន់ទីក្រុងដ៏ធំមួយនៅលើពិភពលោកមានប្រជាជនរស់នៅប្រមាណ ១ លាននាក់។ ថ្វីត្បិតតែ មិនមានទំហំធំ ប៉ុន្តែប្រជាជនរស់នៅកកកុញ ពិតណាស់គ្រួសារក្រីក្រគ្មានកន្លែងងូតទឹកនោះទេ។ ដោយសារស្ថានភាពនេះ Sento (បន្ទប់ទឹកសាធារណៈ) ត្រូវបានបង្កើតឡើងក្រោមទម្រង់ងូតទឹករួមគ្នារវាងបុរស និងស្ត្រី។ ទោះបីជាចូលអាងទឹករួមគ្នា ប៉ុន្តែបុរសត្រូវស្លៀកសំពត់ប៉ឹងដែលហៅគេថា Fundoshi ចំណែក​ឯ​ស្រ្តី​ស្លៀក Yumoji ជាកន្សែងរុំចង្កេះ។

អ្នកអាចមើលរូបភាពខាងក្រោម។

ស្ត្រី​ប្រើកន្សែងរុំពីចង្កេះ​ចុះ​ក្រោម ដូច្នេះនឹង​​មើល​ឃើញ​ដើម​ទ្រូង​។

លើសពីនេះ Sento សម័យនោះមិនត្រឹមតែជាកន្លែងសម្រាប់ងូតទឹកប៉ុណ្ណោះទេ ហើយថែមទាំងជាកន្លែងណាត់ជួបរបស់គូស្នេហ៍ផងដែរ។ ត្រង់ចំណុចនេះអាចឃើញពីរបៀបរស់នៅរបស់ប្រជាជនជប៉ុន។

នៅសម័យនោះមានកម្មករជាច្រើនមកពីតំបន់ផ្សេងៗចូលទីក្រុងអេដូដែលភាគច្រើនជាបុរស ដូច្នេះបង្កើតបាន​ជា​សមាមាត្រ​បុរស-ស្ត្រីដ៏ចម្លែកដូចនេះ ស្ត្រីម្នាក់ស្មើនឹងបុរស ១,៨ នាក់ បុរសមួយចំនួនគ្មានដៃគូ។ ចាប់តាំងពីពេល​នោះកើតមានករណីបៀតបៀនផ្លូវភេទ និងស្រ្តីរកសុីផ្លូវភេទផងដែរ។ រហូតមានករណីមួយចំនួនគ្រប់គ្រងទង្វើ​មិនបាន ដូច្នេះធ្វើនៅចំពោះមុខមនុស្សជាច្រើន។

ស្រីពេស្យានៅ Sento សម័យនោះគេហៅថា 湯女 (yu-onna) ។ ពួក​គេ​ដុសសម្អាតខ្លួនឲ្យភ្ញៀវ ហើយប្រព្រឹត្ត​ពេស្យា​ចារ​​នៅ​​​ចំពោះ​​​មុខ​​មនុស្ស​​ជា​ច្រើន។

ពិតជាមិននឹកស្មានដល់នោះទេ។

រហូតដល់ថ្នាក់នឹង Bakufu អេដូមិនអាចធ្វើព្រងើយបានទេ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលចេញបម្រាមហាមងូតទឹករួម ភ្ញៀវចាប់ផ្តើមជំទាស់យ៉ាងខ្លាំង។ ទោះបីជា​មិន​អាច​តវ៉ា​ដោយបើក​ចំហ ពួកគេធ្វើដោយសម្ងាត់។ ជាក់ស្តែងនៅខាងក្រៅបែងចែកកន្លែងបុរស ស្រ្តី ប៉ុន្តែ​ខាងក្នុង​នៅតែ “ងូតទឹក​រួមគ្នា” ដដែល។

មិន​ត្រឹម​តែ​ភ្ញៀវ​ប្រុសប៉ុណ្ណោះទេ សូម្បីតែភ្ញៀវ​ស្រី​ក៏​ចូល​ចិត្ត​ងូត​ទឹក​ជា​មួយ​គ្នា​ដែរ ដូច្នេះមិនមែនថាហាមគឺហាមបាន​នោះទេ។

ជាការពិតណាស់ ទម្រង់ងូតទឹកបែបនេះលែងមានទៀតហើយ ប៉ុន្តែពិតជាគួរឲ្យភ្ញាក់ផ្អើលដែលជប៉ុនធ្លាប់មានវប្បធម៌​ងូត​ទឹក​ដូច​នេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: