ណែនាំលម្អិតហាងមី Soba ឈរដែលអ្នកគួរតែភ្លក់ម្តងបើមានឳកាសទៅលេងជប៉ុន
នៅប្រទេសជប៉ុនបុគ្គលិកការិយាល័យហាក់ដូចជាមមាញឹកណាស់ ពួកគេរវល់ដល់ថ្នាក់គ្មានពេលទទួលទានអាហារថ្ងៃត្រង់។ អ្នកខ្លះទិញបាយប្រអប់អាហារថ្ងៃត្រង់ អង្គុយញ៉ាំផង ធ្វើការផង ហើយប្រសិនបើពួកគេមានការងារនៅខាងក្រៅក្រុមហ៊ុន សូម្បីតែពេលញ៉ាំបាយប្រអប់ក៏គ្មានដែរ។
ពេលនោះបុគ្គលិកការិយាល័យនឹងបរិភោគមី Soba ឈរដែលតែងតែមានលក់នៅស្ថានីយ៍រថភ្លើង។
ប្រសិនបើធ្លាប់ទៅជប៉ុន តើអ្នកធ្លាប់ឃើញហាងបែបនេះទេ?
រូបភាព https://notsushu.com/2017/11/14/post-21124/notsushu1/
សម្រាប់អ្នកដែលមិនធ្លាប់ញ៉ាំអាហារនៅទីនេះ ប្រាកដជាឃើញថាកន្លែងនេះចម្លែកបន្តិច ហើយមិនសូវចូលចិត្តប៉ុន្មានទេ។ ដូច្នេះជាដំបូងក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញអ្នកពីរបៀបញ៉ាំនៅហាងមី Soba ដូចនេះ។
ដំបូងអ្នកត្រូវទិញប័ណ្ណអាហារ។
រូបភាព https://livinginjapan.net/ja/2020/07/00336-ja/
ម៉ាសុីនលក់ប័ណ្ណអាហារដាក់នៅមុខឬខាងក្នុងហាងជិតច្រកចូល របៀបប្រើមានភាពងាយស្រួល ដោយអ្នកគ្រាន់តែចុចលើអាហារដែលញ៉ាំរួចបង់ប្រាក់។ ទោះជាយ៉ាងណាអ្នកគួរចំណាំជ្រើសរើសអាហារក្តៅឬត្រជាក់ ព្រោះម្ហូបដូចគ្នា ប៉ុន្តែមានក្តៅឬត្រជាក់។ អាស្រ័យតាមតំបន់មានកន្លែងខ្លះគ្មានម៉ាស៊ីនលក់ប័ណ្ណអាហារទេ។ ចំពោះករណីនេះអ្នកអាចបញ្ជាទិញផ្ទាល់ជាមួយបុគ្គលិក ពេលនោះបើជាជនបរទេសរឹតតែពិបាក។
ជំហានបន្ទាប់ប្រគល់ប័ណ្ណទៅអោយបុគ្គលិក ក្នុងករណីទិញប័ណ្ណក្នុងម៉ាសុីន។
អាស្រ័យលើហាង ហាងខ្លះប័ណ្ណអាហារដូចគ្នា អ្នកអាចទិញ Soba, Udon ប្រភេទក្តៅឬត្រជាក់។ ដូច្នេះប្រសិនបើបុគ្គលិកសួរមិនចាំបាច់ភ័យទេ អាចឆ្លើយតាមសម្រួល។
ក្នុងអំឡុងពេលរង់ចាំចម្អិនអាហារ សូមយកទឹកផឹកដោយខ្លួនឯង ព្រោះនេះជាប្រភេទ self- service (ធ្វើខ្លួនឯង)។
ម្ហូបចេញមកហើយ។
ពេលអាហាររួចរាល់ បុគ្គលិកនឹងហៅអ្នកមកយក។
នៅលើប័ណ្ណអាហារមានដាក់លេខ ដូច្នេះមានកន្លែងមួយចំនួនបុគ្គលិកហៅតាមលេខ កន្លែងខ្លះហៅឈ្មោះមុខម្ហូបតាមទម្រង់ “かけそばをお待ちのお客様” (kakesoba o omachi no okyakusama) – សូមអញ្ជើញភ្ញៀវដែលកំពុងរង់ចាំមុខម្ហូប Kakesoba (Kakesoba ដែលជាមី Soba ទឹកស៊ុបក្តៅ) ។
ដូច្នេះប្រសិនបើគេហៅ អ្នកទៅកាន់បញ្ជរយកអាហារ។
រយៈពេលរង់ចាំប្រហែល ២ ទៅ ៣ នាទី ក្នុងករណីញ៉ាំមីកញ្ចប់ក៏ត្រូវរង់ចាំប្រហែល ៣ នាទីដែរ ដូច្នេះអាចនិយាយបានថាហាងចម្អិនអាហារលឿនទាន់ចិត្ត។
នៅក្នុងរូបភាពអ្នកអាចឃើញថាគេមិនដាក់ចង្កឹះលើថាសទេ ដូច្នេះអ្នកអាចយកចង្កឹះដោយខ្លួនឯងនៅបញ្ជរឬតុបរិភោគអាហារ។
បន្ទាប់ពីញ៉ាំរួច ចូរដាក់ឈុតទាំងអស់ (រួមមានចាន កែវទឹក ចង្កឹះដាក់ក្នុងថាស) រួចដាក់នៅ 返却口 (Henkyaku-guchi) ។
តាមការប៉ាន់ស្មានជនជាតិជប៉ុនញ៉ាំមីមួយចាននេះចំណាយពេលតែ ៥ នាទីប៉ុណ្ណោះ។
ទទួលទានអាហារថ្ងៃត្រង់ចំណាយពេលប៉ុណ្ណឹង តើអាចចាត់ទុកថា “លឿន និងគ្រោះថ្នាក់ពេក” ទេ?
មនុស្សមួយចំនួនបែរជាគិតថាចម្អិនលឿនអញ្ចឹង តើអាចនឹងឆ្ងាញ់ទេ? ចំពោះចំណុចនេះ អ្នកមិនចាំបាច់បារម្ភឡើយ ខ្ញុំនឹងណែនាំហាង Soba ឈរដែលមានរស់ជាតិឆ្ងាញ់ អ្នកគួរតែទៅភ្លក់។
ស្ថានីយ៍ Tokyu Kamata Shibusoba
រូបភាព https://getnavi.jp/cuisine/66919/
ហាងមី Soba ឈរនៅស្ថានីយ៍នេះល្បីណាស់ ហើយនេះជាមុខម្ហូបដែលពេញនិយមបំផុតក្នុងម៉ឺនុយ ピリ辛ねぎそば (Piri kara negi soba) – soba ខ្ទឹមបារាំងហឹរល្មម។
មី Soba នេះប្រើទឹកជ្រលក់ពិសេសលាយបញ្ចូលគ្នារវាង 豆板醤 (ជាប្រភេទទឹកម្ទេសចិន) ស្ករ ទឹកស៊ីអុីវ Soba ជាដើម។ លើសពីនេះរសជាតិខ្ទឹមបារាំងគួបផ្សំជាមួយនឹងរសជាតិហឹរល្មមរបស់ទឹកជ្រលក់ បង្កើតបានជារសជាតិដ៏អស្ចារ្យ។ ក្រៅពីខ្ទឹមបារាំង លើចានមី Soba មានបន្ថែមសាច់សាសុីវ ដូច្នេះទោះបីបរិមាណមើលទៅតិចក៏មានអារម្មណ៍ថាឆ្អែតដែរ។
ស្ថានីយ៍ Odakyu Shinjuku, Hakone Soba Honjin
ហាងនេះល្បីណាស់ តាមការប៉ាន់ស្មានក្នុងមួយថ្ងៃមានភ្ញៀវចំនួន ២៦០០ នាក់។ ដើម្បីឆ្លើយតបទៅនឹងចំនួនអតិថិជនច្រើន ល្បឿនចម្អិនអាហាររបស់បុគ្គលិកនៅទីនេះក៏គួរអោយសរសើរដូចគ្នា។
ជាទូទៅហាងមានបុគ្គលិកតែ ១០ នាក់ប៉ុណ្ណោះ ដើម្បីបំពេញតម្រូវការការងារ ពួកគេបម្រើការបញ្ជាទិញក្នុងរយៈពេល ១០ វិនាទី គ្រាន់តែមើលចលនារបស់បុគ្គលិកក៏ឃើញថាជំនាញណាស់។
ខ្ញុំសូមណែនាំមុខម្ហូបនេះមានឈ្មោះថា Yamakake soba ។
នៅជុំវិញព្រះច័ន្ទ (ពងក្រួច) គឺជា “ពពក” ការតុបតែមុខម្ហូបទាក់ទាញភ្នែក រសជាតិស្រទន់ល្មម។
ស្ថានីយ៍ Abiko Yayoiken
ប្រហែលមើលទៅមិនដូច ប៉ុន្តែនេះជាហាងមី Soba ឈរមានរយៈពេល ៥០ ឆ្នាំមកហើយ។ មកដល់ទីនេះត្រូវតែភ្លក់ Soba Karaage (មាន់បំពង Soba) ។
ដោយសារតែទឹកស៊ុបនៅតំបន់ Kanto មានពណ៌រៀងខ្មៅ ដូច្នេះមើលភ្លាមដឹងថាចម្អិនតាមបែប Kanto ។ លើសពីនេះ Soba នៅតំបន់ Kanto សរសៃរមីមានលក្ខណៈធំ។
និយាយអញ្ចឹង Soba ប្រហិតសាច់ត្រីចៀន (ちくわ天そば) ក៏ឆ្ងាញ់ដែរ។
ថ្វីត្បិតតែហាង Soba ឈរភាគច្រើននៅស្ថានីយ៍ ប៉ុន្តែនៅតាមផ្លូវក៏មានច្រើនណាស់ដែរ។
ដោយផ្ទាល់ខ្ញុំចូលចិត្តហាង Soba ឈរនៅខាងក្រៅច្រកត្រួតពិនិត្យសំបុត្រ 2F ស្ថានីយ៍ Shibuya ។ មី Soba នៅទីនេះមានជាឈុត Tendon ឆ្ងាញ់ពិសេស គួរអោយស្តាយ ដោយសារតែស្ថានីយ៍កំពុងជួសជុល ដូច្នេះមិនមានលក់នោះទេ។
បន្ទាប់ពីស្ថានីយ៍ជួសជុលរួច ខ្ញុំប្រាកដជាទៅទីនោះញ៉ាំមួយចាន។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៅហាងមី Soba ឈរ ក្នុងប្រទេសជប៉ុន។
Kengo Abe